Archive for the ‘ រឿងពិត ទេដឹង..? ’ Category

ស្នេហាមួយនោះ…

«ស្រឡាញ់មនុស្សម្នាក់ មិនចាំបាច់ទាល់តែបានគេជាសង្សារនោះទេ ត្រឹមឃើញក្តីសុខរបស់គេជាមួយមនុស្សដែលគេពេញចិត្ត យើងក៏សប្បាយចិត្តណាស់ហើយ»

ខ្ញុំតែងរំឮកប្រាប់ខ្លួនឯងជារឿយៗ ថាគេគ្រាន់តែជាមិត្ត…ប៉ុន្តែការពិតនៅតែជាការពិត ខ្ញុំមិនអាចលុបគេចេញពីការចងចាំបានទេ។

កាលបើយើងស្រឡាញ់នរណាម្នាក់ យើងតែងតែចង់ឲ្យគេស្រឡាញ់យើងតបវិញ។ ប៉ុន្តែបើក្នុងចិត្តគេមានមនុស្សម្នាក់ផ្សេងរួចទៅហើយ យើងក៏បានត្រឹមតែ ឈរ ស្ងៀមៗ ជាមិត្ត កំដរគេពេលដែលគេត្រូវការប៉ុណ្ណោះ។ ជាមិត្តមានអីមិនល្អ? យ៉ាងហោចណាស់ក៏បានជួបមុខគេរាល់ថ្ងៃ ក្បែរគេរាល់ថ្ងៃ គ្រាន់តែថា មិនមែនក្នុងនាមជាសង្សារ។

តើអាចនឹងមានថ្ងៃ ដែលគេមើលឃើញខ្ញុំ ស្រឡាញ់ខ្ញុំខ្លះដែរទេ? គ្មានទេមើលទៅ…គេជាមនុស្សល្អ មិនសមមកប្រឡាក់ប្រឡូកនឹងរឿងស្នេហាបែបនេះទេ…

ដឹងតើ! ថាក្តីស្រឡាញ់របស់គេ ប្រគល់ឲ្យអ្នកផ្សេង ខ្ញុំតែងតែនៅក្បែរគេ ជួយការងារគេ ធ្វើគ្រប់យ៉ាងដើម្បីសម្រួលការងារគេ មិនចង់ឃើញគេហត់ មិនចង់ឃើញគេឈឺ ប្រចណ្ឌ ខឹង អន់ចិត្ត…អ្វីៗបានត្រឹមតែលាក់ទុកក្នុងចិត្តប៉ុណ្ណោះ ព្រោះថាបើបង្ហាញចេញមក សូម្បីតែមិត្តក៏លែងបានធ្វើដែរ…

ពួកយើងនៅសល់ពេល ជួបគ្នា មិនប៉ុន្មានថ្ងៃទេ ហើយខ្ញុំគ្រាន់តែចង់តែចង់ចំណាយពេលដែលនៅសល់ នៅក្បែរគេ បង្ហាញនូវក្តីស្រឡាញ់ដែលខ្ញុំមាន ហើយក៏សង្ឃឹមថា គេនឹងគិតដល់ខ្ញុំខ្លះ ពេលដែលយើងលែងបានជួបគ្នា ទោះបើជាគេមិនដែលខ្វល់ពីខ្ញុំក៏ដោយ…

សួរថា គេមិនដែលខ្វល់ផង នៅស្រឡាញ់គេឬអត់? «ស្រឡាញ់! ស្រឡាញ់ខ្លាំង…»

ភាពអផ្សុកដែលមិនធ្លាប់មាន…

លើកទីមួយដែលខ្ញុំមានអារម្មណ៍ថា អផ្សុកបំផុត គឺ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១១។ កាលនោះ ខ្ញុំបែកពីគេថ្ងៃហ្នឹង ហើយក៏ចាប់ផ្តើមមានអារម្មណ៍ប្លែក…ភាពឈឺចាប់ដែលបានមកពីក្តីស្រឡាញ់ ក្តីសង្ឃឹមជឿជាក់ បែរក្លាយទៅជាកាំបិតដ៏មុតស្រួច ចាក់ដោតចូលក្នុងបេះដូងខ្ញុំ។ ជាលើកដំបូង ដែលបេះដូងរបស់ខ្ញុំទទួលដឹងការឈឺចាប់ម្យ៉ាង ដែលឈឺជាងពុះជ្រាកខ្លួនប្រាណទៅទៀត។ ស្នាមញញឹមដែលធ្លាប់តែចេញមកដោយក្តីស្រឡាញ់សុទិដ្ឋិនិយម បែរក្លាយជាស្នាមញញឹមសោះកក្រោះពេញដោយក្តីទុក្ខសោក… ចិត្តស្មោះដែលបានប្រគល់ឲ្យគេ គឺមិនអាចដកមកវិញបានឡើយ ទោះបីជាចិត្តស្មោះទាំងនោះ ត្រូវគេចោលទៅក្នុងធុងសម្រាមក៏ដោយ។

ចាំបានថា ថ្ងៃមួយនោះ គេបានធ្វើកំហុសមួយដោយអចេតនា គឺទៅជប់លៀងជាមួយមិត្តភក្តិ ហើយញ៉ាំស្រា ទាំងដែលដឹងហើយថាខ្ញុំស្អប់អ្នកញ៉ាំស្រា។ ខ្ញុំពិតជាខឹងគេខ្លាំងណាស់ ទោះបីជាគេពន្យល់យ៉ាងណាក៏មិនស្តាប់ រហូតដល់…គេ លុតជង្គង់មុខខ្ញុំហើយលើកដៃស្បថ «បងសុំទោស! បងសន្យាថា នឹងមិនមានលើកក្រោយទៀតទេ…ឈប់ខឹងបងទៅណា៎» កាលបើឃើញមនុស្សដែលខ្លួនស្រឡាញ់ធ្វើបែបនោះហើយ មិនថាគេឬខ្ញុំទេ តែងទន់ចិត្ត ព្រមអត់ទោសឲ្យជានិច្ច (នេះជាចំណុចខ្សោយរបស់មនុស្សស្រី)។ ខ្ញុំទទួលស្គាល់ ថាខ្ញុំស្រឡាញ់គេខ្លាំងពិតមែន ទោះបីជាជីវិត ក៏ហ៊ានប្តូរដើម្បីគេ មនុស្សប្រុសដែលខ្ញុំស្រឡាញ់…

មានថ្ងៃមួយនោះ ខ្ញុំនិងគេទៅទិញតុក្កតាជាមួយគ្នា…«មើលតុក្កតានេះចុះ ដូចពួកយើងដល់ហើយ..បង ចង់ឲ្យពួកយើងដូចតុក្កតានេះ» គេនិយាយដោយបង្ហាញខ្ញុំ ពីតុក្កតាខ្លាឃ្មុំ មួយគូក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍។ គេបានទិញ Pooh មួយ ឲ្យខ្ញុំ…ហើយវានៅជាមួយខ្ញុំ រហូតដល់ឥឡូវ…

«Pooh អើយ ប្រាប់ម្ចាស់ឯងទៅ ថាខ្ញុំស្រឡាញ់គេណាស់!!» រាល់ពេលដែលខ្ញុំឱប Pooh ប្រយោគមួយនេះ តែងផុសឡើងជានិច្ច…ការចងចាំរបស់ខ្ញុំ មានតែរូបគេ…

ព្រហ្មលិខិតនាំគេមកជួបខ្ញុំ ហេតុអីក៏បំបែកគេពីខ្ញុំ? ទាំងដែលដឹងហើយថា យើងទាំងពីរនាក់ស្រឡាញ់គ្នា? ឈុនលី អូនពិតជាស្រឡាញ់បងណាស់…

មុនពេលយើងបែកគ្នាមួយថ្ងៃ ខ្ញុំបានសួរគេថា «បើថ្ងៃមួយអូននឹងឃ្លាតពីបង តើបងគិតយ៉ាងណា? មិនមែនអូនលែងស្រឡាញ់ តែបើជាព្រេងវាសនា…» គេឆ្លើយតបមកវិញ ធ្វើឲ្យទឹកភ្នែកខ្ញុំស្រក់ចុះមក ស្ទើរទប់ខ្លួនមិននឹង «បើមានថ្ងៃនោះមែន បងនឹងចាប់អូន ឱបអូនឲ្យជាប់ក្នុងរង្វង់ដៃរបស់បង មិនឲ្យអូនទៅណាឡើយ…ហើយបើអូនដាច់ចិត្តចង់ទៅមែននោះ សម្លាប់បងសិនមុននឹងទៅ ព្រោះបងមិនអាចបើកភ្នែកឃើញមនុស្សដែលខ្លួនស្រឡាញ់ចាកចេញទៅចំពោះមុខបានឡើយ…» តែពេលនេះ បងក៏បានឃើញអូនចេញទៅហើយ ក៏មិនឃាត់អូនដែរ ព្រោះបងស្អប់អូន ស្អប់ជាងអ្វីៗទាំងអស់លើលោក…

ព្រហ្មលិខិត…អ្នកឃោឃៅណាស់!! អ្នកបានកិនបំបែកបេះដូងមនុស្សពីរនាក់ឲ្យទៅជាធូលី ក៏ធ្វើឲ្យមនុស្សពីរនាក់ត្រូវឈឺស្ទើរស្លាប់ ពេលដែលបាត់បង់មនុស្សខ្លួនស្រឡាញ់ស្មើកែវភ្នែក…

«បងហា៎ សន្យានឹងអូនបានទេ? មិនថាទោះជាមានរឿងអីកើតឡើងក៏ដោយ បងនឹងនៅក្បែរអូន ស្រឡាញ់អូនជារៀងរហូត?» «បាទ! បងសន្យា! បងនឹងនៅក្បែរអូន ស្រឡាញ់អូនជារៀងរហូត ដល់ថ្ងៃដែលបងលែងមានដង្ហើមដកតទៅទៀត…» តែពេលនេះ បងបានក្បត់ពាក្យសន្យារបស់បងហើយ…បងចាកចេញទៅដោយគ្មានពាក្យថា ស្តាយ អាណិតអូននោះឡើយ។ អូនមិនខឹងនឹងបងទេ ព្រោះនេះជាកំហុសរបស់អូន…

វិប្បដិសារី អ្នកជេរស្តីខ្ញុំរាល់ថ្ងៃមិនចេះហត់ទេឬអី? អ្នកមិនបានដឹងទេឬអីថា ចិត្តរបស់ខ្ញុំ បេះដូងរបស់ខ្ញុំ វាឈឺជាងអ្វីដែលអ្នកជេរខ្ញុំរាប់ពាន់លានដងទៅទៀត។ កាលដែលធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់ ចាកចេញទៅ ដោយកំហុសរបស់ខ្លួនផ្ទាល់ ដូចជាការសម្លាប់ខ្លួនដូច្នោះដែរ…

៦ខែមកនេះ ចិត្តរបស់ខ្ញុំមិនដែលប្រែប្រួលឡើយ…ស្នាមញញឹមដ៏ស្រស់ស្រាយខាងក្រៅ ថ្វីត្បិតតែអាចបិទបាំងភ្នែកអ្នកដទៃឲ្យមើលឃើញថាខ្ញុំសប្បាយចិត្ត តែខាងក្នុង ពេញដោយទឹកភ្នែករាប់លានតំណក់ កំពុងស្រក់ចុះជារៀងរាល់ថ្ងៃ…ឈុនលី តើបងនឹងវិលមកវិញ ជូតទឹកភ្នែកឲ្យអូនដូចកាលពីមុនដែរទេ…? អូនស្រឡាញ់បងណាស់…

ក្មេងតូច
១០ កក្កដា ២០១១
ម៉ោង១១ និង ១១នាទី 

ក្តីស្រឡាញ់របស់ប៉ាម៉ាក់…

មិនដឹងថា ប៉ាម៉ាក់របស់អ្នករាល់គ្នា បារម្ភ និង ស្រឡាញ់អ្នករាល់គ្នាប៉ុណ្ណានោះទេ តែពេលនេះ ខ្ញុំសូមបើកទំព័រជីវិតពិត រៀបរាប់សង្ខេបនូវក្តីស្រឡាញ់របស់លោកទាំងពីរ ដែលមានមកលើកូន (ព្រោះបើមិនសង្ខេប សរសេរមិនអស់ទេ ច្រើនណាស់)…

គិតចាប់ពីថ្ងៃដំបូងដែលខ្ញុំបានចាប់កំណើតក្នុងផ្ទៃរបស់ម៉ាក់ ម៉ាក់មានការលំបាកណាស់។ កាលនោះ គ្រួសាររបស់ខ្ញុំមិនមានជីវភាពធូរធារអ្វីនោះទេ រកព្រឹកខ្វះល្ងាច បានល្ងាចក៏ខ្វះព្រឹកវិញ…ប៉ាត្រូវចេញទៅធ្វើការខាងក្រៅដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព ចំណែកម៉ាក់ត្រូវធ្វើនំលក់។ បងប្អូនមិត្តអ្នកអានសាកល្បងធ្វើការស្រមៃមើលថា ស្រ្តីពោះធំម្នាក់ ធ្វើនំលក់តែម្នាក់ឯង ហត់នឿយប៉ុណ្ណា? ឆ្នាំធំៗ ហើយត្រូវឱនងើបៗទៀត។ ម៉ាក់ធ្វើការបែបហ្នឹងរហូត ទាល់តែខ្ញុំបានបើកភ្នែកឃើញពិភពលោក…

ថ្ងៃដំបូងនៃបវេសនាកាលរបស់ខ្ញុំ ម៉ាក់ខំលក់នំ ប្រមែប្រមូលលុយកាក់ស្ទើរទាំងអស់ ដើម្បីចុះឈ្មោះឲ្យខ្ញុំបានចូលរៀន (កាលសម័យនោះ ដើម្បីបានចូលរៀនត្រូវតែបង់លុយ) និង ទិញឯកសណ្ឋានមួយកំប្លេថ្មីឲ្យខ្ញុំ។ ម៉ាក់ញញឹមដោយក្តីស្រឡាញ់ហើយប្រាប់ថា «ខំរៀនណាកូន!»…

រហូតដល់ខ្ញុំអាយុប្រហែល ៩ឆ្នាំ លោកប៉ាបានយកប្រាក់សន្សំទាំងអស់ ទិញកូនកង់មួយឲ្យខ្ញុំ ថ្វីត្បិតតែកង់នោះមិនមែនជាកង់ថ្មី តែអ្វីដែលខ្ញុំពេញចិត្ត គឺក្តីស្រឡាញ់របស់ប៉ា…ប្រាក់ទាំងនេះ គាត់សន្សំយូរមកហើយ តែត្រូវបាត់បង់ទៅដើម្បីតែកូនប្រុសរបស់គាត់ម្នាក់នេះ…ខ្ញុំយំ ហើយនិយាយអរគុណប៉ា… ប៉ាប្រាប់ថា «ជិះកង់ប្រយ័ត្នប្រយែងណា៎កូន»…

ចាំបានថា ពេលខ្ញុំអាយុប្រហែល ១០ឆ្នាំ…មានអគ្គីភ័យមួយបានឆាបឆេះ លេបត្របាក់កូនផ្ទះតូច ដែលជាលំនៅស្ថានដ៏មនោរម្យរបស់ខ្ញុំទៅ ហើយបន្សល់ទុកនូវ ផេះផង់ និង ទឹកភ្នែករាប់រយតំណក់របស់ម៉ាក់…មែនហើយ! ពួកយើងក្រណាស់ ផ្ទះមួយខ្នងនេះ ជាទ្រព្យដែលលោកតាបានបន្សល់ទុក តែឥឡូវ វាឆាបឆេះអស់ទៅហើយ…ពេលនោះ ពួកយើងគ្មានទីជ្រកកោន ហើយក៏គ្មានអាហារបរិភោគដែរ…ចាំបានថាល្ងាចនោះ មានអ៊ំចាស់ម្នាក់បានឲ្យនំបុ័ងម៉ាក់ ២….នំត្រឹមតែពីរ តែមនុស្សមានបីនាក់ ម្យ៉ាងនំបុ័ង ធ្វើម្តេចនឹងអាចចម្អែតក្រពះឲ្យស្កប់ស្កល់ដូចជាបាយបានទៅ?? ម៉ាក់ បានឲ្យមួយទៅប៉ា ហើយមួយទៀតឲ្យមកខ្ញុំ…ម៉ាក់សុខចិត្តអត់ខ្លួនឯង ដើម្បីឲ្យកូនប្រុសរបស់គាត់បានឆ្អែត…

មានពេលមួយនោះ ខ្ញុំមានជម្ងឺគ្រុនឈាម។ ប៉ាម៉ាក់ភ័យណាស់ មិនដឹងធ្វើម៉េច ក៏នាំខ្ញុំទៅពេទ្យ ទោះបីជាគ្មានលុយជាប់ខ្លួនក៏ដោយ។ ដើម្បីជីវិតកូនប្រុសម្នាក់នេះ ប៉ាម៉ាក់បានទៅខ្ចីលុយគេជាច្រើន ហើយក៏ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់ទិញថ្នាំ និង បង់ថ្លៃពេទ្យផងដែរ…ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ាម៉ាក់ពុំដែលបានសម្រាកនោះទេ ពួកគាត់ធ្វើការរហូត…រហូតដល់ខ្ញុំចេញពីពេទ្យ ក៏ពួកគាត់នៅតែធ្វើការជាច្រើន ដើម្បីលោះបំណុល…

កូនសន្យា…កូននឹងកាន់សញ្ញាប័ត្រ និង ជោគជ័យក្នុងការសិក្សារបស់កូន យកជូនលោកទាំងពីរ នាពេលអនាគតខាងមុខនេះ…កូននឹងមិនឲ្យអ្នកទាំងពីរលំបាកទៀតនោះទេ កូននឹងខិតខំរៀន ហើយរកប្រាក់ឲ្យបានច្រើន ដើម្បីទំនុកបម្រុង និង តបស្នងសងគុណដ៏ធ្ងន់មិនអាចកាត់ថ្លៃបានរបស់អ្នកទាំងពីរ…

ខ្ញុំស្រឡាញ់ប៉ាម៉ាក់របស់ខ្ញុំ…ចុះអ្នកវិញ?

 

ភ្នំពេញ ថ្ងៃទី ០១ សីហា ២០១១

ក្មេងតូច

ស្នេហាមួយ…(រឿងពិត)

នៅជ្រុងមួយនៃវិថីជីវិតដ៏វែងអន្លាយនេះ ខ្ញុំកំពុងដើរម្នាក់ឯង…ខ្យល់បក់តិចៗ តែអាចនាំស្រទាប់ផ្កាសាគូរ៉ា ឲ្យរសាត់ទៅមក បានបក់កាត់ខ្ញុំ ដោយនាំក្លិនក្រអូបរបស់ផ្កា មកជាមួយផង…ជិតកន្លះឆ្នាំមកនេះ ខ្ញុំបានឃ្លាតឆ្ងាយពីមនុស្សម្នាក់…មនុស្សល្អដែលខ្ញុំស្រឡាញ់…

កូនភ្លៀងស្រិចៗ ស្រក់ចុះមក ថ្វីត្បិតតែភ្លៀងនោះមិនធំ តែដំបូលប្រក់សង្កសីរបស់ខ្ញុំ អាចបង្កើតជាសម្េលងដ៏ខ្លាំងបាន។ ខ្ញុំដែលរៀបនឹងគេងលក់ទៅហើយ ក៏ត្រូវភ្ញាក់មកវិញដោយសម្េលងទូរសព្ទ។ មិត្តសម្លាញ់របស់ខ្ញុំ LH បានខលមក ហើយប្រាប់ខ្ញុំថា គេកំពុងតែទាក់ទងជាមួយនឹងបុរសម្នាក់ដែលរស់នៅ កំពង់សោម។ ក្នុងនាមជាមិត្តម្នាក់ កាលបើបានលឺថាមិត្តមានសេចក្តីសុខជាមួយនឹងស្នេហារបស់គេ យើងក៏សប្បាយចិត្តដែរ។

ខ្ញុំឈ្មោះ KC ជាកូនប្រុសច្បងក្នុងគ្រួសារសាមញ្ញ និង សមរម្យមួយ ដែលមានលោកប៉ាជាសាស្រ្តាចារ្យ និង អ្នកម៉ាក់ជាមេផ្ទះ។ គ្រួសាររបស់ខ្ញុំ មានសមាជិក ៥នាក់ ដែលក្នុងនោះមានខ្ញុំ ប៉ា ម៉ាក់ និង ប្អុនស្រីខ្ញុំ ពីរនាក់ទៀត។ មែនហើយ! ខ្ញុំគឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ។ ដូចនេះហើយ ខ្ញុំទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេស និង ថែទាំយ៉ាងល្អ។ ប៉ុន្តែ ការយកចិត្តទុកដាក់យ៉ាងពិសេសនេះ បែរជាធ្វើឲ្យខ្ញុំមិនពេញចិត្តទៅវិញ។ ការដែលមិនឲ្យដើរលេងទៅណា ត្រូវទៅរៀន ចេញពីរៀនមកផ្ទះ…ហាមដើរលេង ហាមសេពគប់ជាមួយមិត្តណាដែលអ្នកផ្ទះមិនស្គាល់ ហាមនេះ ហាមនោះ…ធ្វើឲ្យខ្ញុំគិតថា ខ្ញុំបាត់បង់សេរីភាព ហើយអ្វីដែលខ្ញុំចង់បានបំផុតនោះគឺ ឯករាជ្យភាព។

ដោយលោកប៉ារបស់ខ្ញុំជាសាស្រ្តាចារ្យផងនោះ ខ្ញុំទទួលការបណ្តុះបណ្តាល និងអប់រំ ល្អជាងក្មេងដទៃទៀត។ ជារៀងរាល់ថ្ងៃ ខ្ញុំសម្ងំនៅតែក្នុងបន្ទប់។ វាហាក់ដូចជាអផ្សុកសម្រាប់អ្នកគ្រប់គ្នា តែចំពោះខ្ញុំ វាគឺជារឿងសប្បាយជាងបានចេញទៅក្រៅទៀត។ ព្រះជាម្ចាស់ បង្កើតខ្ញុំមកឲ្យមានសម្លេងពីរ។ ហើយជារៀងរាល់ថ្ងៃ ខ្ញុំតែងប្រើសម្លេងរបស់ខ្ញុំ ដើម្បីលេងសើចកំដរអារម្មណ៍ ជាមួយអ្នកដទៃ…ហើយនោះ ក៏ជាផ្នែកដំបូងនៃសាច់រឿង…

ខ្ញុំមានមិត្តសម្លាញ់ពីរនាក់ គឺ LH​ និង ND។ ពួកគេសុទ្ធតែបានដឹងថា ខ្ញុំនេះមានសម្លេងពីរ។ ថ្ងៃមួយ LH ប្រាប់ខ្ញុំពីបុរសម្នាក់ដែលទើបនឹងស្គាល់គ្នាបានមួយរយៈពេលខ្លី តាមប្រព័ន្ធទូរសព្ទ។ នាងប្រាប់ខ្ញុំថា បុរសម្នាក់នោះឈ្មោះ AH រស់នៅឯកំពង់សោម ជាជាងដេរវាំងនន និង ជាបុគ្គលិកហាងលក់ម៉ូតូ។ AH ជាបុរសដែលមានសង្សារច្រើនតាមទូរសព្ទ ហើយខាងក្រៅក៏ប្រហែលជាមានច្រើនដែរ តែឥឡូវបានផ្តាច់ការទាក់ទងអស់ហើយ។ នាងបានបន្តថា សព្វថ្ងៃនាងកំពុងទាក់ទងជាមួយគេ ហើយក៏កំពុងឈានទៅរកសេចក្តីស្នេហាផងដែរ។ ដោយមិនចង់ឲ្យមិត្តត្រូវខូចចិត្ត ខ្ញុំបានសុំលេខ AH ពីនាង ហើយក៏ប្រាប់នាងថា ខ្ញុំនឹងពិសោធប្រុសម្នាក់នោះ។ ល្ងាចថ្ងៃដដែលនោះ ខ្ញុំបានខលទៅ AH ហើយប្រើស្ទីល ដដែលៗរបស់ខ្ញុំ គឺ «ច្រឡំលេខ»។ ជាការពិត ៨០% នៃមនុស្សប្រុស ដែលខ្ញុំប្រើស្ទីលនេះ មិនអាចគេចផុតពីដៃខ្ញុំបានឡើយ មិនមែនថាខ្ញុំពូកែទេ តែលឺមកថា សម្លេងរបស់ខ្ញុំពិរោះ។ ក្រោយពីខលទៅគេហើយ ខ្ញុំបានសួររក ចិត្រា (ទាំងដែលខ្ញុំមិនស្គាល់ថា ចិត្រាជានរណា)។ ហើយបន្ទាប់ពីនិយាយគ្នាប្រហែល ៥នាទី គេក៏សុំស្គាល់ខ្ញុំ ដោយហេតុថា «មាននិស្ស័យ»។ នោះហើយជានិស្ស័យរបស់មនុស្សប្រុស ដែលចាំតែបោកស្រីធ្វើជាល្បែងកម្សាន្តអារម្មណ៍របស់គេ។ តែចំពោះខ្ញុំ គឺគ្មានថ្ងៃភ្លាត់ស្នៀតទៅធ្លាក់ក្នុងអន្ទាក់ដែលខ្លួនឯងកំពុងរាយឲ្យគេនោះឡើយ។

ជារៀងរាល់ថ្ងៃ AH តែងខលមកខ្ញុំរហូត។ រយៈពេលត្រឹមតែពីរយប់ដែលពួកយើងស្គាល់គ្នា គេក៏សុំខ្ញុំធ្វើសង្សារ។ ក្នុងមួយថ្ងៃ គេខលមកខ្ញុំមិនតិចជាង ៥ដងនោះឡើង ដែលទង្វើបែបនេះ ធ្វើឲ្យមិត្តរបស់ខ្ញុំ LH មានការអន់ចិត្តជាខ្លាំង។ ព្រោះបើតាមខ្ញុំដឹង AH ជាប្រុសសង្ហារម្នាក់ ហើយមិត្តខ្ញុំម្នាក់នេះ បានស្គាល់គេមុន។ នាងប្រហែលជាខឹងខ្ញុំ ដែលអាចទាក់ទងមនុស្សប្រុសរបស់នាង តែសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់បង្ហាញឲ្យនាងឃើញថា ប្រុសម្នាក់នោះ មិនស្មោះត្រង់នឹងនាងឡើយ។ ថ្ងៃដដែលនោះ ខ្ញុំបាននិយាយលេងជាមួយនាងថា គ្មានប្រុសណាដែលខ្ញុំយកមិនបានឡើយ ព្រោះខ្ញុំអាចយកមនុស្សប្រុសរបស់នាងបាន ដោយប្រើពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ទោះបីជាខ្ញុំជាប្រុស តែសម្លេងស្រីរបស់ខ្ញុំ អាចធ្វើបានដោយងាយស្រួល។ នាងបានតបមកខ្ញុំថា មានមនុស្សម្នាក់ដែលខ្ញុំមិនអាចយកពីនាងបាន គឺបងប្រុសរបស់នាង ព្រោះថា បងប្រុសរបស់នាង ស្រឡាញ់មនុស្សស្រី ហើយក៏មានសង្សាររួចហើយដែរ មិនតែប៉ុណ្ណោះ គេក៏មានស្រីច្រើនតាមទូរសព្ទទៀតផង។ CHL ជាបងប្រុសរបស់ LH ដែលកំពុងរស់នៅកំពង់សោមដែរ។ ខ្ញុំបានប្រាប់នាងថា បើសិនជានាងខ្លាំង ឲ្យលេខរបស់ CHL មក ខ្ញុំនឹងចាត់ការក្នុងរយៈពេលតែពីរថ្ងៃ។

ខ្ញុំចាំបានថា ថ្ងៃទី ១០ ខែ ១០ ឆ្នាំ ២០១០ ខ្ញុំ និង ប្រុសម្នាក់ផ្សេងទៀត បានសម្រេចចិត្តធ្វើជាសង្សារហ្នឹងគ្នា។ មែន! ក្នុងកំឡុងពេលនោះ ខ្ញុំបានទាក់ទងប្រុស ២ នាក់ក្នុងពេលតែមួយ នោះគឺ AH ដែលបានរៀបរាប់ខាងលើ និង CR ដែលទើបតែរៀបរាប់នេះ។ ខ្ញុំដូចជាចាំថា ខ្ញុំស្គាល់ AH មុន  CR មួយអាទិត្យ។ ថ្វីត្បិតតែពួកយើងមិនដែលជួបគ្នា តែទំនាក់ទំនងតាមទូរសព្ទរបស់ពួកយើង បន្តការស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារពេលថ្ងៃខ្ញុំត្រូវទៅសាលា ខ្ញុំបានចំណាយពេលយប់សម្រាប់និយាយជាមួយពួកគេ។ កាតព្វកិច្ចរបស់ខ្ញុំ មានតែមួយគត់គឺ ធ្វើយ៉ាងណា មិនឲ្យរថភ្លើងបុកគ្នា។ ខ្ញុំបានចែកពេលឲ្យប្រុសពីរនាក់នោះ ដោយគិតចាប់ពីម៉ោង ៧ ដល់ ម៉ោង ៩កន្លះ ជាវេនរបស់ AH ចំណែកឯម៉ោង ៩កន្លះដល់ម៉ោង ១២ ជាវេនរបស់ CR។

នៅមានត…

ប្រលោមលោកនៃជីវិត…

ខ្ញុំមិននឹកស្មានថា ជីវិតរបស់មនុស្សដូចជាប្រលោមលោកសោះ។ តើអ្នកណាជាអ្នកនិពន្ធជីវិតខ្ញុំទៅ? ហេតុអីក៏ឲ្យខ្ញុំជួបរឿងដែលមិនគួរឲ្យជួបបែបនេះ?

ថ្ងៃនេះ គឺជាថ្ងៃដែលខ្ញុំត្រូវត្រឡប់មកផ្ទះវិញ។ ខ្ញុំមានអារម្មណ៍ថា បាត់បង់គ្រប់យ៉ាងនៅពេលដែលបោះជំហានចេញទីក្រុងមួយនោះ…អ្វីដែលអាចយកមកបាន មានត្រឹមតែសម្លៀកបំពាក់បន្តិចបន្តួចប៉ុណ្ណោះ តែបេះដូង និង ក្តីស្រឡាញ់ បានជ្រុះបាត់នៅផ្នែកមួយនៃទីនោះហើយ។ ខ្ញុំខំប្រឹងដើររក កន្លែងដែលធ្លាប់ទៅ ក្រែងលោបានឃើញវា តែមានក្មេងប្រុសម្នាក់បានប្រាប់ខ្ញុំថា របស់ដែលខ្ញុំជ្រុះកាលពីថ្ងៃមុននោះ ត្រូវបានមនុស្សម្នាក់រើសយកទៅបោះចោលនៅធុងសម្រាមហើយ ព្រោះវាជារបស់គ្មានប្រយោជន៍…..

ខ្ញុំបានមកដល់ផ្ទះនៅម៉ោង ២ៈ៣០នាទី។

« ម៉ាក់!! » ទឹកភ្នែករបស់ខ្ញុំហូរមក ពេលឃើញស្នាមញញឹមរបស់ម៉ាក់

« ម៉េចបានយំចឹងកូន? មានរឿងអីកើតឡើង? » ម៉ាក់សួរទាំងបារម្ភ ធ្វើឲ្យទឹកភ្នែកខ្ញុំកាន់តែស្រក់

« កូនសុំទោសណាម៉ាក់!! កូនបាន…… » ខ្ញុំរៀបរាប់រឿងដែលបានកើតឡើងទាំងអស់ ប្រាប់ដល់គាត់ មិនលើកលែងសូម្បីតែឆ្មារត់កាត់មុខ

« ម៉េចក៏យំចឹង? ប្រុសតូច (ម៉ាក់ហៅខ្ញុំចឹង) របស់ម៉ាក់មិនមែនជាក្មេងទន់ជ្រាយទេ!! ប្រុសតូចជាក្មេងចូលចិត្តញញឹម ជាង១០ឆ្នាំមកនេះ ម៉ាក់មិនដែលឃើញទឹកភ្នែករបស់កូនទេ តែថ្ងៃនេះ…»

« កុំយំអីកូន! ចាំអ្វីដែលម៉ាក់ធ្លាប់និយាយប្រាប់ទេ? គ្រប់បញ្ហាវាតែងតែមានដំណោះស្រាយ ទោះបីជាវាល្អ ឬ មិនល្អក៏ដោយ កូនត្រូវញញឹមទទួលវា..ញញឹមដើម្បីខ្លួនឯង និង ញញឹមដើម្បីអ្នកដទៃ »

« កូនមិនដែលភ្លេចទេ! ហើយកូនក៏បានយកពាក្យទាំងនេះទៅប្រាប់គេផ្សេងដែរ! តែកូនពិតជាមិនអាចទប់វាបានមែន…»

………………………

ថ្ងៃនោះ…សួនច្បារមុខវត្តបទុម…

«បានហើយ! ឲ្យវាចប់ត្រឹមនេះចុះ…រវាងយើងទាំងពីរនាក់ អ្វីដែលខ្ញុំធ្វើកន្លងមក គឺគ្រាន់តែជាការលេងសើចទេ » ខ្ញុំស្ទើរមិនជឿត្រចៀកខ្លួនឯង ដែលកំពុងតែលឺសម្តីទាំងនេះ…អ្វីកន្លងមកជាការលេងសើច? អ្វីដែលល្អជាងមួយឆ្នាំនេះ ជាការលេងសើច? មែនហើយ ខ្ញុំគិតខុសរហូតមក

ខ្ញុំមិននិយាយអ្វី តែក៏ដើរចេញពីទីនោះ…ទីនោះ? កន្លែងដែលខ្ញុំនិងគេជួបគ្នា កន្លែងដែលខ្ញុំនិងគេធ្លាប់ស្រឡាញ់គ្នា ហើយក៏ជាកន្លែងដែលខ្ញុំនិងគេបែកគ្នា ១ឆ្នាំហើយ….។

ខ្ញុំបានសន្យានឹងខ្លួនឯងថា មិនយំទៀតទេ តែទឹកភ្នែកហូរមក…ខ្ញុំក៏មិនជូត បណ្តោយឲ្យវាហូរមក ហូរមកកាន់តែច្រើនកាន់តែល្អ នឹងបានលាងឲ្យអស់នូវភាពទន់ជ្រាយរបស់ខ្ញុំ….

« អូនៗ!!! មកនេះ » ខ្ញុំស្រែកហៅក្មេងស្រីម្នាក់ ដែលកំពុងដើរលក់ផ្កាម្លិះ

« មួយភួងប៉ុន្មានដែរអូន? »ខ្ញុំយកដៃជូតទឹកភ្នែក ហើយសួរទៅកាន់នាង

« ចាស ២០០០រៀល »

« បងយកពីរភួងណា ^_^  ណេះ ៥០០០ មិនបាច់អាប់ទេ ទុកទិញនំញ៉ាំទៅណា»

« អរគុណច្រើនបង » នាងលើកដៃសំពះខ្ញុំយ៉ាងទន់ភ្លន់ ធ្វើឲ្យខ្ញុំស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះនឹកអាណិតនាងជាពន់ប្រមាណ ជាក្មេងស្រី ដើរលក់ផ្កាម្នាក់ឯងនាទីក្រុងដ៏ធំនេះ…

ខ្ញុំតាមសម្លឹងមើលនាងដើរចេញទៅដោយសំណួរជាច្រើនផុសចេញមក

« ហេតុអីក៏ខ្ញុំមានសំណាងជាងនាង? »

« តើជីវិតរបស់នាងទៅជាយ៉ាងណានៅថ្ងៃមុខ? »

« ហេតុអីក៏ជីវិតមនុស្សមិនដូចគ្នា? »

« ហេតុអីក៏តម្រូវឲ្យមានអ្នកក្រ អ្នកមាន? »

« តើអ្នកណាជាអ្នកតាក់តែងជីវិតរបស់មនុស្សទៅ? »…………

អារម្មណ៍ទាំងអស់ស្រាប់តែផុសឡើងនៅចំពោះមុខខ្ញុំ…

« សុំ៥០០មកអូន ទិញបាយហូប » ស្រ្តីវ័យកណ្តាលម្នាក់ កំពុងតែសំពះខ្ញុំ ដោយមានកូនតូចនៅក្នុងដៃ

« ណេះមីង! » ខ្ញុំដកលុយ ១០០០ និង ទឹកដោះគោមួយកំប៉ុង ដែលខ្ញុំគិតថាយកមកញ៉ាំ ចេញពី កាតាប ហុចទៅឲ្យគាត់

« ហើយទឹកដោះគោនេះ ទុកឲ្យអាអូនចុះណា »

« អរគុណច្រើន » គាត់លើកដៃសំពះខ្ញុំម្តងទៀត ហើយក៏ដើរចេញទៅ ជាមួយសម្លៀកបំពាក់ចាស់ៗ ប្រឡាក់សុទ្ធតែដី

« ចុះខ្ញុំ? ព្រោះតែរឿងស្នេហាតូចតាច ខ្ញុំថាខ្ញុំពិបាក? ចុះពួកគេ? ជីវិតដែលលំបាកដូចជាពួកគេ តើយ៉ាងម៉េចវិញ? ខ្ញុំសំណាងជាពួកគេឆ្ងាយណាស់ ដែលកើតមកមិនស្គាល់ភាពលំបាក មិនស្គាល់ភាព អត់ ឃ្លានដូចជាគេ តើខ្ញុំលំបាកអីទៅ? » ខ្ញុំគិតហើយ ក៏ងើបចេញពីកៅអី……

បន្ទាយមានជ័យ ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១០

ក្មេងតូច

សំណួរដែលខ្ញុំឆ្ងល់ចង់សួរពេលនេះគឺ «តើនរណាជាអ្នកនិពន្ធប្រលោមលោកនៃជីវិតមួយនេះ? ……..

តើវាចៃដន្យមែនទេ?…

តើវាចៃដន្យដែរទេ បើសិនជាខ្ញុំនិយាយថា « ខ្ញុំបានជួបមនុស្សដែលខ្ញុំស្រឡាញ់ នៅថ្ងៃដែលគេមិនចង់ជួបខ្ញុំ? » ចម្លើយគឺ « មែនហើយ! គ្រាន់តែជាការចៃដន្យ តែអ្វីដែលមិនចៃដន្យនោះ គឺ ខ្ញុំស្រឡាញ់គេ »…

នោះគឺជាថ្ងៃដែលខ្ញុំមានអារម្មណ៍មិនល្អបំផុត…ខ្ញុំចាប់ផ្តើមខ្លាច ទាំងដែលមិនដឹងថាខ្ញុំខ្លាចអ្វី។ ក្នុងមួយឆាកជីវិតនេះ អ្វីដែលខ្ញុំខ្លាចបំផុតគឺ «ការបែកគ្នា» ហើយខ្ញុំក៏មិនយល់ដែរថា ហេតុអីបានជាមនុស្សយើងចាំបាច់ត្រូវតែបែកគ្នា? បើគង់តែបែកដដែល ចាំបាច់ជួបគ្នាធ្វើអី? វានឹងមិនបាច់ឈឺចាប់ផង។

ខ្ញុំមិនដឹងថា វាកើតឡើងនៅពេលណាទេ តែវាបានកើតឡើងទាំងដែលខ្ញុំមិនបានត្រៀមទុកជាមុន។ ខ្ញុំដឹងថាវាមិនសម ហើយខ្ញុំក៏ដឹងដែរថា វាមិនអាចទៅរួច គ្រាន់តែចង់សុំទោស បើសិនជាខ្ញុំ ជាចំណែកមួយក្នុងការរំខានជីវិតរបស់អ្នក។ មានមនុស្សម្នាក់ធ្លាប់ប្រាប់ខ្ញុំថា «បើស្រឡាញ់ ត្រូវហ៊ានសារភាព » មែន! តែវាពិបាកណាស់ក្នុងការសារភាព។ ខ្ញុំដឹងថា អ្វីៗកើតឡើងឆាប់រហ័សពេក ហើយខ្ញុំក៏ដឹងថា អ្នកមិនដែលមានខ្ញុំក្នុងកែវភ្នែកម្តងណាឡើយ តែហេតុអីខ្ញុំនៅតែកុហកខ្លួនឯង? សុំម្យ៉ាងបានទេ? បើមិនស្រឡាញ់ សូមកុំអាណិត ព្រោះខ្ញុំមិនចង់ឲ្យអ្នកនៅក្បែរខ្ញុំដោយសារតែពាក្យថា «អាណិត» នោះឡើយ។ វាគ្រប់គ្រាន់ហើយ សម្រាប់មនុស្សគ្មានតម្លៃដូចខ្ញុំ។ ត្រឹមបានអ្នកញញឹមដាក់ គឺវាគ្រប់គ្រាន់ហើយ។ ខ្ញុំបានព្យាយាមធ្វើចិត្ត ព្យាយាមបំភ្លេចអ្នក ហើយខ្ញុំក៏គិតថាធ្វើបាន បើសិនជាមិនបានជួបអ្នកម្តងទៀត នៅថ្ងៃនោះ…

រយៈពេលជាងមួយអាទិត្យដែលខ្ញុំខំធ្វើចិត្ត រយៈពេលជាងមួយអាទិត្យដែលខ្ញុំប្រឹងញញឹម និង រយៈពេលជាងមួយអាទិត្យដែលខ្ញុំភ្លេចអ្នក ត្រូវបំផ្លាញខ្ទេចខ្ទីនៅពេលដែល អ្នកញញឹមដាក់ខ្ញុំ។ អ្នកដឹងទេ? ស្នាមញញឹមមិត្តភាពដែលអ្នកឲ្យមកខ្ញុំ ប្រៀបដូចជាម្ជុលមួយ ដោតចូលបេះដូងខ្ញុំបន្តិចម្តងៗ…វាឈឺណាស់ តើអ្នកដឹងទេ? ខ្ញុំដឹងថា អ្នកព្យាយាមធ្វើឲ្យសម្ពន្ធភាពពួកយើងនៅត្រឹមជាមិត្ត ខ្ញុំដឹងថាអ្នកគិតខ្ញុំត្រឹមជាមិត្ត ហើយខ្ញុំក៏ដឹងថា អ្នកគ្មានថ្ងៃស្រឡាញ់ខ្ញុំ ដូចនេះ សូមកុំឲ្យខ្ញុំឈឺជាងនេះទៀតអីណា៎ ខ្ញុំឈឺណាស់!! ឬក៏អ្នកគិតថា វាមិនទាន់គ្រប់គ្រាន់ទៀត? តើអ្នកចង់ឃើញទឹកភ្នែករបស់ខ្ញុំស្រក់នៅចំពោះមុខអ្នកមែនទេ? ប្រហែលជាមិនអាចទេ ព្រោះចិត្តរបស់ខ្ញុំកំពុងតែយំ ហើយវាក៏គ្មានទឹកភ្នែកសេសសល់នៅក្នុងភ្នែកទៀតដែរ ព្រោះវាបានហូរទៅក្នុងចិត្តអស់ហើយ។ ការដែលយំមិនចេញទឹកភ្នែកនោះ អ្នកដឹងទេថា វាពិបាកប៉ុណ្ណា? អ្នកប្រហែលជាមិនដឹងទេ ព្រោះអ្នកមិនមែនជាខ្ញុំ។ បើសិនជាអាច ខ្ញុំចង់ឲ្យអ្នកសាកធ្វើជាខ្ញុំមួយថ្ងៃមើល ថាតើអ្នកអាចញញឹម អាចសើច នៅចំពោះមុខអ្នកដទៃ ស្របពេលដែលកំពុងឈឺចាប់ ដូចខ្ញុំដែរឬទេ?

ខ្ញុំមិនខឹងនឹងអ្នកទេ ព្រោះខ្ញុំខ្លួនឯងដែលជាអ្នកខុស ខុសដែលស្រឡាញ់អ្នក ខុសដែលគិតថាអ្នកក៏ស្រឡាញ់ខ្ញុំ…ឲ្យខ្ញុំសុំទោសផងណា៎!! ខ្ញុំនឹងព្យាយាម កាត់ចិត្តពីអ្នក។ ពេលនេះ ខ្ញុំគ្រាន់តែចង់បាន ការបដិសេធពីអ្នក…និយាយមក ថាអ្នកមិនដែលមានចិត្តលើខ្ញុំម្តងណាឡើយ…និយាយមកថា អ្នកស្អប់ខ្ញុំ…និយាយមកថា អ្នកមិនស្រឡាញ់ខ្ញុំ…កុំទុកឲ្យខ្ញុំនៅគិតម្នាក់ឯងទៀតអី ប្រាប់ខ្ញុំមក តើអ្នកគិតអ្វីជាមួយខ្ញុំ ដើម្បីឲ្យខ្ញុំបានធ្វើចិត្ត…

សំណេរមួយនេះ មិនមែនចង់ឲ្យអ្នកអាណិតខ្ញុំទេ គឺខ្ញុំគ្រាន់តែចង់ប្រាប់អ្នកពីអ្វីដែលមានក្នុងចិត្តខ្ញុំ។ សង្ឃឹមថា អ្នកនឹងអត់ទោសនូវកំហុសរបស់ខ្ញុំ…Sorry, I Love You…

ថ្ងៃ ពុធ ទី១៥ ខែកញ្ញា ឆ្នាំ ២០១០

ម៉ោង ១២:០០

ក្មេងតូច

រឿងពិតរបស់សម្លាញ់បីនាក់…

កាលពីព្រេងនាយ យូរលង់ណាស់មកហើយ មានមិត្តភក្តិសម្លាញ់ បីនាក់ គឺ ធីតា បុត្រា តុលា។ ពួកគេទាំងបីនាក់ គឺជាមិត្តភក្តិតាំងពីមត្តេយ្យសិក្សា រហូតដល់បច្ចុប្បន្ន។ ពួកគេមិនដែលខ្វល់ពីអ្វីឡើយ លេងជាមួយគ្នារបៀបជាក្មេង។ រឿងរ៉ាវដែលស្មុកស្មាញក៏ចាប់ផ្តើម នៅពេលដែលគេគ្រប់អាយុ ១៨ឆ្នាំ…

« តុលា! គ្នាស្រឡាញ់បុត្រាណា៎!! »

ប្រាវ!!!

កែវដែលតុលាកំពុងកាន់ បានធ្លាក់ចុះមក

« កើតអីហ្នឹងតុលា? » ធីតាស្លន់ស្លោពេលឃើញកែវបែក

« គឺ..គឺខ្ញុំមិនស្រួលខ្លួន ឯងជួយយកប្រអប់ថ្នាំឲ្យខ្ញុំបន្តិចបានទេ? » និយាយចប់ ធីតាក៏ប្រែខ្លួនចេញទៅយកថ្នាំ

« ហេតុអី…ហេតុអីក៏ឯង និង ខ្ញុំ ស្រឡាញ់មនុស្សតែម្នាក់? » តុលានិយាយតិចៗ ល្មមលឺតែខ្លួនគេ

…………………………

ខ្ញុំដើរចូលថ្នាក់បណ្តើរ គិតអ្វីដែលធីតានិយាយពីម្សិលមិញបណ្តើរ

« តូច! នេះទៅធ្វើអីមក បានជាមុខដូចខ្លាឃ្មុំផេនដាចឹង? » ឈ្មោះនេះ គឺមានតែ បុត្រាម្នាក់ទេដែលហៅខ្ញុំ

« គឺយប់មិញជាប់ភ្ញៀវពេញមួយយប់ » តាមពិតខ្ញុំរវល់គិតរឿងម្សិលមិញទេ

« ត្រា! តុលា! នៅនេះសោះ! ខំដើររកពេញមួយថ្ងៃ »

« តែខ្ញុំឃើញឯងទើបមកដល់សាលា មិនទាន់បាន៣០នាទីផង ^_^ » ត្រានិយាយចប់ យើងទាំងអស់គ្នា ក៏សើចគិលឡើង នេះហើយជាជីវិតក្មេងៗ សើចសប្បាយគ្រប់ពេល

« ពួកឯងនិយាយគ្នាចុះ ខ្ញុំទៅរកអីញ៉ាំសិន ឃ្លានណាស់ » ខ្ញុំព្យាយាមទុកពេលឲ្យគេទាំងពីរ នៅជាមួយគ្នា

« កើតអីហ្នឹងតូច? ធម្មតាឯងមិនមែនបែបនេះទេ » ក៏ព្រោះនេះមិនធម្មតាហ្នឹងណា

« គ្រាន់តែមានអារម្មណ៍ថាឃ្លានប៉ុណ្ណោះ » និយាយហើយ ខ្ញុំក៏ដើរចេញ

« ឈប់សិនតូច… » ត្រាចាប់ដៃខ្ញុំ « និយាយគ្នាឲ្យដឹងរឿងសិនមើល! » សុំទោសណាត្រា! ខ្ញុំបេះដៃគេចេញថ្នមៗ ហើយដើរចេញ។ គេមិនតាមខ្ញុំមកទេ ព្រោះមានធីតានៅទីនោះ។

ធីតាបានត្រឹមតែសប្បាយចិត្ត ព្រោះនាងក៏ចង់បានពេលវេលាតែពីរនាក់ ជាមួយបុរសដែលនាងស្រឡាញ់ដែរ តែនាងមិនបានដឹងទេថា បុរសដែលនាងស្រឡាញ់ កំពុងមានចិត្តបែបណា ចំពោះមិត្តសម្លាញ់របស់នាង។

ខ្ញុំដើរមកដល់មាត់ស្រៈរបស់សាលា។ ដោយសារម៉ោងនេះជាម៉ោងរៀនគួរ ទើបខ្ញុំអាចមិនចូលរៀនបាន។ ខ្ញុំស្រាប់តែនឹកឃើញភ្លាមនូវរឿងរ៉ាវដែលបានកើតឡើងនៅទីនេះ ដូចជាដាក់ទូរទស្សន៍ឲ្យមើលចឹង។ ថ្ងៃនោះ….

« តូច! ខ្ញុំស្រឡាញ់ឯង! » ត្រាចាប់ដៃខ្ញុំឲ្យស្ទាបបេះដូងរបស់គេ ដែលកំពុងលោតយ៉ាងញាប់

« ម៉េចនឹងអាចទៅរួចទៅ? យើងជាមិត្តនឹងគ្នាណា៎ »

« តែវាកើតរួចទៅហើយ។ ខ្ញុំដឹងថាឯងប្រាកដជាបដិសេធ តែសូមម្យ៉ាងបានទេ? កុំស្អប់ខ្ញុំអី » គេឱនមុខចុះ ដូចមនុស្សដឹងកំហុស។ ខ្ញុំលើកមុខគេឡើង ហើយអង្អែលថ្នមៗ

« ជាមិត្ត គឺល្អជាងណា » ខ្ញុំនិយាយហើយ ដើរចេញទៅដោយមិនខ្វល់ពីអារម្មណ៍គេ។ តាមពិតទៅ ខ្ញុំក៏ស្រឡាញ់ឯងដែរ តែខ្ញុំមិនចង់ឲ្យឯងខុសព្រោះតែខ្ញុំ។ ខ្ញុំមិនចង់ឲ្យឯងត្រូវអ្នកដទៃស្អប់ខ្ពើម មាក់ងាយរាល់ថ្ងៃនោះទេ ហើយខ្ញុំក៏មិនចង់បំផ្លាញអនាគតរបស់ឯងដោយដៃខ្ញុំផ្ទាល់ដែរ។ ឯងជាបុរសល្អម្នាក់ គឺសមនឹងនារីល្អម្នាក់ មិនមែនខ្ញុំទេ……

…………………………….

« ស្អែកជាថ្ងៃកំណើតត្រាហើយ។ តើខ្ញុំគួរទិញអីឲ្យគេហ្ន៎ តុក្កតាល្អទេ? ឬក៏ ខោអាវ? » ធីតាសួរខ្ញុំ

« ស្អីក៏បាន ឲ្យតែឯងពេញចិត្ត គេក៏ពេញចិត្តដែរ » ខ្ញុំឆ្លើយ

« ខ្ញុំគិតថា ខ្ញុំនឹងសារភាពស្នេហ៍គេនៅថ្ងៃនោះ ឯងគិតថាល្អដែរទេ? » នាងញញឹម ហាក់ដូចជាកំពុងស្រមៃទៅដល់ហេតុការថ្ងៃនោះ

« ល្អ..ល្អតើ! » ខ្ញុំសង្ឃឹមថាគេនឹងស្រឡាញ់ឯងវិញណា

…………………….

ថ្ងៃកំណើតរបស់បុត្រា គឺសាមញ្ញធម្មតាដូចឆ្នាំមុនៗដែរ គឺមានតែ ខ្ញុំ គេ និង ធីតាប៉ុណ្ណោះ។

« រីករាយថ្ងៃកំណើតត្រា! អឺម…ខ្ញុំស្រឡាញ់ត្រាណា៎! ធ្វើជាសង្សារខ្ញុំទៅ » ធីតាសារភាពទាំងអៀនៗ ពេលដែលហុចកាដូឲ្យត្រា

« …..O_O…… » ត្រាងាកមកខ្ញុំ ចង់ឲ្យខ្ញុំនិយាយអីទៅ មិនទេ ទោះជាខ្ញុំត្រូវឈឺ តែឲ្យខ្ញុំឈឺម្នាក់ឯង បានហើយ! មិនបាច់មកឈឺជាមួយខ្ញុំទេ

« ព្រមទៅត្រា! មិនបាច់ហត់ទៅរកឯណាឆ្ងាយផង ^_^ » ខ្ញុំប្រឹងញញឹម ទាំងដែលក្នុងចិត្ត ក្រៀមស្រពោន ដូចផ្កាគ្មានទឹក

« ខ្ញុំសុំពេលគិតសិនណា ធីតា »

« មិនបាច់គិតទេ! យើងស្គាល់គ្នា ជាង១០ឆ្នាំហើយ នេះឯងនៅមិនទាន់ស្គាល់ធីតាទៀតហេស? »

ខ្ញុំធ្វើជាលើកទូរស័ព្ទឡើង ទាំងដែលគ្មាននរណាតេរមកសោះ

« អាឡូ!! អូឃេ! ខ្ញុំទៅឥឡូវហើយ!! » ខ្ញុំផ្តាច់ទូរសព្ទហើយ និយាយទៅកាន់ពួកគេទាំងពីរ

« ខ្ញុំមានការ ត្រូវទៅផ្ទះមុនហើយណា។ រីករាយថ្ងៃកំណើតណាត្រា! ហើយក៏ជូនពរពួកឯងទាំងពីរ ឲ្យស្រឡាញ់គ្នារហូត »

« តូច…. 😦 »

ខ្ញុំក៏ដើរចេញទៅ ព្យយាមមិនឲ្យទឹកភ្នែកស្រក់មក តែធ្វើមិនបាន…សុំទោសណាត្រា យើងមិនអាចស្រឡាញ់គ្នាបានទេ ហើយខ្ញុំក៏មិនចង់ឲ្យធីតាត្រូវខូចចិត្តដែរ។ ខ្ញុំដឹង ឯងក៏ឈឺមិនចាញ់ខ្ញុំប៉ុន្មានដែរ តែខ្ញុំសង្ឃឹមថា ធីតាអាចព្យាបាលឯងបានណា។ ឈប់គិតពីខ្ញុំទៅ ហើយមើលឲ្យបានឆ្ងាយ អ្នកដែលសមនឹងឯង គឺធីតា មិនមែនខ្ញុំទេ….

ចប់ដោយសង្ខេប

មង្គលបូរី ថ្ងៃអង្គារ ទី ០៧ ខែកញ្ញា ឆ្នាំ ២០១០

ម៉ោង ១២ និង ៣០នាទី

ក្មេងតូច

ដោយសារតែមានបញ្ហាបច្ចេកទេស ទើបមិនអាចយករឿង «te quiero, ខ្ញុំស្រឡាញ់អ្នក» មកដាក់ជូនបាន។ ហេតុនេះហើយ ទើបខ្ញុំសរសេររឿងថ្មីនេះ ទាំងកណ្តាលយប់ យកមកឲ្យមើល។ កុំប្រកាន់អីណា…

ថ្ងៃនោះ…

ថ្ងៃមួយ…នៅសួនច្បារមុខវត្តបទុម……

«…មនុស្សយើង គ្មាននរណាម្នាក់ចង់បែបនោះទេ តែវាគ្មានផ្លូវជ្រើសរើស… »

ពួកយើងឈរមើលគេរាំមួយសន្ទុះ ហើយដើរចេញ…

« ចង់និយាយជាមួយគាត់អត់? » គេសួរខ្ញុំ

« អត់ហ៊ានទេ ខ្ញុំអត់ចេះអីផង ចូលទៅមុនទៅ ចាំខ្ញុំចូលទៅតាមក្រោយ » និយាយហើយ គេក៏ចូលទៅនិយាយជាមួយជនជាតិបារាំងម្នាក់នោះ ព្រោះគេចង់ Practice ភាសារបស់គេ (ទេដឹង?)

ខ្ញុំសឹងតែនឹងសើចឲ្យលឺៗ នៅពេលដែលបុរសជាតិបារាំងនោះ ធ្វើមុខឆ្ងល់នឹងវត្តមាន ពួកយើងទាំងពីរ។ ខ្ញុំបណ្តោយឲ្យគេនិយាយជាមួយ បុរសម្នាក់នោះតែម្នាក់ឯង មិនមែនថាខ្ញុំមិនចេះបារាំងទេ តែមានអារម្មណ៍ថាខ្លាច ដែលនៅសុខៗទៅនិយាយជាមួយគេ ទាំងដែលមិនដែលស្គាល់គ្នាសោះ ^_^ មួយសន្ទុះមក ទើបពួកយើងដើរចេញ ដោយមិនភ្លេចនិយាយលា បុរសជាតិបារាំងនោះដែរ។

« ម៉េចក៏ដឹងថាគាត់ជនជាតិបារាំង? » ខ្ញុំបើកសំនួរនៅពេលដែល ពួកយើងដើរចេញ មកមួយសន្ទុះ

« គឺឃើញគាត់នៅ CCF កាលពីល្ងាច… »

មែនហើយ!! មនុស្សយើង គ្មាននរណាចង់បែបនោះទេ តែវាគ្មានផ្លូវជ្រើសរើស…..

សុំទោស បើសិនជាសំណេរនេះប៉ះពាល់ដល់អារម្មណ៍របស់អ្នក……

៉្« te quiero, ខ្ញុំស្រឡាញ់អ្នក…»

នេះជារឿងថ្មីរបស់ខ្ញុំ ដែលទើបនឹងចាប់ផ្តើមសរសេរ។ ខ្ញុំគិតថាវានឹងធ្វើឲ្យអ្នកទាំងអស់គ្នា យល់នូវពាក្យថា «ស្តាយ»។

……..មុនពេលដែលខ្ញុំចាកចេញទៅ នាងបាននិយាយពាក្យមួយឃ្លានេះមកកាន់ខ្ញុំ «te quiero» ដែលនាងប្រាប់ខ្ញុំថា វាមានន័យ «លាហើយ»……..២ឆ្នាំមកនេះ នាងនៅទីណា?

បើចង់ជ្រាបច្បាស់ សូមកុំភ្លេច រងចាំទស្សនាទាំងអស់គ្នា :mrgreen:

សួស្តីរឿង «te quiero, ខ្ញុំស្រឡាញ់អ្នក…»

រើសផ្លូវបញ្ចប់ស្នេហ៍…?…Y_Y

បើតាមការចងចាំរបស់ខ្ញុំ កាលនោះខ្ញុំបានស្គាល់មនុស្សម្នាក់ឈ្មោះ រដ្ឋា (សុំទោស ម្តងទៀតបើប៉ះពាល់ ព្រោះគេឈ្មោះចឹងមែន)។ ខ្ញុំ និង រដ្ឋា បានស្គាល់គ្នាតាម ហាយហ្វាយ (hi5) ជាង ៥ខែតែប៉ុណ្ណោះ។ តែពួកយើងមានអនុស្សាវរីយជាច្រើនដែលមិនអាចបំភ្លេចបាន។ ខ្ញុំឈ្មោះ កាន! មិត្តអ្នកអានប្រហែលជាស្គាល់ហើយ ព្រោះមុខក្រាសជាច្រើនរឿងមកហើយ -_-! ចរិករបស់ខ្ញុំ គឺ មិនចូលចិត្តនិយាយស្តីរកមនុស្សប្លែកមុខ មួយទល់នឹងមួយ! តែបើលេង chat ជាមួយគ្នាបាន ^_^ ខ្ញុំមានចរិកគួរឲ្យស្អប់ គឺ វាយឬកណាស់! បើអ្នកណាមិនស្គាល់ច្បាស់ ថាខ្ញុំនេះ ឬកធំណាស់ តែបើស្គាល់ច្បាស់វិញ អូ៎ដូចកូនក្មេង 😛 ចូលមកសាច់រឿងយើងវិញ…

រដ្ឋា បានបបួលខ្ញុំទៅធ្វើដំណើរកម្សាន្តមួយនៅ ខែត្រសៀមរាប។ ដំណើរកម្សាន្តនោះ គឺ មានតែខ្ញុំ និង គេប៉ុណ្ណោះ។ គេប្រាប់ខ្ញុំថា គេមានពួកម៉ាកម្នាក់នៅទីនោះ ដោយដំណើរកម្សាន្តលើកនេះ គឺត្រូវស្នាក់នៅផ្ទះពួកម៉ាកគេនោះ។ ពួកយើងចេញដំណើរនៅម៉ោង ៨ៈ០០។ ទេសភាពនៅតាមផ្លូវពិតជាស្រស់ស្អាតណាស់ តែក្តៅបន្តិច។ ការជិះរថយន្តក្រុង ពីភ្នំពេញទៅសៀមរាប ចំណាយពេលអស់ ជាង ៦ម៉ោង ធ្វើឲ្យខ្ញុំអស់កម្លាំងជាខ្លាំង រហូតដល់ផ្តេកក្បាលលើស្មាគេ គឺដេកតាំងពី រថយន្តដល់កំពង់ធំមកម្ល៉េះ ^_^ ពេលមកដល់សៀមរាប ពួកម៉ាករបស់រដ្ឋាបានមកយក តែដោយឥវ៉ាន់ច្រើន ខ្ញុំសម្រេចចិត្តជិះម៉ូតូឌុបវិញ។ ផ្ទះរបស់ពួកម៉ាកគេ នៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនទេ គឺឆ្ងាយដាច់តែម្តង -_-! និយាយលេងទេ! ផ្ទះគេនៅចំកណ្តាលក្រុងម៉ង! គឺនៅផ្ទះល្វែង។ បន្ទាប់ពីទៅដល់ ខ្ញុំក៏បានដឹងថា ម្នាក់ហ្នឹងឈ្មោះ សប្តាហ៍ (ហិហិហិ 😀 ឈ្មោះសង្សារពួកម៉ាកខ្ញុំទេ តែខ្ចីប្រើសិន ព្រោះខ្ជិលដាក់ឈ្មោះពិត)។ បើតាមការវិភាគរបស់ខ្ញុំ សប្តាហ៍ និង រដ្ឋា សង្ហាម្យ៉ាងម្នាក់។ រដ្ឋា គឺសង្ហាបែបខ្មែរ ព្រោះគេមានសម្បុរសណ្តែកបាយ តែមាឌតូចបន្តិច ចំណែកឯ សប្តាហ៍វិញ គឺសង្ហាបែបតួកូរ៉េ ជាបុរសដែរ Perfect រាប់តាំងពីក្បាល ដល់ចុងជើង។ ផ្ទះនេះ មានតែសប្តាហ៍ ប៉ុណ្ណោះ! កាលពីមុនគេរស់នៅជាមួយម្តាយ តែម្តាយគេបានស្លាប់ ជាងមួយឆ្នាំមកហើយ ទើបគេរស់នៅម្នាក់ឯង។ ល្ងាចនេះ សប្តាហ៍ គិតចង់ប៉ាវ ខ្ញុំ និង រដ្ឋា ញាំ​ុបាយនៅហាងមួយ ដែលជា my favorite គឺ «សមភាព» នៅតាមបណ្តោយស្ទឹងសៀមរាប។ តែខ្ញុំនឹកចង់ធ្វើម្ហូបញាំ​ុនៅផ្ទះវិញ ហើយក៏សុំឲ្យសប្តាហ៍ជូនទៅផ្សារ! បង្ហាញស្នាដៃធ្វើម្ហូបម្តងមើល ^o^ ពួកយើងបានមកដល់ផ្សារមួយ ដែលមិនសូវជាធំប៉ុន្មានទេ ដូចជាឈ្មោះ ផ្សារលើ

« ចេះធ្វើម្ហូបដែរអី កាន? » សប្តាហ៍សួរខ្ញុំ

« ចេះតើ! ម្ហូបអីក៏ចេះធ្វើដែរ គ្រាន់តែថាញាំ​ុកើត ឬ អត់ប៉ុណ្ណោះ » គេសើច ហើយញីក្បាលខ្ញុំលេងមួយ! ខ្ញុំឆ្ងល់ណាស់! ម្នាក់ៗចូលចិត្តលេងក្បាលខ្ញុំម្ល៉េះ? រដ្ឋាក៏ចឹងដែល

« ធ្វើម្ហូបអីទៅ បើកានឯងអត់ចេះញាំ​ុបន្លែផងហ្នឹង? » រដ្ឋាសួរម្តង

« អត់ចេះញាំ​ុបន្លែតើ មិនមែនអត់ចេះធ្វើម្ហូបណា! ចុះអ្នកទាំង២ ចង់ញាំ​ុអីដែរល្ងាចនេះ? »

« សម្លម្ជូរគ្រឿង/សម្លម្ជូរយួន » រដ្ឋា និង សប្តាហ៍ឆ្លើយព្រមគ្នា តែខុសគ្នា

« សម្រេចថា ធ្វើម្ជូរគ្រឿង ឬ ម្ជូរយួន? ខ្ញុំនឹងអាលបានទៅទិញបន្លែ »

« សម្លម្ជូរគ្រឿង/សម្លម្ជូរយួន » ទៀតហើយ! ក្បាលរឹងណាស់ណ៎ អត់ចេះសម្របគ្នាសោះ

« ចឹងធ្វើទាំងពីរមុខតាម៉ងទៅ » ខ្ញុំនិយាយហើយ ដើរជ្រែកពួកគេចូលទិញបន្លែ

« អ៊ំ! ត្រីនេះមួយគីឡូប៉ុន្មាន? » ខ្ញុំសួរទៅអ៊ំអ្នកលក់ត្រី

« អ៎! អានេះ ១៥០០០៛ ក្មួយ! »

« ថ្លៃម្ល៉េះអ៊ំ! ១០០០០៛ បានហើយ! » ខ្ញុំតថ្លៃបណ្តើរ អា២នាក់នោះមើលមកខ្ញុំ ហើយញញឹមបណ្តើរ គិតអីវាចេះ

« អត់បានទេក្មួយ! ត្រីនេះមិនមែនត្រីចិញ្ចឹមទេណា! នៅស្រស់ល្អណាស់ » គឺថា ត្រីចិញ្ចឹម និង ត្រីស្រែ វារសជាតិខុសគ្នា ណាបងប្អូន

« ចឹង ១៣០០០៛ ទៅណាអ៊ំ! ខ្ញុំយក២! ខ្ចប់ឲ្យខ្ញុំម៉ោ ហើយធ្វើឲ្យខ្ញុំផងណា » គាត់ក៏ព្រម ហើយចាត់ការត្រីនោះយ៉ាងស្អាតហុចឲ្យខ្ញុំ ខ្ញុំក៏ឲ្យលុយគាត់ហើយហុចត្រីនោះទៅឲ្យ សប្តាហ៍កាន់

« បងត្រកួននេះលក់យ៉ាងម៉េច? » ខ្ញុំសួរទៅបងលក់ត្រកួន នៅតូបខាងនោះ

« ១បាច់៣០០៛ »

« ឲ្យខ្ញុំ ២ បាច់មក! ៥០០៛ បានហើយ! » ខ្ញុំតថ្លៃយ៉ាងជំនាញ ព្រោះធ្លាប់តោងម៉ាក់ទៅផ្សារ តាំងពីតូច ^_^ បន្ទាប់ពីបានបន្លែ និង គ្រឿងរបស់សម្លម្ជូរគ្រឿងហើយ ខ្ញុំចាត់ចែងទៅរក បន្លែម្ជូរយួនទៀត…

« ម្នាស់ ប៉េងប៉ោះ ជីគ្រប់មុខ ក្រអៅឈូក… គ្រប់អស់ហើយ! » ខ្ញុំរអ៊ូតិចៗ មើលទៅបុរសសង្ហា២នាក់ ដែលដូចជាអ្នកបម្រើចឹង! មើលចុះ កាន់ឥវ៉ាន់ពេញៗដៃតាម៉ង ^_^ សមមុខ! អ្នកណាឲ្យចង់ញាំ​ុ ម្ហូបខុសគ្នាធ្វើអី…

ក្រោយពីបានមកដល់ផ្ទះ ខ្ញុំក៏ចាប់ផ្តើមចូលផ្ទះបាយ តែបុរសសង្ហា២នាក់នោះ មិនព្រមទៅណាសោះ ថាចង់មើលខ្ញុំធ្វើ

« ឲ្យខ្ញុំជួយទេហ្នឹង? » រដ្ឋា សួរ

« មែនហើយ! មានអីឲ្យពួកខ្ញុំជួយទេហ្នឹង? » សប្តាហ៍សួរដែរ

« ពួកបង ចេញទៅក្រៅសិនទៅ! » ភ្លេចប្រាប់ទៅ ថាពួកគេ បងខ្ញុំ ប្រហែលជា ៤​ឬ៥ ឆ្នាំ បើហៅថា ឯងមិនសមទេណ៎

« ប្រាកដហើយឬ ថា មិនឲ្យពួកបងជួយ? »

« ចង់ជួយហ៎? »

« បាទ! » គេ និយាយព្រមគ្នា

« ចឹង ជួយចេញទៅក្រៅទៅ បានទេ? » ខ្ញុំញញឹមឌឺទៀត ^_^

ការចម្អិន ចំណាយអស់តែ ៣០នាទីប៉ុណ្ណោះ។ ក្លិនឈ្ងុយៗ ភាយចេញមកពីផ្ទះបាយ

« ឈ្ងុយដល់ហើយ កាន! ដាក់មកលឿនឡើង បងហេវហើយ! » ខ្ញុំរៀបចំម្ហូបដាក់ចាន ហើយដួសបាយឲ្យគេទាំងពីរ។ មួយសន្ទុះក្រោយ…

« ឆ្ងាញ់ដល់ហើយ កាន! » រដ្ឋា និយាយ

« មានសល់ទៀតទេ? បងសុំថែម! » ឃ្លាដំបូងរបស់រដ្ឋា ហើយ ឃ្លាចុងក្រោយរបស់សប្តាហ៍

« អស់ហើយ! អស់ទាំងបាយ អស់ទាំងម្ហូប! នេះពួកបងមិនទាន់ឆ្អែតទេឬ? » ក្រពះមនុស្ស ឬ មិនមែននៀក???

« ក៏ព្រោះ កានធ្វើម្ហូបឆ្ងាញ់ហ្នឹងណា! » សប្តាហ៍និយាយ

« មែនហើយ! ថ្វីដៃលំដាប់ផ្កាយ៥ ម៉ង កាន » រដ្ឋាបន្ថែម

« ចឹងចាំថ្ងៃស្អែកខ្ញុំធ្វើឲ្យញាំ​ុទៀត! ញាំ​ុឆ្អែតហើយ ទៅលាងចានទៅ! ខ្ញុំទៅគេងហើយ! »

………………………..

ថ្ងៃនេះ ពួកយើង មិនមែនពួកយើងទេ គឺ ខ្ញុំ!! ខ្ញុំចង់ទៅលេងប្រាសាទនា​នា។ ពួកយើងបានចំណាយពេលពេញមួយថ្ងៃ ទៅលេងប្រាសាទជាច្រើន…

« ហត់ណាស់! » ខ្ញុំទម្រេតខ្លួនទៅលើគ្រែ ពេលមកដល់បន្ទប់

« កាន! កាន! » ដូចជា រដ្ឋា ហៅខ្ញុំ

« ខ្ញុំងងុយគេងណាស់! បាយបាយ! »

« ពេលគេងលក់ចឹងទៅ គួរឲ្យស្រឡាញ់ណាស់ » ខ្ញុំលឺណា! តែខ្ញុំធ្វើពុតជាគេងលក់

« រដ្ឋា! » សប្តាហ៍ក៏ចូលមកដែរ

« ម៉េចបានជាឯងនៅទីនេះ? »

« គឺខ្ញុំមកមើលថា កានមានកើតអីឬអត់ ព្រោះឃើញគេអស់កម្លាំងណាស់ »

« ចឹងហេស? រដ្ឋា! យើងមានរឿងចង់ប្រាប់ឯង »

« រឿងអីទៅ? »

« គឺរឿងទាក់ទងនឹងកាន » ខ្ញុំរៀបនឹងគេងលក់ទៅហើយ​ តែក៏ត្រូវមិនគេង ព្រោះចង់ដឹងរឿង (អាចរិកចង់ដឹងរឿងគេឯង របស់ខ្ញុំនេះ មានកម្លាំងខ្លាំងណាស់)

« គឺខ្ញុំគិតថា ខ្ញុំ…ខ្ញុំស្រឡាញ់កាន! » ព្រះអើយព្រះ!!! ស្រឡាញ់ខ្ញុំផងអ្ហេស៎

« ឯងប្រហែលជាគិតថាខ្ញុំឆ្កួត តែខ្ញុំគិតច្បាស់ហើយ! ឯងក៏ដឹងថា ខ្ញុំកម្រស្រឡាញ់អ្នកណាណាស់ ហើយកាន គេមានគ្រប់អ្វីដែលខ្ញុំចង់បាន ខ្ញុំឃើញថាឯងជាមិត្តល្អរបស់គេ ខ្ញុំចង់ឲ្យឯងជួយខ្ញុំ »

« ប៉ុន្តែ ខ្ញុំក៏ស្រឡាញ់កានដែរ! » ហាស!ៗ!ៗ! មួយទៀតហើយ!!! 😥

« ចឹង…កានបានដឹងពីរឿងនេះទេ? »សប្តាហ៍សួរ

« អត់ទេ! ខ្ញុំមិនដែលប្រាប់គេទេ ព្រោះខ្លាចគេស្អប់ខ្ញុំ »

« យើងមកប្រជែងគ្នាទៅ ដោយយុត្តិធម៌! ចាំមើលថា អ្នកណាអាចគ្រងបេះដូងកានបាន? »

« អូឃេ! » និយាយចប់ រដ្ឋា ដើរមក ហើយថើបថ្ងាសខ្ញុំមួយ

« សុបិន្តល្អណាកាន! »

« រាត្រីសួស្តី! » សប្តាហ៍ ក៏មកថើបថ្ងាសខ្ញុំដែរ ហើយដណ្តប់ភួយឲ្យខ្ញុំ មុននឹងចេញទៅ

នៅមានត…

ដោយសាររឿងនេះវែងពេក ខ្ញុំសម្រេចចិត្តកាត់ជា២ ផ្នែក! ចំពោះវគ្គទី២ ខ្ញុំនឹងដាក់ជូន ២ថ្ងៃក្រោយ! មិត្តអ្នកអានណាដែលបានអាន សូមជួយវាចាម្នាក់មួយៗ ផងណា! អរគុណ!