តើវាចៃដន្យមែនទេ?…

តើវាចៃដន្យដែរទេ បើសិនជាខ្ញុំនិយាយថា « ខ្ញុំបានជួបមនុស្សដែលខ្ញុំស្រឡាញ់ នៅថ្ងៃដែលគេមិនចង់ជួបខ្ញុំ? » ចម្លើយគឺ « មែនហើយ! គ្រាន់តែជាការចៃដន្យ តែអ្វីដែលមិនចៃដន្យនោះ គឺ ខ្ញុំស្រឡាញ់គេ »…

នោះគឺជាថ្ងៃដែលខ្ញុំមានអារម្មណ៍មិនល្អបំផុត…ខ្ញុំចាប់ផ្តើមខ្លាច ទាំងដែលមិនដឹងថាខ្ញុំខ្លាចអ្វី។ ក្នុងមួយឆាកជីវិតនេះ អ្វីដែលខ្ញុំខ្លាចបំផុតគឺ «ការបែកគ្នា» ហើយខ្ញុំក៏មិនយល់ដែរថា ហេតុអីបានជាមនុស្សយើងចាំបាច់ត្រូវតែបែកគ្នា? បើគង់តែបែកដដែល ចាំបាច់ជួបគ្នាធ្វើអី? វានឹងមិនបាច់ឈឺចាប់ផង។

ខ្ញុំមិនដឹងថា វាកើតឡើងនៅពេលណាទេ តែវាបានកើតឡើងទាំងដែលខ្ញុំមិនបានត្រៀមទុកជាមុន។ ខ្ញុំដឹងថាវាមិនសម ហើយខ្ញុំក៏ដឹងដែរថា វាមិនអាចទៅរួច គ្រាន់តែចង់សុំទោស បើសិនជាខ្ញុំ ជាចំណែកមួយក្នុងការរំខានជីវិតរបស់អ្នក។ មានមនុស្សម្នាក់ធ្លាប់ប្រាប់ខ្ញុំថា «បើស្រឡាញ់ ត្រូវហ៊ានសារភាព » មែន! តែវាពិបាកណាស់ក្នុងការសារភាព។ ខ្ញុំដឹងថា អ្វីៗកើតឡើងឆាប់រហ័សពេក ហើយខ្ញុំក៏ដឹងថា អ្នកមិនដែលមានខ្ញុំក្នុងកែវភ្នែកម្តងណាឡើយ តែហេតុអីខ្ញុំនៅតែកុហកខ្លួនឯង? សុំម្យ៉ាងបានទេ? បើមិនស្រឡាញ់ សូមកុំអាណិត ព្រោះខ្ញុំមិនចង់ឲ្យអ្នកនៅក្បែរខ្ញុំដោយសារតែពាក្យថា «អាណិត» នោះឡើយ។ វាគ្រប់គ្រាន់ហើយ សម្រាប់មនុស្សគ្មានតម្លៃដូចខ្ញុំ។ ត្រឹមបានអ្នកញញឹមដាក់ គឺវាគ្រប់គ្រាន់ហើយ។ ខ្ញុំបានព្យាយាមធ្វើចិត្ត ព្យាយាមបំភ្លេចអ្នក ហើយខ្ញុំក៏គិតថាធ្វើបាន បើសិនជាមិនបានជួបអ្នកម្តងទៀត នៅថ្ងៃនោះ…

រយៈពេលជាងមួយអាទិត្យដែលខ្ញុំខំធ្វើចិត្ត រយៈពេលជាងមួយអាទិត្យដែលខ្ញុំប្រឹងញញឹម និង រយៈពេលជាងមួយអាទិត្យដែលខ្ញុំភ្លេចអ្នក ត្រូវបំផ្លាញខ្ទេចខ្ទីនៅពេលដែល អ្នកញញឹមដាក់ខ្ញុំ។ អ្នកដឹងទេ? ស្នាមញញឹមមិត្តភាពដែលអ្នកឲ្យមកខ្ញុំ ប្រៀបដូចជាម្ជុលមួយ ដោតចូលបេះដូងខ្ញុំបន្តិចម្តងៗ…វាឈឺណាស់ តើអ្នកដឹងទេ? ខ្ញុំដឹងថា អ្នកព្យាយាមធ្វើឲ្យសម្ពន្ធភាពពួកយើងនៅត្រឹមជាមិត្ត ខ្ញុំដឹងថាអ្នកគិតខ្ញុំត្រឹមជាមិត្ត ហើយខ្ញុំក៏ដឹងថា អ្នកគ្មានថ្ងៃស្រឡាញ់ខ្ញុំ ដូចនេះ សូមកុំឲ្យខ្ញុំឈឺជាងនេះទៀតអីណា៎ ខ្ញុំឈឺណាស់!! ឬក៏អ្នកគិតថា វាមិនទាន់គ្រប់គ្រាន់ទៀត? តើអ្នកចង់ឃើញទឹកភ្នែករបស់ខ្ញុំស្រក់នៅចំពោះមុខអ្នកមែនទេ? ប្រហែលជាមិនអាចទេ ព្រោះចិត្តរបស់ខ្ញុំកំពុងតែយំ ហើយវាក៏គ្មានទឹកភ្នែកសេសសល់នៅក្នុងភ្នែកទៀតដែរ ព្រោះវាបានហូរទៅក្នុងចិត្តអស់ហើយ។ ការដែលយំមិនចេញទឹកភ្នែកនោះ អ្នកដឹងទេថា វាពិបាកប៉ុណ្ណា? អ្នកប្រហែលជាមិនដឹងទេ ព្រោះអ្នកមិនមែនជាខ្ញុំ។ បើសិនជាអាច ខ្ញុំចង់ឲ្យអ្នកសាកធ្វើជាខ្ញុំមួយថ្ងៃមើល ថាតើអ្នកអាចញញឹម អាចសើច នៅចំពោះមុខអ្នកដទៃ ស្របពេលដែលកំពុងឈឺចាប់ ដូចខ្ញុំដែរឬទេ?

ខ្ញុំមិនខឹងនឹងអ្នកទេ ព្រោះខ្ញុំខ្លួនឯងដែលជាអ្នកខុស ខុសដែលស្រឡាញ់អ្នក ខុសដែលគិតថាអ្នកក៏ស្រឡាញ់ខ្ញុំ…ឲ្យខ្ញុំសុំទោសផងណា៎!! ខ្ញុំនឹងព្យាយាម កាត់ចិត្តពីអ្នក។ ពេលនេះ ខ្ញុំគ្រាន់តែចង់បាន ការបដិសេធពីអ្នក…និយាយមក ថាអ្នកមិនដែលមានចិត្តលើខ្ញុំម្តងណាឡើយ…និយាយមកថា អ្នកស្អប់ខ្ញុំ…និយាយមកថា អ្នកមិនស្រឡាញ់ខ្ញុំ…កុំទុកឲ្យខ្ញុំនៅគិតម្នាក់ឯងទៀតអី ប្រាប់ខ្ញុំមក តើអ្នកគិតអ្វីជាមួយខ្ញុំ ដើម្បីឲ្យខ្ញុំបានធ្វើចិត្ត…

សំណេរមួយនេះ មិនមែនចង់ឲ្យអ្នកអាណិតខ្ញុំទេ គឺខ្ញុំគ្រាន់តែចង់ប្រាប់អ្នកពីអ្វីដែលមានក្នុងចិត្តខ្ញុំ។ សង្ឃឹមថា អ្នកនឹងអត់ទោសនូវកំហុសរបស់ខ្ញុំ…Sorry, I Love You…

ថ្ងៃ ពុធ ទី១៥ ខែកញ្ញា ឆ្នាំ ២០១០

ម៉ោង ១២:០០

ក្មេងតូច

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: