សំបុត្រដែលមិនបានផ្ញើ

Connecticut, US
November 04, 2017
7:00pm

Dear #R,

គិតៗទៅប្រហែល ៤ ខែហើយដែលយើងបែកគ្នា, សុខសប្បាយទេ? ខ្ញុំឯណេះ សុខកាយ តែមិនធ្លាប់សប្បាយចិត្តម្តងណាឡើយ។ ថ្ងៃមិញ ខ្ញុំចូលមើល profile facebook របស់អ្នក, ហើយឃើញថា ទំនាក់ទំនងរវាងអ្នក និង ម្នាក់នោះ ដូចមិនសូវល្អសោះ។ តាមពិត ខ្ញុំគួរតែសប្បាយចិត្ត ព្រោះអ្នកត្រូវគេធ្វើបាប, តែខ្ញុំធ្វើមិនបាន។ ពេលឃើញអ្នកឈឺ, ខ្ញុំឈឺជាងអ្នកទ្វេដង។

អ្នកដឹងទេ? ខ្ញុំតូចចិត្ត ស្អប់ខ្លួនឯងណាស់។ កាលពីមុន ខ្ញុំព្យាយាមធ្វើគ្រប់យ៉ាងដើម្បី​ ទទួលបានក្តីស្រឡាញ់ ការព្រួយបារម្ភ ភាពកក់ក្តៅគ្រប់យ៉ាងពីអ្នក តែមានតិចណាស់ដែលអ្នកផ្តល់ឲ្យខ្ញុំ រហូតឈ្លោះគ្នាដោយសាររឿងហ្នឹងជាច្រើនដង។ ផ្ទុយទៅវិញ ពេលនេះ អ្វីទាំងអស់នោះ អ្នកបែរជាស្ម័គ្រ ប្រគល់ឲ្យអ្នកផ្សេងទៅវិញ។ យើងនៅជាមួយគ្នាបាន ៣ឆ្នាំ, មែនហើយ! ៣ឆ្នាំ! តែខ្ញុំមានអារម្មណ៍ថា ក្តីស្រឡាញ់ដែលអ្នកផ្តល់ឲ្យ មិនស្មើនឹង ម្នាក់ដែលអ្នកស្រឡាញ់ត្រឹម ៣ខែនេះទេ។ មែន, ខ្ញុំអន់ចិត្ត, អន់ចិត្តខ្លាំងទៀតផង។ អ្នកដឹងទេថាខ្ញុំឈឺខ្លាំងប៉ុណ្ណា ពេលឃើញមនុស្សខ្លួនស្រឡាញ់ ធ្វើល្អដាក់អ្នកផ្សេង? ខ្ញុំដឹងថា «អ្នកផ្សេង» ដែលខ្ញុំនិយាយនេះ មានឋាន:ជាសង្សារអ្នក តែខ្ញុំហាមខ្លួនឯងមិនឲ្យឈឺ មិនបាន។

ខ្ញុំដឹងថា រឿងយើងវាហួសអស់យូរហើយ ទោះជាខ្ញុំប្រឹង និយាយរៀបរាប់ ដល់ស្លាប់ខ្លួន ក៏អ្នកមិនត្រឡប់មកវិញដែរ។ ខ្ញុំគ្រាន់តែចង់ឲ្យអ្នកដឹងថា ក្តីស្រឡាញ់របស់ខ្ញុំដែលមានចំពោះអ្នក នៅមានដដែល ឬប្រហែលខ្លាំងជាងមុនក៏ថាបាន។ ខ្ញុំតែងទន្ទឹងរងចាំ អ្នកវិលមកវិញ ថ្វីបើខ្ញុំដឹងថា ក្តីសង្ឃឹមរបស់ខ្ញុំ ប្រៀបដូចជា ព្រះអាទិត្យដែលគ្មានថ្ងៃរះនៅទិសខាងលិច ក៏ខ្ញុំនៅតែរងចាំ, ព្រោះខ្ញុំស្រឡាញ់អ្នកអស់ពីខ្លួនហើយ គ្មានសេសសល់សូម្បីតែក្តីស្រឡាញ់សម្រាប់ខ្លួនឯង។

ខ្ញុំមិនច្បាស់ថា អ្នកនឹងឃើញសំបុត្រនេះ​ ឬអត់ទេ, តែខ្ញុំសង្ឃឹមថាអ្នកនឹងបានអានវា។ ខ្ញុំជូនពរ ឲ្យអ្នកមានក្តីសុខ សប្បាយចិត្តរាល់ថ្ងៃ ទោះជាមនុស្សដែលនៅក្បែរអ្នកពេលនេះ មិនមែនជាខ្ញុំ។ ជាចុងក្រោយ ខ្ញុំនៅតែនិយាយពាក្យដដែលៗថា «ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់! មិនថាឆ្ងាយប៉ុណ្ណា, មិនថាយូរប៉ុណ្ណា, ខ្ញុំនៅតែរងចាំអ្នកត្រឡប់មកវិញ។ ដើមឈើស្នេហ៍មួយនេះ មានតែអ្នកទេ ទើបអាចស្រោចស្រពឲ្យវា រស់រានវិញបាន។»

ពីខ្ញុំ #L

 

Advertisements

That should be me…

~ That should be me
The one who’s holding your hand
But our sweet memories vanish
Like footprints in the sand.
~ That should be me
Watching the fireworks with you
Yes, I know I’ve been replaced
It’ll never be the same like it once used to.
~ That should be me
The person whom you’re kissing
You look happier with her
But baby, I’m dying.

ក្មេងតូច
November 03, 2017
(9:35pm)

 

ធ្លាប់ទេ?

ធ្លាប់ទេ? ស្រឡាញ់នរណាម្នាក់ខ្លាំង ដល់ថ្នាក់គិតពីគេគ្រប់ពេល? កាលពី ៣ឆ្នាំមុន បើសិនខ្ញុំត្រូវបានគេសួរសំណួរបែបនេះ ខ្ញុំប្រាកដជាឆ្លើយថា «មិនធ្លាប់ទេ» តែពេលនេះ ចម្លើយបែរទៅជា «ធ្លាប់»…

ធ្លាប់ទេ? បែកគ្នារាប់ខែហើយ តែចិត្តនៅមិនដាច់អាល័យ? បេះដូងនៅតែនឹក ឯខួរក្បាលនៅតែគិត, ព្រួយ, ភ័យ, បារម្ភ គ្រប់បែបយ៉ាង ទាំងដែលគេកំពុងប្រើពេលជាមួយអ្នកផ្សេងយ៉ាងមានក្តីសុខ…

ធ្លាប់ទេ? ព្យាយាមធ្វើខ្លួនឲ្យរវល់ រកការងារធ្វើឲ្យច្រើន ដើម្បីបន្លប់ចិត្តកុំឲ្យនឹកគេ? តែពេលធ្វើរួចហើយ មិនទាន់ ៥នាទីស្រួលបួល ក៏នឹកគេវិញដដែល… មិនថារវល់យ៉ាងណា មិនថានៅជាមួយអ្នកណា មិនថាមនុស្សច្រើនប៉ុណ្ណា, គង់តែមានមួយវិនាទី ដែលបេះដូងក្បត់ ការតាំងចិត្តខ្លួនឯង ហើយលួចនឹកគេ…

ធ្លាប់ទេ? ព្យាយាមញញឹម បន្លប់ចិត្តដែលក្រៀមក្រំ ហើយតែប្រាប់គ្រប់គ្នាថា «ខ្ញុំមិនអីទេ»? ទោះទឹកភ្នែកហូរស្ទើររាល់ថ្ងៃ តែត្រូវ បង្ហាញ ស្នាមញញឹមក្លែងក្លាយ, ប្រឹង សើចញញឹម និយាយប្រាប់គេថា «អត់មានរឿងអីទេ, ខ្ញុំធម្មតាទេ» ព្រោះមិនចង់ឲ្យគេដឹងថា យើងទន់ជ្រាយ…

ធ្លាប់ទេ? ខួរក្បាលគិតរឿងអត់ប្រយោជន៍ បារម្ភ ខ្លាច ហួសហេតុ? ខ្លាចគេមានក្តីសុខជាមួយអ្នកដទៃ, ខ្លាចគេធ្វើរឿងល្អៗជាមួយអ្នកផ្សេង, ខ្លាចគេភ្លេចរឿងរ៉ាវដែលធ្លាប់សាងរួមគ្នា ទាំងដែលដឹងច្បាស់ថា ពេលនេះ អនុស្សាវរីយ៍រវាងគេ និង ម្នាក់ទៀត កំពុង លុបលើរឿងចាស់របស់យើងបន្តិចម្តងៗ…

ធ្លាប់ទេ? ខឹងខ្លួនឯង ស្អប់ខ្លួនឯង ព្រោះមិនល្អគ្រប់គ្រាន់ ឲ្យគេបន្តក្តីស្រឡាញ់បាន? មានពេលខ្លះនឹកស្តាយក្រោយ ថាកាលពីនៅមានឱកាស ហេតុអីមិនព្រមធ្វើបែបនេះ បែបនោះ, ហេតុអីមិនអាចជាមនុស្សល្អម្នាក់សម្រាប់គេ, ហេតុអីមិនអាចធ្វើឲ្យគេស្រឡាញ់បានយូរជាងនេះ…

ធ្លាប់ទេ? រងចាំគេត្រឡប់? កុហកខ្លួនឯងរាល់ថ្ងៃ ថាគង់មានពេលមួយ គេនឹងត្រឡប់មកវិញ… គង់មានវេលាមួយ គេនឹងយល់ពីក្តីស្រឡាញ់ និងការលះបង់ ដ៏ធំធេងរបស់យើង ហើយត្រឡប់មកសាងស្នេហ៍ដូចមុន ទាំងដែលដឹងថា គេកំពុងជាប់ចំណងជាមួយអ្នកថ្មី ហើយគ្មានថ្ងៃត្រឡប់…

ធ្លាប់ទេ? ប្រាប់ខ្លួនឯងថា ម្នាក់ឯងមិនស្លាប់ទេ, គ្មានគេក៏យើងអាចរស់បាន ដោយមានក្តីសុខ, ទាំងដែលការពិត ធ្វើមិនបាន…

ធ្លាប់ ឬ អត់?

King
Oct – 22 – 2017 (6:33pm)

សម្តែងរឿង ឬ​ សរសេររឿង?

មិត្តអ្នកអានម្នាក់ ឆាតមកសួរខ្ញុំថា ហេតុអីបានខ្ញុំចាប់ផ្តើមសរសេររឿង? ចម្លើយរបស់ខ្ញុំ អាចនឹងចម្លែកបន្តិច តែវាជាការពិត។ កាលពីខ្ញុំនៅក្មេង (ប្រហែល ១២ ឬ​ ១៣ឆ្នាំ) ខ្ញុំចង់ក្លាយជាតារាសម្តែងម្នាក់ (ទោះដឹងថាខ្លួនមុខអាក្រក់) ព្រោះថា គ្រប់ពេលដែលខ្ញុំមើលរឿងស្នេហា ខ្ញុំតែងចូលតួ ចូលអារម្មណ៍ ហើយក៏ស្រមៃថា​ ខ្លួនឯងជាតួអង្គ នៃរឿង។ កាលនោះ ខ្ញុំមិនដឹងថា ការថតកុន វាយ៉ាងម៉េចខ្លះ, ខ្ញុំគ្រាន់តែ ប្រាថ្នាមានមនុស្សម្នាក់ ផ្តល់ឲ្យខ្ញុំនូវ ក្តីស្រឡាញ់ស្មោះត្រង់ និង ផ្អែមល្ហែម ប៉ុណ្ណោះ។ ក្រោយមកទើបខ្ញុំដឹងថា ការសម្តែងមិនមែនជាអ្វីដែលខ្ញុំចង់បាន ពិតប្រាកដទេ ព្រោះទម្រាំបានមួយប្លង់ៗ ត្រូវថតច្រើនដង ខុសខ្លះ ត្រូវខ្លះ រួចហើយក៏ត្រូវយកមកកាត់ កែខៃជាច្រើនដង ទើបចេញជាខ្សែរឿងល្អមួយ។ អ្វីដែលខ្ញុំចង់បាន គឺ​ ជីវិត ដែលដូចទៅនឹងសាច់រឿង មិនមែនការថតកុនទេ។ ដូច្នេះហើយ ទើបខ្ញុំងាកមករក ការសរសេររឿងវិញ ព្រោះខ្ញុំអាចក្លាយជាតួឯក ហើយក៏អាច រៀបចំខ្សែជិវិត ទៅតាមការស្រមើលស្រមៃរបស់ខ្ញុំ។ ខ្ញុំគ្មានទេពកោសល្យប៉ុន្មានទេ តែខ្ញុំចូលចិត្តសរសេរ…

Life after love

ធ្លាប់ទេ បែកគ្នា ច្រើនខែដែរ តែធ្វើចិត្តមិនទាន់បាន?

សួស្តីមិត្តអ្នកអាន! បាត់មុខយូរហើយ នឹកខ្ញុំដែរទេបាទ? ប្រហែលភ្លេចខ្ញុំបាត់ហើយមើលទៅ…

សុំទោសដែលដើរចោលផ្ទះ រាប់ឆ្នាំបែបនេះ 😀 ការងារក៏ច្រើន​ ឯការសិក្សាក៏ឆ្ងាយ ហើយពិសេសនោះ ខ្ញុំដាក់ចិត្តកាយ ប្រាកដប្រជា សាងស្នេហា ជាមួយមនុស្សម្នាក់កាលពីចុងឆ្នាំ ២០១៤។ តាំងពីពេលនោះមក ប្រគល់ចិត្តកាយឲ្យគេអស់ គ្មាននឹកនា ដល់រឿងសរសេរអីទៀតទេ។ ប៉ុន្តែថ្ងៃនេះ ត្រឡប់មកផ្ទះវិញ ព្រោះទើបតែធូរស្រាល ពីវិបត្តិ។ ៣ឆ្នាំ សល់តែ អនុស្សាវរីយ៍…

មិត្តអ្នកអានដែលមាន Friend ជាមួយខ្ញុំក្នុង Facebook ប្រហែលជាដឹងហើយ ថា ប៉ុន្មានឆ្នាំនេះ មានរឿងអីខ្លះ… មិត្តអ្នកអាន ដែលមិនទាន់មាន Friend ជាមួយខ្ញុំ មិនបាច់មានក៏បាន…ហិហិហិ បើចង់មាន ក៏ Add ទៅណា… ខ្ញុំចាំ។

២ឆ្នាំចុងក្រោយនេះ ទុកថាជាឆ្នាំមាស ឆ្នាំពេជ្ររបស់ខ្ញុំ ព្រោះខ្ញុំប្រឡងជាប់ Exchange Program ច្រើនប្រទេសគួរសម ហើយក្រោយមក ក៏ជាប់ SSEAYP (The Ship of South East Asian and Japanese Youth Program) ហើយបន្ទាប់មកទៀត ក៏ជាប់​ អាហារូបករណ៍ មកបន្តសិក្សា នៅ សហរដ្ឋអាមេរិច, គឺថា ទើបមកដល់ស្រុក អាគាំងថ្មីៗនេះទេ។

រហូតមកទល់ពេលនេះ អារម្មណ៍ស្រឡាញ់ការសរសេរដូចមុន មិនទាន់មានទេ តែនឹងព្យាយាម ក្រែងបាន បញ្ចប់រឿងចាស់ ហើយថែមរឿងថ្មីខ្លះ…

ជួបគ្នាឆាប់ៗណា៎!

ស្នេហាមួយនោះ…

«ស្រឡាញ់មនុស្សម្នាក់ មិនចាំបាច់ទាល់តែបានគេជាសង្សារនោះទេ ត្រឹមឃើញក្តីសុខរបស់គេជាមួយមនុស្សដែលគេពេញចិត្ត យើងក៏សប្បាយចិត្តណាស់ហើយ»

ខ្ញុំតែងរំឮកប្រាប់ខ្លួនឯងជារឿយៗ ថាគេគ្រាន់តែជាមិត្ត…ប៉ុន្តែការពិតនៅតែជាការពិត ខ្ញុំមិនអាចលុបគេចេញពីការចងចាំបានទេ។

កាលបើយើងស្រឡាញ់នរណាម្នាក់ យើងតែងតែចង់ឲ្យគេស្រឡាញ់យើងតបវិញ។ ប៉ុន្តែបើក្នុងចិត្តគេមានមនុស្សម្នាក់ផ្សេងរួចទៅហើយ យើងក៏បានត្រឹមតែ ឈរ ស្ងៀមៗ ជាមិត្ត កំដរគេពេលដែលគេត្រូវការប៉ុណ្ណោះ។ ជាមិត្តមានអីមិនល្អ? យ៉ាងហោចណាស់ក៏បានជួបមុខគេរាល់ថ្ងៃ ក្បែរគេរាល់ថ្ងៃ គ្រាន់តែថា មិនមែនក្នុងនាមជាសង្សារ។

តើអាចនឹងមានថ្ងៃ ដែលគេមើលឃើញខ្ញុំ ស្រឡាញ់ខ្ញុំខ្លះដែរទេ? គ្មានទេមើលទៅ…គេជាមនុស្សល្អ មិនសមមកប្រឡាក់ប្រឡូកនឹងរឿងស្នេហាបែបនេះទេ…

ដឹងតើ! ថាក្តីស្រឡាញ់របស់គេ ប្រគល់ឲ្យអ្នកផ្សេង ខ្ញុំតែងតែនៅក្បែរគេ ជួយការងារគេ ធ្វើគ្រប់យ៉ាងដើម្បីសម្រួលការងារគេ មិនចង់ឃើញគេហត់ មិនចង់ឃើញគេឈឺ ប្រចណ្ឌ ខឹង អន់ចិត្ត…អ្វីៗបានត្រឹមតែលាក់ទុកក្នុងចិត្តប៉ុណ្ណោះ ព្រោះថាបើបង្ហាញចេញមក សូម្បីតែមិត្តក៏លែងបានធ្វើដែរ…

ពួកយើងនៅសល់ពេល ជួបគ្នា មិនប៉ុន្មានថ្ងៃទេ ហើយខ្ញុំគ្រាន់តែចង់តែចង់ចំណាយពេលដែលនៅសល់ នៅក្បែរគេ បង្ហាញនូវក្តីស្រឡាញ់ដែលខ្ញុំមាន ហើយក៏សង្ឃឹមថា គេនឹងគិតដល់ខ្ញុំខ្លះ ពេលដែលយើងលែងបានជួបគ្នា ទោះបើជាគេមិនដែលខ្វល់ពីខ្ញុំក៏ដោយ…

សួរថា គេមិនដែលខ្វល់ផង នៅស្រឡាញ់គេឬអត់? «ស្រឡាញ់! ស្រឡាញ់ខ្លាំង…»

បាត់មុខយូរហើយ…

សុខសប្បាយទេអ្នកទាំងអស់គ្នា? ចាំខ្ញុំបានទេ? ប្រហែលភ្លេចហើយមើលទៅ ព្រោះគ្មានស្អីគួរឲ្យចាំផង…ហិហិ…ចង់ប្រាប់ថា នឹកអ្នកទាំងអស់គ្នា…

ឥឡូវនេះ ខ្ញុំដូរអាជីពហើយ មិនសូវសរសេរដូចមុនទេ ទៅធ្វើគ្រូវិញ…ហាហាហា

បើសិនជាអ្នកណារៀននៅ SIS (Singapore International School) ប្រហែលបានឃើញខ្ញុំញឹកញាប់…

ប៉ុណ្ណឹងសិនហើយណា! បើទំនេរ នឹងមកលេងម្តងទៀត…