ព្រហ្មលិខិតនាំគេមក…

កាលពីមុនខ្ញុំតែងតែសង្ឃឹមថា គេម្នាក់នោះ អាចដើរលេងសាងអនុស្សារវីយ៍ជាមួយខ្ញុំតែពីរនាក់ គឺកាលដែលយើងនៅស្រឡាញ់គ្នា ប៉ុន្តែ ជាង៦ខែមកនេះក្តីសង្ឃឹមរបស់ខ្ញុំ បានរលាយបាត់អស់ហើយ…

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១ ខ្ញុំបានរសាត់អណ្តែតពីលំនៅស្ថានដ៏កក់ក្តៅរបស់ខ្ញុំ មករស់នៅទីក្រុងភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏ជាទីក្រុងដែលពេញទៅដោយភាពច្រណែន ឈ្នាសនីស ភាពស៊ីវិល័យ (ហួសហេតុ) និង អំពើប្រាសចាកសីលធម៌គួរឲ្យស្អប់ខ្ពើមមួយចំនួនតូច…

មកដល់ទីនេះ ខ្ញុំបានស្នាក់នៅផ្ទះឪពុកមារបស់ខ្ញុំ ដែលសមាជិកក្នុងផ្ទះមាន ៧នាក់ រួមមាន ឪពុកមាខ្ញុំ ប្រពន្ធគាត់ និង កូនគាត់ពីរនាក់ ខ្ញុំ ប្អូនប្រុសប្រពន្ធឪពុកមាខ្ញុំ និង បងស្រីអ្នកមើលការផ្ទះផងដែរ។ ហើយមនុស្សម្នាក់ដែលខ្ញុំចង់និយាយដល់នោះ គឺគេ ប្អូនប្រុសប្រពន្ធឪពុកមាខ្ញុំនោះ។ គេឈ្មោះ សំណាង ជាប្រុសម្នាក់ដែលគួរឲ្យស្រឡាញ់ ចូលចិត្តលេងសើច តែមានពេលខ្លះក៏ម៉ឺងម៉ាត់។ ខ្ញុំនិងគេ ទើបតែស្គាល់គ្នាប្រហែល មួយអាទិត្យប៉ុណ្ណោះ ហើយអ្វីដែលខ្ញុំចម្្លែកចិត្តនោះគឺ ហេតុអីក៏គេដូចម្នាក់នោះខ្លាំងម្ល៉េះ? ខុសត្រង់ថា មនុស្សដែលបេះដូងរបស់ខ្ញុំរងចាំនោះ មិនមែនជាសំណាងទេ…សំណាងគ្រាន់តែជាបងប្រុសរបស់ខ្ញុំប៉ុណ្ណោះ…

គេម្នាក់ដែលខ្ញុំនិយាយខាងលើ ឈ្មោះ ឈុនលី។ គេជាមនុស្សល្អ និង ល្អជាងមនុស្សជាច្រើនដែលខ្ញុំធ្លាប់ជួប។ គេមិនចេះនិយាយកុហក ជាមនុស្សស្មោះនឹងស្នេហា ខុសពីប្រុសឯទៀតដែលសម្លឹងឃើញខ្លួនប្រាណជាធំ…ខ្ញុំស្រឡាញ់គេបំផុតត្រង់ចរិក មានះ រឹងរូស និង ភាពទំនើងតិចៗរបស់គេ។ អាចនិយាយបានថា គេជាប្រុសដែលគួរឲ្យស្រឡាញ់បំផុត។ ឈុនលីជាប្រុសស្មោះត្រង់ កម្រនឹងរកប្រុសណាប្រៀបបាន (ខ្ញុំសុំមិននិយាយអ្វីច្រើនពីគេទេ ព្រោះមិនល្អ ហើយក៏ប្រហែលជាមិត្តអ្នកអានមិនជឿ រឿងនោះវាពិតជាមិនគួរឲ្យជឿ)។ ខ្ញុំស្គាល់គេត្រឹមតែ មួយខែប៉ុណ្ណោះ ពួកយើងឈានដល់គម្រោងរៀបការជាមួយគ្នារួចទៅហើយ។ ពួកយើងស្គាល់គ្នាដោយចៃដន្យតាមទូរសព្ទ ដែលពេលនោះ ខ្ញុំនៅខេត្ត ឯគេនៅកំពង់សោម។ ក្រោយពីទំនាក់ទំនងស្នេហាជាមួយគ្នាជិតមួយខែមក គេបានណែនាំខ្ញុំឲ្យស្គាល់គ្រួសាររបស់គេ តាមទូរសព្ទ។ មែនហើយ!! មួយខែមកនេះ ពួកយើងស្រឡាញ់គ្នាតាមទូរសព្ទប៉ុណ្ណោះ ខ្ញុំក៏មិនខុសពីអ្នកទាំងអស់គ្នាដែរ ក្នុងចិត្តគិតថាគេលែងសើចជាមួយខ្ញុំប៉ុណ្ណោះ តែមិនដូច្នោះឡើយ គេពិតជាស្រឡាញ់ខ្ញុំ ក៏សន្យានឹងរៀបការជាមួយខ្ញុំក្នុងថ្ងៃអនាគត។

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១០ ខ្ញុំបានទៅលេងកំពង់សោម ក្នុងគោលបំណងឆ្លងឆ្នាំជាមួយគ្នា។ យប់នោះ ពួកយើងនៅខាងក្រៅជាមួយគ្នារហូតដល់ម៉ោង ១២ ហើយក៏រាប់ថយក្រោយ ស្វាគមន៍ឆ្នាំថ្មីជាមួយគ្នា។ ខ្ញុំឈរលាតដៃ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធពីសមុទ្ទ គេឱបខ្ញុំពីក្រោយហើយខ្សិបប្រាប់ថា «បងស្រឡាញ់អូនខ្លាំងណាស់»…មិត្តអ្នកអានពិតជាឆ្ងល់ថាហេតុអីបានគេជាស្រឡាញ់ខ្ញុំ? ហើយខ្ញុំជាមនុស្សយ៉ាងម៉េច? ចំណុចនេះ អ្នកដែលស្គាល់ខ្ញុំ និងធ្លាប់ជួប ឬ ដើរលេងជាមួយខ្ញុំ ពិតជាដឹង ហើយខ្ញុំក៏មិនបកស្រាយអ្វីដែរពីចំណុចនេះ។

យប់នោះ ពួកយើងនៅសណ្ឋាគារជាមួយគ្នា ព្រោះថាយប់ជ្រៅហើយ ខ្ញុំមិនចង់ឲ្យគេទៅវិញ បារម្ភ ហើយខ្ញុំក៏មិនចង់ចំណាយលុយច្រើនជួលបន្ទប់មួយទៀតដែរ។ ខ្ញុំក៏សម្រេចចិត្តឲ្យគេគេងបន្ទប់ខ្ញុំ ដំបូងខ្ញុំភ័យ ខ្លាចមានរឿងមិនល្អកើតឡើង ម្យ៉ាងយើងទើបតែជួបគ្នាជាលើកដំបូងផង តែក៏កក់ក្តៅក្នុងចិត្តពេលលឺគេនិយាយថា «បងសន្យាក្នុងនាមកូនប្រុស ថានឹងមិនធ្វើអីផ្តេសផ្តាសឡើយ បងនឹងចាំទាល់តែយើងបានសំពះផ្ទឹមជាមួយគ្នាសិន ព្រោះបងពិតជាស្រឡាញ់អូនដោយស្មោះ ស្រឡាញ់ចរិកអូន និង គ្រប់យ៉ាងរបស់អូន»…គេខ្លាចខ្ញុំមិនទុកចិត្ត ក៏ទាមទារគេងខាងក្រោម លើការ៉ូ តែដោយសារបារម្ភពីសង្សារ (ព្រោះស្រឡាញ់គេខ្លាំងដែរ) សម្រេចចិត្តឲ្យគេគេងលើគ្រែតែម្តងទៅ។

ព្រឹកឡើងពេលដែលខ្ញុំបើកភ្នែកមក គឺនៅក្នុងរង្វង់ដៃរបស់គេ…គេឱបខ្ញុំជាប់នឹងដើមទ្រូងគេ…ខ្ញុំមិនហ៊ានរើ ព្រោះខ្លាចគេភ្ញាក់ ក្នុងចិត្តរំភើប កក់ក្តៅរកនិយាយមិនត្រូវ…គេបើកភ្នែកឡើង ថើបថ្ងាសខ្ញុំ ហើយនិយាយថា «អរុណសួស្តីអូនសម្លាញ់!! បងស្រឡាញ់អូនណា៎»…«អូនក៏ស្រឡាញ់បងដែរ»…

ខ្ញុំគេងទីនោះមួយយប់ទៀត ទើបត្រឡប់មកខេត្តវិញ។ ថ្វីត្បិតតែពួកយើងគេងគ្រែជាមួយគ្នា អាចថាបានឱបថើបបន្តិចបន្តួច តែពួកយើងមិនធ្វើផ្តេសផ្តាស នាំឲ្យអាប់ឱនកិត្តិយសគ្រួសារនោះទេ។ ឈុនលី គេគោរពសិទ្ិខ្ញុំ ទុកខ្ញុំជាមនុស្សដែលគេស្រឡាញ់បំផុត ហើយពីមុនមក ទោះបីជាគេមានសង្សារច្រើន តែខ្ញុំជាមនុស្សតែម្នាក់គត់ ដែលគេនិយាយរឿងអនាគត (រៀបការ) ជាមួយ។ គេស្រឡាញ់ខ្ញុំ បារម្ភពីខ្ញុំ…រហូតដល់ថ្ងៃមួយ រឿងដែលមិនគួរឲ្យកើតបានកើតឡើង…

ខ្ញុំនិងគេបានផ្តាច់ទំនាក់ទំនងជាមួយគ្នា និយាយឲ្យខ្លីគឺបែកគ្នា ដោយសារបញ្ហាមួយ។ អ្នកដែលបង្កើតបញ្ហានោះគឺខ្ញុំ! ខ្ញុំជាអ្នកធ្វើឲ្យក្តីស្នេហារបស់ពួកយើងត្រូវបញ្ចប់ ហើយឈុនលីគ្មានកំហុសអីសោះ តែត្រូវមកឈឺចាប់ដោយសារខ្ញុំ។ មកទល់ពេលនេះ ខ្ញុំមានវិប្បដិសារីណាស់ ខ្ញុំចង់ឲ្យគេត្រឡប់មករកខ្ញុំសារជាថ្មី ត្រឡប់មក ដើម្បីឲ្យខ្ញុំប៉ះប៉ូវកំហុសរបស់ខ្ញុំ…
«បងនឹងដាក់ឈ្មោះកូនរបស់យើងថា លីតា…ប៉ាវាឈ្មោះឈុនលី ម៉ាក់វាឈ្មោះ ធីតា…» ប្រយោគមួយឃ្លានេះ នៅតែរងំក្នុងត្រចៀករបស់ខ្ញុំ…គិតមកដល់ពេលនេះ ៦ខែហើយដែលពួកយើងបែកគ្នា…

ខ្ញុំអរគុណព្រហ្មលិខិតដែលបញ្ជូនឈុនលីមក ហើយធ្វើឲ្យខ្ញុំស្គាល់ពាក្យថា ស្នេហាពិត…ទោះបីជា ពួកយើងស្រឡាញ់គ្នាមិនបានយូរដូចគូស្នេហ៍ឯទៀត តែពួកយើងពិតជាស្រឡាញ់គ្នាដោយស្មោះ អស់ពីចិត្តពិតមែន…ខ្ញុំមិនខឹងព្រហ្មលិខិតយកគេទៅវិញទេ ខ្ញុំខឹងខ្លួនឯងច្រើនជាង ដែលធ្វើឲ្យមនុស្សប្រុសល្អដូចជាគេ ត្រូវចាកចេញពីខ្ញុំ…មាននរណាធ្លាប់ស្តាប់បទ «ពេលវេលា» របស់ផលិតកម្មហង្ស មាសទេ? បទនោះ ដូចរឿងស្នេហាខ្ញុំបំផុត…ខ្ញុំឆ្ងល់ថា អ្នកនិពន្ធដឹងរឿងខ្ញុំមែនទេ ទើបនិពន្ធមកចំៗបែបនេះ…

អរគុណសម្រាប់គ្រប់យ៉ាងដែលព្រហ្មលិខិតផ្តល់ឲ្យ…ខ្ញុំនៅតែសង្ឃឹមថា អ្វីដែលខ្ញុំធ្លាប់បានសង្ឃឹម មិនមែនគ្រាន់តែជាក្តីសង្ឃឹមនោះឡើយ…

ក្មេងតូច
០៨ កក្កដា ២០១១ 

  1. ខ្លួនប្រុសសរសេររឿងស្រី!

    • ចុះម៉េចមិនសួរអ្នកតែងរឿងខ្មោចថា «ខ្លួនមនុស្សសរសេររឿងខ្មោច» lolz…😆

  2. ស្រីណារៀបរាប់ប្រាប់ក្មេងតូចឲ្យសរសេរហ្នឹង? រៀបរាប់តាំងពីចូលសណ្ឋាគារទៀត 🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: