ច្រណែន…

តាំងពីតូចដល់ធំ ខ្ញុំជាក្មេងដែលទម្រើស ទទួលការស្រឡាញ់ពីម៉ាក់ប៉ាខ្លាំងពេក រហូតធ្វើឲ្យខ្ញុំមានចរិត មិនល្អ។ ហើយចរិកមិនល្អដែលគួរឲ្យស្អប់ជាងគេរបស់ខ្ញុំគឺ «ច្រណែន»។

ចាំបានថា កាលពីខ្ញុំនៅក្មេង ខ្ញុំតែងច្រណែនហ្នឹងក្មេងឯទៀត ដែលមានគេរាប់អាន លេងជាមួយច្រើន ចំណែកឯខ្ញុំគឺសឹងតែគ្មានមិត្ត ព្រោះប៉ាម៉ាក់ស្រឡាញ់ពេក រហូតមិនបណ្តោយឲ្យលេងជាមួយគេច្រើន។ ពួកគាត់តែងទិញល្បែងកូនក្មេងមកទុកក្នុងផ្ទះ សម្រាប់ខ្ញុំ។ រហូតមកដល់ខ្ញុំអាយុ ១៦ឆ្នាំ ទើបខ្ញុំមានសេរីភាពខ្លះ ក្នុងការដើរហើរជាមួយមិត្តភក្តិ។ ភាគច្រើន ពេលចេញពីផ្ទះគឺទៅសាលា ចេញពីសាលាគឺមកផ្ទះ ខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យចេញដើរលេងជាមួយមិត្តភក្តិ ដូចអ្នកដទៃឡើយ។ ពេលខ្លះ ខ្ញុំច្រណែននឹងមិត្តភក្តិ ដែលពួកគេអាចទៅណាមកណាតាមចិត្តពួកគេ ហើយពេលខ្លះ ខ្ញុំក៏មានអារម្មណ៍តូចចិត្តនឹងខ្លួនឯង ហើយក៏មានអារម្មណ៍ថាឯកោ…

ពាក្យថាមិត្តភក្តិសម្រាប់ខ្ញុំ ស្ទើរតែរកមិនឃើញក្នុងវចនានុក្រម…

នៅសាលាខ្ញុំមានមិត្តនៅសាលា តែបើឲ្យជិតស្និទ្ធដូចមិត្តគេឯទៀត ខ្ញុំគ្មានទេ។ អាចនិយាយបានថា ខ្ញុំជាក្មេងខុសគេ? ព្រោះខ្ញុំត្រូវបានចិញ្ចឹម និង មើលថែមកឲ្យរស់នៅតែម្នាក់ឯង រៀនរស់ខ្លួនឯង និង សម្រេចចិត្តខ្លួនឯង…ប្រការទាំងនេះហើយ ធ្វើឲ្យខ្ញុំទន់ខ្សោយផ្នែកស្មារតីជាខ្លាំង។

ខ្ញុំច្រណែននឹងមនុស្សគ្រប់គ្នាដែលនៅចំពោះមុខ…ច្រណែនគេដែលមានរូបរាងស្អាតបាតជាងខ្ញុំ ច្រណែនគេដែលមានមនុស្សជាច្រើនរាប់អានជាមិត្ត តែខ្ញុំបែរជាមិនមាន… ច្រណែនគេដែលមានមនុស្សជាច្រើនតាមស្រឡាញ់ បារម្ភ ខែរ តែខ្ញុំគ្មានសូម្បីតែម្នាក់… ច្រណែនគេដែលល្អជាងខ្ញុំ ច្រណែនគេដែលរៀនពូកែជាងខ្ញុំ ច្រណែន ច្រណែន ច្រណែន…

ថ្ងៃនេះ ខ្ញុំនិងមិត្តម្នាក់បានទៅកាត់សក់នៅហាងមួយ។ គេចំណាយពេលត្រឹមតែ ២០នាទី ក៏កាត់ឲ្យខ្ញុំរួចរាល់ ចំណែកឯមិត្តខ្ញុំនោះវិញ ជាងមួយម៉ោងឯណោះ។ ពេលកាត់ និង ធ្វើសក់រួចហើយ ជាងៗទាំងអស់សរសើរមិត្តខ្ញុំថា ស្អាតណាស់ គួរឲ្យស្រឡាញ់ តែខ្ញុំដែលអង្គុយក្បែរនោះ គ្មានលឺនរណាម្នាក់និយាយថាខ្ញុំស្អាតនោះទេ…ច្រណែន!!!

«ខ្ញុំច្រណែនឯងណាស់ ដែលមានប៉ាម៉ាក់ព្រួយបារម្ភរាល់ថ្ងៃ តែប៉ាម៉ាក់ខ្ញុំស្ទើរមិនខ្វល់ពីខ្ញុំសោះហើយ» នេះជាប្រយោគដែលមនុស្សគ្រប់គ្នាតែងនិយាយមកខ្ញុំ ពេលដែលខ្ញុំទទួលទូរសព្ទពីម៉ាក់ ឬ ប៉ារួច… ពួកគេចង់ឲ្យប៉ាម៉ាក់របស់គេបារម្ភ ផ្ទុយពីខ្ញុំ ដែលចង់ឲ្យពួកគាត់កាត់បន្ថយក្តីបារម្ភខ្លះ ព្រោះ ខ្ញុំធំហើយ ខ្ញុំចេះមើលថែខ្លួនហើយ មិនមែនជាក្មេងដូចមុនទេ…

ខ្ញុំប្រើជីវិតរស់នៅម្នាក់ឯងរហូតក្លាយជាទម្លាប់រស់នៅប្រចាំថ្ងៃ ក៏មានអ្នកខ្លះសួរខ្ញុំថា ដើរលេងម្នាក់ឯង ទៅនេះទៅនោះម្នាក់ឯង នៅផ្ទះម្នាក់ឯងចឹង មិនអផ្សុកទេឬអី? ចម្លើយរបស់ខ្ញុំគឺ មិនទេ!! ព្រោះខ្ញុំត្រូវបង្រៀនឲ្យរស់នៅបែបនោះតាំងពីតូច…រហូតដល់ខ្ញុំអាយុ១៦ឆ្នាំ ប៉ាម៉ាក់បើកសិទ្ទិឲ្យខ្ញុំ បានបើកភ្នែកច្រមុះខ្លះ កុំឲ្យគេថា ខ្ញុំជាកង្កែបក្នុងអណ្តូង…ពេលនោះហើយ ដែលខ្ញុំចាប់ផ្តើមប្រឡូកពិភពខាងក្រៅ ក៏ចាប់ផ្តើមចេះមានមិត្តរហូតដល់បច្ចុប្បន្ន។ តែទោះជាបែបនោះក៏ដោយ ខ្ញុំនៅតែមិនមានមិត្តច្រើន ដោយហេតុថាគ្រប់គ្នាតែងមើលមកខ្ញុំ ជាមនុស្សឆ្មើង វាយឬក។ ជាការពិត ខ្ញុំធំធាត់មកដោយម្នាក់ឯង ក៏មិនដឹងថា ត្រូវរាក់ទាក់ រៀបចំឥរិយាបថដូចម្តេចពេលជួបគេ…ម្យ៉ាង ខ្ញុំខ្លាច…

សព្វថ្ងៃ ខ្ញុំកាត់បន្ថយភាពច្រណែនក្នុងខ្លួនបានខ្លះហើយ តែក៏នៅមានតិចតួចដែរ គ្រាន់តែមិនច្រើនដូចពីមុន។ គិតៗទៅ ខ្ញុំមិនគួរច្រណែនគេសោះហើយ ព្រោះបើមើលទៅ អ្នកពិការ ឬ អ្នកគ្មានប៉ាម៉ាក់នោះ គេប្រាកដជាច្រណែនខ្ញុំ ជាងខ្ញុំច្រណែនអ្នកផ្សេងទៅទៀត…

ខ្ញុំគិតថាមនុស្សយើងគួរតែទទួលស្គាល់អ្វីដែលខ្លួនមាន…គ្មាននរណាម្នាក់ កើតមកហើយល្អគ្រប់ដប់នោះទេ។ គ្រប់គ្នាតែងមានចំណុចខ្វះខាត ចំណុចខ្សោយរៀងៗខ្លួន។ យើងអាចនឹងអន់ខ្សោយជាងគេក្នុងផ្នែកនេះ តែក៏អាចខ្លាំងជាងគេក្នុងផ្នែកផ្សេងមួយទៀត… កុំច្រណែនគេ ហើយសម្របខ្លួនទៅនឹងអ្វីដែលយើងមានថ្ងៃនេះ ក៏ឈោងចាប់នូវអ្វីដែលយើងចង់បាននៅថ្ងៃស្អែក…

ក្មេងតូច
១៣ កក្កដា ២០១១ 

    • ស៊ីន ដារ៉ា
    • 14 ខែសីហា 2011

    អ្វី​ដែល​មិត្ត​សរសេរ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក! ស្រក់​ទឹក​ភ្នែក​ព្រោះ ខ្ញុំ​ត្រូវ​រស់​នៅ​តែ​ម្នាក់​ឯង គិត​អ្វី​តែ​ម្នាក់​ឯង ឯករាជ្យ គ្មាន​មិត្ត​ភក្តី! ខ្ញុំ​គ្មាន​ប៉ាម៉ាក់​នៅ​ក្បែរ​តាំង​ពី​ក្មេង! ត្រូវ​មក​រស់​នៅ​ជាមួយ​គ្រួសារ​ដែល​មិន​ដែល​ចាត់​ទុក​ថា​មាន​វត្ត​មាន​ខ្ញុំ​នៅ​ជាមួយ…

    ភាព​ឈឺចាប់​ និង​ យប់ដែ​លមិន​ចេះ​មាន​ពន្លឺ​នេះ នៅ​តែ​តាម​លង​បន្លាច​ខ្ញុំ​ដល់​ពេល​ឥឡូវ! ខ្ញុំ​ខ្លាចណាស់! ខ្លាច​ភាពឯកោ! តែ​ខ្ញុំ​បាន​ត្រឹម​តែ​គេង​ជាមួ​យភាព​ឯកោ​រាល់​យប់​ទៅ​វិញ! អរគុណ​មិត្ត​ដែល​ជួយ​ឲ្យ​ខ្ញុំ​អាច​ហូរ​ទឹក​ភ្នែក​ម្តងទៀត!

    • ខ្ញុំមានប៉ាម៉ាក់ តែមិនសូវទទួលភាពកក់ក្តៅដូចគ្រួសារដទៃទេ ព្រោះពួកគាត់រវល់ ការងាររកស៊ី ដែលជាហេតុធ្វើឲ្យខ្ញុំបាត់បង់ភាពកក់ក្តៅ។ គាត់រវល់រហូតដល់គ្មានពេលនៅជាមួយកូន គាត់គិតថា ពេលមានលុយគឺសប្បាយចិត្ត តែគាត់ភ្លេចគិតថា លុយមិនអាចទិញសុភមង្គលក្នុងគ្រួសារបានទេ…
      ខ្ញុំរៀនរស់ម្នាក់ឯងតាំងពីតូច ក៏រៀនយល់ចិត្តមនុស្សក្បែរខ្លួន…
      ខ្ញុំចង់ឲ្យមិត្តឈប់គិតថាឯកោ ព្រោះមិនមែនមានតែមិត្តទេដែលឯកោ ខ្ញុំ និង មនុស្សឯទៀតក៏ឯកោដូចមិត្តដែរ…ចាប់ដៃគ្នា សម្លឹងទៅមុខ…អ្នកនឹងមិនឯកោទេ…

        • ស៊ីន ដារ៉ា
        • 14 ខែសីហា 2011

        អរគុណច្រើនណាមិត្ត! ខ្ញុំនឹងព្យាយាម ទោះ​វា​មិន​ងាយ​ស្រួលដូចមិត្តនិយាយក៏ដោយចុះ!

        • វាមិនងាយស្រួល ក៏មិនពិបាកដែរ…ព្រោះមនុស្សជាច្រើនកំពុងតែធ្វើវា មិនមែនមានតែយើងនោះទេ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: