បណ្ណសារ សំរាប់ 1 ខែកក្កដា 2011

ស្នេហាមួយ…(រឿងពិត)

នៅជ្រុងមួយនៃវិថីជីវិតដ៏វែងអន្លាយនេះ ខ្ញុំកំពុងដើរម្នាក់ឯង…ខ្យល់បក់តិចៗ តែអាចនាំស្រទាប់ផ្កាសាគូរ៉ា ឲ្យរសាត់ទៅមក បានបក់កាត់ខ្ញុំ ដោយនាំក្លិនក្រអូបរបស់ផ្កា មកជាមួយផង…ជិតកន្លះឆ្នាំមកនេះ ខ្ញុំបានឃ្លាតឆ្ងាយពីមនុស្សម្នាក់…មនុស្សល្អដែលខ្ញុំស្រឡាញ់…

កូនភ្លៀងស្រិចៗ ស្រក់ចុះមក ថ្វីត្បិតតែភ្លៀងនោះមិនធំ តែដំបូលប្រក់សង្កសីរបស់ខ្ញុំ អាចបង្កើតជាសម្េលងដ៏ខ្លាំងបាន។ ខ្ញុំដែលរៀបនឹងគេងលក់ទៅហើយ ក៏ត្រូវភ្ញាក់មកវិញដោយសម្េលងទូរសព្ទ។ មិត្តសម្លាញ់របស់ខ្ញុំ LH បានខលមក ហើយប្រាប់ខ្ញុំថា គេកំពុងតែទាក់ទងជាមួយនឹងបុរសម្នាក់ដែលរស់នៅ កំពង់សោម។ ក្នុងនាមជាមិត្តម្នាក់ កាលបើបានលឺថាមិត្តមានសេចក្តីសុខជាមួយនឹងស្នេហារបស់គេ យើងក៏សប្បាយចិត្តដែរ។

ខ្ញុំឈ្មោះ KC ជាកូនប្រុសច្បងក្នុងគ្រួសារសាមញ្ញ និង សមរម្យមួយ ដែលមានលោកប៉ាជាសាស្រ្តាចារ្យ និង អ្នកម៉ាក់ជាមេផ្ទះ។ គ្រួសាររបស់ខ្ញុំ មានសមាជិក ៥នាក់ ដែលក្នុងនោះមានខ្ញុំ ប៉ា ម៉ាក់ និង ប្អុនស្រីខ្ញុំ ពីរនាក់ទៀត។ មែនហើយ! ខ្ញុំគឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ។ ដូចនេះហើយ ខ្ញុំទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេស និង ថែទាំយ៉ាងល្អ។ ប៉ុន្តែ ការយកចិត្តទុកដាក់យ៉ាងពិសេសនេះ បែរជាធ្វើឲ្យខ្ញុំមិនពេញចិត្តទៅវិញ។ ការដែលមិនឲ្យដើរលេងទៅណា ត្រូវទៅរៀន ចេញពីរៀនមកផ្ទះ…ហាមដើរលេង ហាមសេពគប់ជាមួយមិត្តណាដែលអ្នកផ្ទះមិនស្គាល់ ហាមនេះ ហាមនោះ…ធ្វើឲ្យខ្ញុំគិតថា ខ្ញុំបាត់បង់សេរីភាព ហើយអ្វីដែលខ្ញុំចង់បានបំផុតនោះគឺ ឯករាជ្យភាព។

ដោយលោកប៉ារបស់ខ្ញុំជាសាស្រ្តាចារ្យផងនោះ ខ្ញុំទទួលការបណ្តុះបណ្តាល និងអប់រំ ល្អជាងក្មេងដទៃទៀត។ ជារៀងរាល់ថ្ងៃ ខ្ញុំសម្ងំនៅតែក្នុងបន្ទប់។ វាហាក់ដូចជាអផ្សុកសម្រាប់អ្នកគ្រប់គ្នា តែចំពោះខ្ញុំ វាគឺជារឿងសប្បាយជាងបានចេញទៅក្រៅទៀត។ ព្រះជាម្ចាស់ បង្កើតខ្ញុំមកឲ្យមានសម្លេងពីរ។ ហើយជារៀងរាល់ថ្ងៃ ខ្ញុំតែងប្រើសម្លេងរបស់ខ្ញុំ ដើម្បីលេងសើចកំដរអារម្មណ៍ ជាមួយអ្នកដទៃ…ហើយនោះ ក៏ជាផ្នែកដំបូងនៃសាច់រឿង…

ខ្ញុំមានមិត្តសម្លាញ់ពីរនាក់ គឺ LH​ និង ND។ ពួកគេសុទ្ធតែបានដឹងថា ខ្ញុំនេះមានសម្លេងពីរ។ ថ្ងៃមួយ LH ប្រាប់ខ្ញុំពីបុរសម្នាក់ដែលទើបនឹងស្គាល់គ្នាបានមួយរយៈពេលខ្លី តាមប្រព័ន្ធទូរសព្ទ។ នាងប្រាប់ខ្ញុំថា បុរសម្នាក់នោះឈ្មោះ AH រស់នៅឯកំពង់សោម ជាជាងដេរវាំងនន និង ជាបុគ្គលិកហាងលក់ម៉ូតូ។ AH ជាបុរសដែលមានសង្សារច្រើនតាមទូរសព្ទ ហើយខាងក្រៅក៏ប្រហែលជាមានច្រើនដែរ តែឥឡូវបានផ្តាច់ការទាក់ទងអស់ហើយ។ នាងបានបន្តថា សព្វថ្ងៃនាងកំពុងទាក់ទងជាមួយគេ ហើយក៏កំពុងឈានទៅរកសេចក្តីស្នេហាផងដែរ។ ដោយមិនចង់ឲ្យមិត្តត្រូវខូចចិត្ត ខ្ញុំបានសុំលេខ AH ពីនាង ហើយក៏ប្រាប់នាងថា ខ្ញុំនឹងពិសោធប្រុសម្នាក់នោះ។ ល្ងាចថ្ងៃដដែលនោះ ខ្ញុំបានខលទៅ AH ហើយប្រើស្ទីល ដដែលៗរបស់ខ្ញុំ គឺ «ច្រឡំលេខ»។ ជាការពិត ៨០% នៃមនុស្សប្រុស ដែលខ្ញុំប្រើស្ទីលនេះ មិនអាចគេចផុតពីដៃខ្ញុំបានឡើយ មិនមែនថាខ្ញុំពូកែទេ តែលឺមកថា សម្លេងរបស់ខ្ញុំពិរោះ។ ក្រោយពីខលទៅគេហើយ ខ្ញុំបានសួររក ចិត្រា (ទាំងដែលខ្ញុំមិនស្គាល់ថា ចិត្រាជានរណា)។ ហើយបន្ទាប់ពីនិយាយគ្នាប្រហែល ៥នាទី គេក៏សុំស្គាល់ខ្ញុំ ដោយហេតុថា «មាននិស្ស័យ»។ នោះហើយជានិស្ស័យរបស់មនុស្សប្រុស ដែលចាំតែបោកស្រីធ្វើជាល្បែងកម្សាន្តអារម្មណ៍របស់គេ។ តែចំពោះខ្ញុំ គឺគ្មានថ្ងៃភ្លាត់ស្នៀតទៅធ្លាក់ក្នុងអន្ទាក់ដែលខ្លួនឯងកំពុងរាយឲ្យគេនោះឡើយ។

ជារៀងរាល់ថ្ងៃ AH តែងខលមកខ្ញុំរហូត។ រយៈពេលត្រឹមតែពីរយប់ដែលពួកយើងស្គាល់គ្នា គេក៏សុំខ្ញុំធ្វើសង្សារ។ ក្នុងមួយថ្ងៃ គេខលមកខ្ញុំមិនតិចជាង ៥ដងនោះឡើង ដែលទង្វើបែបនេះ ធ្វើឲ្យមិត្តរបស់ខ្ញុំ LH មានការអន់ចិត្តជាខ្លាំង។ ព្រោះបើតាមខ្ញុំដឹង AH ជាប្រុសសង្ហារម្នាក់ ហើយមិត្តខ្ញុំម្នាក់នេះ បានស្គាល់គេមុន។ នាងប្រហែលជាខឹងខ្ញុំ ដែលអាចទាក់ទងមនុស្សប្រុសរបស់នាង តែសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់បង្ហាញឲ្យនាងឃើញថា ប្រុសម្នាក់នោះ មិនស្មោះត្រង់នឹងនាងឡើយ។ ថ្ងៃដដែលនោះ ខ្ញុំបាននិយាយលេងជាមួយនាងថា គ្មានប្រុសណាដែលខ្ញុំយកមិនបានឡើយ ព្រោះខ្ញុំអាចយកមនុស្សប្រុសរបស់នាងបាន ដោយប្រើពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ទោះបីជាខ្ញុំជាប្រុស តែសម្លេងស្រីរបស់ខ្ញុំ អាចធ្វើបានដោយងាយស្រួល។ នាងបានតបមកខ្ញុំថា មានមនុស្សម្នាក់ដែលខ្ញុំមិនអាចយកពីនាងបាន គឺបងប្រុសរបស់នាង ព្រោះថា បងប្រុសរបស់នាង ស្រឡាញ់មនុស្សស្រី ហើយក៏មានសង្សាររួចហើយដែរ មិនតែប៉ុណ្ណោះ គេក៏មានស្រីច្រើនតាមទូរសព្ទទៀតផង។ CHL ជាបងប្រុសរបស់ LH ដែលកំពុងរស់នៅកំពង់សោមដែរ។ ខ្ញុំបានប្រាប់នាងថា បើសិនជានាងខ្លាំង ឲ្យលេខរបស់ CHL មក ខ្ញុំនឹងចាត់ការក្នុងរយៈពេលតែពីរថ្ងៃ។

ខ្ញុំចាំបានថា ថ្ងៃទី ១០ ខែ ១០ ឆ្នាំ ២០១០ ខ្ញុំ និង ប្រុសម្នាក់ផ្សេងទៀត បានសម្រេចចិត្តធ្វើជាសង្សារហ្នឹងគ្នា។ មែន! ក្នុងកំឡុងពេលនោះ ខ្ញុំបានទាក់ទងប្រុស ២ នាក់ក្នុងពេលតែមួយ នោះគឺ AH ដែលបានរៀបរាប់ខាងលើ និង CR ដែលទើបតែរៀបរាប់នេះ។ ខ្ញុំដូចជាចាំថា ខ្ញុំស្គាល់ AH មុន  CR មួយអាទិត្យ។ ថ្វីត្បិតតែពួកយើងមិនដែលជួបគ្នា តែទំនាក់ទំនងតាមទូរសព្ទរបស់ពួកយើង បន្តការស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារពេលថ្ងៃខ្ញុំត្រូវទៅសាលា ខ្ញុំបានចំណាយពេលយប់សម្រាប់និយាយជាមួយពួកគេ។ កាតព្វកិច្ចរបស់ខ្ញុំ មានតែមួយគត់គឺ ធ្វើយ៉ាងណា មិនឲ្យរថភ្លើងបុកគ្នា។ ខ្ញុំបានចែកពេលឲ្យប្រុសពីរនាក់នោះ ដោយគិតចាប់ពីម៉ោង ៧ ដល់ ម៉ោង ៩កន្លះ ជាវេនរបស់ AH ចំណែកឯម៉ោង ៩កន្លះដល់ម៉ោង ១២ ជាវេនរបស់ CR។

នៅមានត…