ភាពអផ្សុកដែលមិនធ្លាប់មាន…

លើកទីមួយដែលខ្ញុំមានអារម្មណ៍ថា អផ្សុកបំផុត គឺ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១១។ កាលនោះ ខ្ញុំបែកពីគេថ្ងៃហ្នឹង ហើយក៏ចាប់ផ្តើមមានអារម្មណ៍ប្លែក…ភាពឈឺចាប់ដែលបានមកពីក្តីស្រឡាញ់ ក្តីសង្ឃឹមជឿជាក់ បែរក្លាយទៅជាកាំបិតដ៏មុតស្រួច ចាក់ដោតចូលក្នុងបេះដូងខ្ញុំ។ ជាលើកដំបូង ដែលបេះដូងរបស់ខ្ញុំទទួលដឹងការឈឺចាប់ម្យ៉ាង ដែលឈឺជាងពុះជ្រាកខ្លួនប្រាណទៅទៀត។ ស្នាមញញឹមដែលធ្លាប់តែចេញមកដោយក្តីស្រឡាញ់សុទិដ្ឋិនិយម បែរក្លាយជាស្នាមញញឹមសោះកក្រោះពេញដោយក្តីទុក្ខសោក… ចិត្តស្មោះដែលបានប្រគល់ឲ្យគេ គឺមិនអាចដកមកវិញបានឡើយ ទោះបីជាចិត្តស្មោះទាំងនោះ ត្រូវគេចោលទៅក្នុងធុងសម្រាមក៏ដោយ។

ចាំបានថា ថ្ងៃមួយនោះ គេបានធ្វើកំហុសមួយដោយអចេតនា គឺទៅជប់លៀងជាមួយមិត្តភក្តិ ហើយញ៉ាំស្រា ទាំងដែលដឹងហើយថាខ្ញុំស្អប់អ្នកញ៉ាំស្រា។ ខ្ញុំពិតជាខឹងគេខ្លាំងណាស់ ទោះបីជាគេពន្យល់យ៉ាងណាក៏មិនស្តាប់ រហូតដល់…គេ លុតជង្គង់មុខខ្ញុំហើយលើកដៃស្បថ «បងសុំទោស! បងសន្យាថា នឹងមិនមានលើកក្រោយទៀតទេ…ឈប់ខឹងបងទៅណា៎» កាលបើឃើញមនុស្សដែលខ្លួនស្រឡាញ់ធ្វើបែបនោះហើយ មិនថាគេឬខ្ញុំទេ តែងទន់ចិត្ត ព្រមអត់ទោសឲ្យជានិច្ច (នេះជាចំណុចខ្សោយរបស់មនុស្សស្រី)។ ខ្ញុំទទួលស្គាល់ ថាខ្ញុំស្រឡាញ់គេខ្លាំងពិតមែន ទោះបីជាជីវិត ក៏ហ៊ានប្តូរដើម្បីគេ មនុស្សប្រុសដែលខ្ញុំស្រឡាញ់…

មានថ្ងៃមួយនោះ ខ្ញុំនិងគេទៅទិញតុក្កតាជាមួយគ្នា…«មើលតុក្កតានេះចុះ ដូចពួកយើងដល់ហើយ..បង ចង់ឲ្យពួកយើងដូចតុក្កតានេះ» គេនិយាយដោយបង្ហាញខ្ញុំ ពីតុក្កតាខ្លាឃ្មុំ មួយគូក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍។ គេបានទិញ Pooh មួយ ឲ្យខ្ញុំ…ហើយវានៅជាមួយខ្ញុំ រហូតដល់ឥឡូវ…

«Pooh អើយ ប្រាប់ម្ចាស់ឯងទៅ ថាខ្ញុំស្រឡាញ់គេណាស់!!» រាល់ពេលដែលខ្ញុំឱប Pooh ប្រយោគមួយនេះ តែងផុសឡើងជានិច្ច…ការចងចាំរបស់ខ្ញុំ មានតែរូបគេ…

ព្រហ្មលិខិតនាំគេមកជួបខ្ញុំ ហេតុអីក៏បំបែកគេពីខ្ញុំ? ទាំងដែលដឹងហើយថា យើងទាំងពីរនាក់ស្រឡាញ់គ្នា? ឈុនលី អូនពិតជាស្រឡាញ់បងណាស់…

មុនពេលយើងបែកគ្នាមួយថ្ងៃ ខ្ញុំបានសួរគេថា «បើថ្ងៃមួយអូននឹងឃ្លាតពីបង តើបងគិតយ៉ាងណា? មិនមែនអូនលែងស្រឡាញ់ តែបើជាព្រេងវាសនា…» គេឆ្លើយតបមកវិញ ធ្វើឲ្យទឹកភ្នែកខ្ញុំស្រក់ចុះមក ស្ទើរទប់ខ្លួនមិននឹង «បើមានថ្ងៃនោះមែន បងនឹងចាប់អូន ឱបអូនឲ្យជាប់ក្នុងរង្វង់ដៃរបស់បង មិនឲ្យអូនទៅណាឡើយ…ហើយបើអូនដាច់ចិត្តចង់ទៅមែននោះ សម្លាប់បងសិនមុននឹងទៅ ព្រោះបងមិនអាចបើកភ្នែកឃើញមនុស្សដែលខ្លួនស្រឡាញ់ចាកចេញទៅចំពោះមុខបានឡើយ…» តែពេលនេះ បងក៏បានឃើញអូនចេញទៅហើយ ក៏មិនឃាត់អូនដែរ ព្រោះបងស្អប់អូន ស្អប់ជាងអ្វីៗទាំងអស់លើលោក…

ព្រហ្មលិខិត…អ្នកឃោឃៅណាស់!! អ្នកបានកិនបំបែកបេះដូងមនុស្សពីរនាក់ឲ្យទៅជាធូលី ក៏ធ្វើឲ្យមនុស្សពីរនាក់ត្រូវឈឺស្ទើរស្លាប់ ពេលដែលបាត់បង់មនុស្សខ្លួនស្រឡាញ់ស្មើកែវភ្នែក…

«បងហា៎ សន្យានឹងអូនបានទេ? មិនថាទោះជាមានរឿងអីកើតឡើងក៏ដោយ បងនឹងនៅក្បែរអូន ស្រឡាញ់អូនជារៀងរហូត?» «បាទ! បងសន្យា! បងនឹងនៅក្បែរអូន ស្រឡាញ់អូនជារៀងរហូត ដល់ថ្ងៃដែលបងលែងមានដង្ហើមដកតទៅទៀត…» តែពេលនេះ បងបានក្បត់ពាក្យសន្យារបស់បងហើយ…បងចាកចេញទៅដោយគ្មានពាក្យថា ស្តាយ អាណិតអូននោះឡើយ។ អូនមិនខឹងនឹងបងទេ ព្រោះនេះជាកំហុសរបស់អូន…

វិប្បដិសារី អ្នកជេរស្តីខ្ញុំរាល់ថ្ងៃមិនចេះហត់ទេឬអី? អ្នកមិនបានដឹងទេឬអីថា ចិត្តរបស់ខ្ញុំ បេះដូងរបស់ខ្ញុំ វាឈឺជាងអ្វីដែលអ្នកជេរខ្ញុំរាប់ពាន់លានដងទៅទៀត។ កាលដែលធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់ ចាកចេញទៅ ដោយកំហុសរបស់ខ្លួនផ្ទាល់ ដូចជាការសម្លាប់ខ្លួនដូច្នោះដែរ…

៦ខែមកនេះ ចិត្តរបស់ខ្ញុំមិនដែលប្រែប្រួលឡើយ…ស្នាមញញឹមដ៏ស្រស់ស្រាយខាងក្រៅ ថ្វីត្បិតតែអាចបិទបាំងភ្នែកអ្នកដទៃឲ្យមើលឃើញថាខ្ញុំសប្បាយចិត្ត តែខាងក្នុង ពេញដោយទឹកភ្នែករាប់លានតំណក់ កំពុងស្រក់ចុះជារៀងរាល់ថ្ងៃ…ឈុនលី តើបងនឹងវិលមកវិញ ជូតទឹកភ្នែកឲ្យអូនដូចកាលពីមុនដែរទេ…? អូនស្រឡាញ់បងណាស់…

ក្មេងតូច
១០ កក្កដា ២០១១
ម៉ោង១១ និង ១១នាទី 

  1. ឡួយមែន!

    • ស៊ីន ដារ៉ា
    • 13 ខែសីហា 2011

    តើនេះជារឿងពិតមែនឬ? ពិតជាពូកែសរសេរមែន!

    • មែនហើយ!!! ជារឿងពិត
      អរគុណដែលសរសើរ ក៏អរគុណដែលចូលអានណា៎

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: