មនុស្សថ្មីក្នុងរូបកាយចាស់ :)

ហិហិហិ…គិតៗទៅ មនុស្សយើងប្លែកៗ ប្រែប្រួលមិនទៀង ម្តងចេះម្តងចុះដូចជាខ្ញុំជាដើម…

ពីដើមមក ខ្ញុំជាក្មេងទន់ជ្រាយ ធ្វើអីក៏ចាំតែមានជំនួយពីអ្នកដទៃ តែពេលនេះមិនដូចមុនឡើយ…

ខ្ញុំភ្ញាក់ផ្អើលនៅពេលដែលមិត្តម្នាក់ប្រាប់ថា ខ្ញុំមើលទៅចាស់ទុំជាងមុន ទាំងដែលខ្ញុំមើលខ្លួនឯងដូចជាគ្មានអ្វីប្លែក គ្រាន់តែមួយរយៈនេះមិនសូវលេងសើចច្រើន។ ថ្ងៃមុនទៅរៀនអង់គ្លេស គ្រូដាក់លំហាត់មក ជាង១០ឲ្យសិស្សធ្វើ។ មានម្នាក់អង្គុយខាងក្រោយខ្ញុំ គេធ្វើឬកដូចជាអ្នកចេះ ទោះបីជាគេចេះខ្លាំងមែនក៏ដោយ តែខ្ញុំមិនពេញចិត្តសោះពេលលឺគេនិយាយថា «អូ មេរៀននេះចេះអស់ហើយ ដឹងចឹងអត់មករៀនទេ» ហើយគេឆ្លើយសំណួរពីគ្រូត្រូវភាគច្រើន គេអួតភ្លាមម៉ង។ ខ្ញុំឯណេះធុញពេក សឹងនឹងជ្រែកទៅហែកមាត់ តែនឹកឃើញសុភាសិតមួយថា «ស្ញៀមជាងស្រដី»។ ប្រហែលជាដល់លំហាត់ទី៥ អាអ្នកចេះនោះគេអួតថា ចម្លើយរបស់គេត្រឹមត្រូវ តែសោកស្តាយផង គ្រូប្រាប់ថា ចម្លើយនោះមិនត្រូវទេ…ហាហាហា…ខ្ញុំពេលលឺចឹង ក៏ព្រលយពាក្យមួយឃ្លាថា «ចេះឯង ឲ្យក្រែងចេះគេ» តាំងពីហ្នឹងមក អ្នកចេះនោះលែងហ៊ានមាត់…ហាហាហា…ស្អប់ណាស់អ្នកចេះចឹងចឹង!!! ភ្នំមួយខ្ពស់ នៅមានភ្នំមួយខ្ពស់ជាងហ្នឹងទៀត…ហើយភ្នំហ្នឹងខ្ពស់ ក៏មានស្មៅតូចតាចវាខ្ពស់ជាងភ្នំដែរណា៎😆

និយាយទៅ ខ្ញុំឥឡូវខុសពីមុនច្រើនមែន…ពីមុន អ្វីៗក៏ត្រូវពឹងផ្អែកលើគេ រឿងតូចរឿងធំ ពឹងមិត្តភក្តិ ឬ ប៉ាម៉ាក់ តែឥឡូវ ខ្លួនទីពឹងខ្លួន។ ខ្ញុំគិតថា អ្នកដទៃគេមិនយល់អ្វីដែលយើងចង់បាន ហើយក៏គ្មានអ្វីដែលយើងត្រូវការនោះទេ មានតែខ្លួនយើង ដែលយល់ច្បាស់ថា ចិត្តរបស់យើងចង់បានអ្វី។ ខ្ញុំពឹងលើខ្លួនឯង ដើម្បីស្វែងរកសាលា..ពេលវង្វេងផ្លូវ ក៏ពឹងខ្លួនឯងរកដំណោះស្រាយ ព្រោះខ្ញុំគិតថា មិត្តភក្តិ ឬ អ្នកដទៃ ប្រហែលជារវល់ម្យ៉ាងខ្ញុំមិនចង់រំខានពេលវេលារបស់គេផង។ ការដែលធ្វើអ្វីមួយដោយខ្លួនឯង គ្មានការជ្រោមជ្រែងពីអ្នកដទៃ ថ្វីត្បិតតែមានការលំបាក តែចុងបញ្ចប់ យើងក៏ទទួលបានផលដូចគ្នា។

ខ្ញុំមិនចង់ធ្វើជាត្រីដែលស៊ីចំណីគេឲ្យរាល់ថ្ងៃ រហូតក្លាយជាត្រីដែលចាំតែស៊ីចំណី មិនចេះរកស៊ីដោយខ្លួនឯងនោះឡើយ….

ខ្ញុំដឹងថា អ្វីដែលខ្ញុំមិនអាចកែបាន គឺ សារជាតិរបស់ខ្ញុំ។ ខ្ញុំស្គាល់ខ្លួនខ្ញុំច្បាស់ ស្គាល់ថាខ្ញុំពូកែអ្វី ខ្សោយអ្វី ទោះបីជាពេលខ្លះខ្ញុំព្យាយាមគេចវេសក៏ដោយ។ យើងមិនអាចដឹងទេថា ជីវិតក្នុងថ្ងៃអនាគតនឹងទៅជាយ៉ាងណា ហើយក៏មិនអាចកែប្រែវាសនា ឲ្យដូចជាគំនូរដែលយើងគូរបានដែរ។ អ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺកំណត់គោលដៅជីវិត…រៀបចំមធ្យោបាយធ្វើដំណើរ មើលថាម៉ូតូមានសាំងឬអត់ បើគ្មានត្រូវចាក់សាំងឲ្យពេញ ហើយធ្វើដំណើរទៅរកគោលដៅជីវិតរបស់យើង។ ពាក្យចាស់តែងពោលថា «ចង់ចេះឲ្យសម្លាប់អាចារ្យ» ដូចនេះយើងត្រូវមានកាំបិតម្នាក់មួយៗ ដើម្បីសម្លាប់អាចារ្យ តែកាំបិតនោះត្រូវសម្លៀងរាល់ថ្ងៃ ហើយត្រូវប្រាកដចិត្តថា កាំបិតនោះនឹងមិនច្រេះឡើយ…

ថ្វីបើជីវិតមិនមែនជាការងាយស្រួល តែក៏មិនពិបាកដែរសម្រាប់អ្នកដែលស្គាល់ន័យវាច្បាស់…

ក្មេងតូច
០៥ កក្កដា ២០១១

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: