បណ្ណសារ សំរាប់ 5 ខែកក្កដា 2011

នរណានៅខាងលើ? (រឿងខ្មោច)

កាលពីក្មេងៗ ខ្ញុំធ្លាប់លឺចាស់ៗនិយាយថា ផ្ទះនីមួយៗ សុទ្ធតែមានរបស់មិនល្អ (ខ្មោច) គ្រាន់តែយើងមើលមិនឃើញប៉ុណ្ណោះ…ហើយខ្ញុំក៏មិនបានយកចិត្តទុកដាក់អ្វីដែរ ព្រោះគិតថាគាត់គ្រាន់តែនិយាយបន្លាចឲ្យយើងគេងលក់…រហូតដល់ថ្ងៃមួយ ដែលភ្នែកទាំងពីររបស់ខ្ញុំបានឃើញ…..

គ្រួសារខ្ញុំ ដំបូងឡើយ មានសមាជិក ៥នាក់ គឺ ខ្ញុំ បងប្រុស អ៊ំស្រី យាយ និង យាយទួតរបស់ខ្ញុំ។ តែដោយសារបងប្រុសខ្ញុំគាត់រៀបការ គាត់ក៏ត្រូវរស់នៅជាមួយប្រពន្ធរបស់គាត់។ ហើយសមាជិកក្នុងគ្រួសារ នៅសល់ត្រឹមតែ ៤នាក់។ ផ្ទះដែលពួកយើងកំពុងរស់នៅ មានពីរជាន់។ ខ្ញុំ យាយ និង​ យាយទួត គេងនៅខាងក្រោម (ជាន់ផ្ទាល់ដី) ចំណែកឯអ៊ំ គឺនៅខាងលើ។

មានយប់មួយ ម៉ោងប្រហែល១០កន្លះ គ្រប់គ្នាក្នុងផ្ទះគឺសម្រាន្តលក់អស់ហើយ សល់តែខ្ញុំម្នាក់ឯងដែលកំពុងតែមើលមេរៀន។ រំពេចនោះ ស្រាប់តែមានខ្យល់បក់កាត់មុខខ្ញុំ ខ្ញុំក៏មិនចាប់អារម្មណ៍ ព្រោះគិតថា ជាខ្យល់កង្ហាររបស់យាយ។ ក្រោយពីមើលមេរៀនចប់ ខ្ញុំក៏ដើរទៅបន្ទប់ទឹក ដើម្បីលុបមុខ ដុសធ្មេញមុនចូលគេង។

«ជា! យកកង្ហារដាក់ឲ្យយាយបន្តិចចៅ! យប់នេះក្តៅដល់ហើយ» ហាក៎!! មិញយាយអត់បានដាក់កង្ហារទេហ៎ O.O ច..ចុះ..ខ្យល់មួយវិបមិញនេះ ម៉ោពីណា…

ពេលដើរជិតដល់ជណ្តើរ ឃើញភ្លើងខាងលើនៅបើក សង្ស័យតែអ៊ំ មិនទាន់សម្រាន្តទេមើលទៅ តែពេលដើរទៅដល់ជណ្តើរ ខ្ញុំឃើញស្រមោលមួយខ្មៅក្រិប រត់ឡើងជណ្តើរ ទៅខាងលើយ៉ាងលឿន សឹងតែមើលមិនទាន់ ប្រហែលជាអ៊ំគាត់ទើបតែឡើងទៅហើយ…

ពេលដើរដល់បន្ទប់ទឹក…

«អ្ហា៎! អ៊ំ មិញអត់បានឡើងទៅលើទេហ៎? »

« ឡើងក្បាលឯងអី!! អ៊ំឈឺពោះ ចុះមកយូរហើយ»

« ចុះនរណាគេឡើងទៅលើមិញ???? »

មែនហើយ…នរណាគេឡើងទៅលើមិញនេះ? បើយាយ និង យាយទួតសម្រាន្តលក់ ហើយខ្ញុំ និង អ៊ំកំពុងឈរនិយាយគ្នា ម្យ៉ាងផ្ទះនេះមានមនុស្សតែបួននាក់?…ដោះស្រាយសមីការខាងលើ 👿

ក្មេងតូច