~Empty Feeling~ អារម្មណ៍ទទេរ…

អត្ថបទនេះខ្ញុំសរសេរយូរហើយ…ក៏ជាអត្ថបទដែលខ្ញុំពេញចិត្តជាងគេ។ ថ្វីត្បិតតែស្នាដៃខ្ញុំមិនល្អដូចអ្នកដទៃ តែខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាន…

Someone told me “The happiness of Love is To Love, even that Love’s not your Love”…

មនុស្សម្នាក់ធ្លាប់ប្រាប់ខ្ញុំថា «សេចក្តីសុខរបស់ស្នេហា គឺ ការដែលបានស្រឡាញ់ ទោះបីជាមនុស្សដែលអ្នកស្រឡាញ់ មិនមែនជាមនុស្សដែលស្រឡាញ់អ្នក…»

ខ្ញុំចាំបានថា ខ្ញុំខានមានអារម្មណ៍បែបនេះជិតមួយឆ្នាំហើយ…ហើយក៏មិនធ្លាប់គិតដែរ ថានឹងយល់អារម្មណ៍នេះម្តងទៀត តែថ្ងៃនេះអារម្មណ៍មួយនេះ ចូលមកក្នុងជីវិតរបស់ខ្ញុំទៀតហើយ…។

ខ្ញុំមិនយំទេ តែទឹកភ្នែកហូរ…ទឹកភ្នែកប៉ុន្មានតំណក់នេះ ហូរមកដោយខ្លួនឯង ទាំងដែលខ្ញុំមិនដឹងខ្លួន ហើយក៏ខំទប់វាកុំឲ្យហូរ ទាំងដែលដឹងរួចទៅហើយថា ទប់មិនបាន។ អារម្មណ៍ទទេស្អាតមួយនេះ បង្កប់នូវអារម្មណ៍តូចៗជាច្រើន ដែលខ្ញុំមិនអាចញែកឲ្យដាច់ពីគ្នាបាន។ អារម្មណ៍ទាំងនោះ ហាក់ដូចមានស្លាប ហោះហើរទៅមកពេញខួរក្បាលរបស់ខ្ញុំ..ម្តងក៏សប្បាយ ម្តងក៏យំ ម្តងក៏សើច…ហើយខ្ញុំក៏សម្រេចចិត្តសរសេរអត្ថបទមួយនេះឡើងមក…

មុនពេលដែលខ្ញុំបើកកុំព្យូទ័រសរសេរអត្ថបទនេះ អារម្មណ៍ជាច្រើនបានផុសចេញមក ហើយខ្ញុំគិតថា នឹងយកវាមកសរសេរប្រាប់អ្នកទាំងអស់គ្នា…ប៉ុន្តែ ពេលដែលផ្ទាំងអត្ថបទនេះបានលោតចេញមក អារម្មណ៍ជាច្រើនអំបាញ់មិញ ក៏រលាយបាត់អស់មួយប៉ព្រិចភ្នែក ទាំងដែលខ្ញុំខំរកនឹកយ៉ាងណា ក៏អារម្មណ៍នៅពេលនេះ គឺជា «អារម្មណ៍ទទេ»…

ខ្ញុំឆ្ងល់ថា មនុស្សម្នាក់នោះ គេមានមន្តអាគមអ្វី ដែលអាចធ្វើឲ្យទឹកភ្នែករបស់ខ្ញុំ ដែលសឹងតែរីងស្ងួតទៅហើយនោះ ប្រែមកជាពោរពេញទៅវិញ? ខ្ញុំសួរខ្លួនឯងជាច្រើនលើកច្រើនសារ ប្រកែកនឹងខ្លួនឯងផង ស្របនឹងខ្លួនឯងផង ដូចជាមនុស្សឆ្កួតពីរនាក់ដែលកំពុងតែឈ្លោះគ្នា…គេ ជាមនុស្សតែម្នាក់គត់ ដែលអាចធ្វើឲ្យវត្ថុម្យ៉ាងនៅដើមទ្រូងខាងឆ្វេង របស់ខ្ញុំមានភាពកក់ក្តៅ ហើយក៏ជាមនុស្សតែម្នាក់ ដែលធ្វើឲ្យវត្ថុម្យ៉ាងនោះក្រៀមស្រពោន។ អាចមិនមែនជាកំហុសរបស់គេទេ តែជាកំហុសរបស់ខ្ញុំ…ខ្ញុំខុស…ខ្ញុំខុសដែលទៅស្រឡាញ់គេ…ព្រោះគេ គ្មានសូម្បីតែកូនចិត្តថានឹងគួចចិត្តលើខ្ញុំបន្តិចណាសោះ។ ចាស់ៗតែងនិយាយថា «ស្នេហាភ្លើងចម្បើង ឆេះហើយតែងរលត់» តែបើសិនជាខ្ញុំថែមឧស ឬ ធ្យូងទៀតនោះ តើភ្លើងនោះអាចរលត់បានដែរឬទេ??

ខ្ញុំជាមនុស្សមិនល្អ ពេលខ្លះក៏អាត្មានិយម ហួងហែង ដូចជាក្មេងដែលមិនចង់ឲ្យស្ករគ្រាប់របស់ខ្លួន ទៅអ្នកផ្សេងដែរ…ខ្ញុំតែងនិយាយប្រាប់ខ្លួនឯងជារឿយៗថា បើគេមិនស្រឡាញ់យើង ឲ្យគេទៅចុះ! គ្មានប្រយោជន៍ទេដែលយើងត្រូវឃាត់គេឲ្យនៅ ក្នុងពេលដែលគេកំពុងចង់ទៅ…តែខ្ញុំធ្វើមិនបាន…នរណាទៅ ដែលទ្រាំឃើញមនុស្សដែលខ្លួនស្រឡាញ់ដើរចេញទៅជាមួយអ្នកផ្សេងបាន? នរណាទៅដែលមិនខូចចិត្ត?

ខ្ញុំដឹងខ្លួនឯងថា ខ្ញុំមិនល្អ មិនស្អាត មិនឡូយឆាយ មិនមែនជាមនុស្សដែលគួរឲ្យចូលចិត្ត ហើយក៏មិនមែនជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍អ្វីដែរ…ខ្ញុំគ្រាន់តែជាមនុស្សធម្មតា សាមញ្ញ ដែលមិនអាចក្លាយជាមនុស្សដែលគេស្រឡាញ់បាន…ខ្ញុំដឹង ថាគេចូលចិត្តមនុស្សស្អាត ទាន់សម័យ ទាក់ទាញ cute…ទាំងអស់នេះគឺផ្ទុយនឹងលក្ខណៈរបស់ខ្ញុំទាំងស្រុង។ ខ្ញុំធ្លាប់គិតថា ខ្ញុំនឹងផ្លាស់ប្តូររូបរាងចាស់ចោល ហើយបំពាក់រូបរាងថ្មីដែលធ្វើឲ្យគេចាប់អារម្មណ៍ចូលចិត្ត…តែមានមនុស្សម្នាក់បានប្រាប់ខ្ញុំថា «បើគេស្រឡាញ់យើងពិតមែន មិនថាសម្បក្រៅយើងអាក្រក់ប៉ុណ្ណា ក៏គេនៅតែស្រឡាញ់ដែរ»…

មនុស្សម្នាក់នោះពិតជាអស្ចារ្យណាស់!! គេអាចធ្វើឲ្យពិភពលោករបស់ខ្ញុំស្រស់ស្អាត ហើយក៏អាចបំផ្លាញពិភពលោកដ៏ស្រស់ស្អាតរបស់ខ្ញុំនេះ ឲ្យរលាយបាត់ផងដែរ…បានហើយ! អស់អីនិយាយហើយ!! អរគុណគ្រប់គ្នាដែលបានយកចិត្តទុកដាក់ស្តាប់ខ្ញុំនិយាយ (ទាំងដែលគ្មាននរណាម្នាក់អានអត្ថបទនេះ)…សុំទោស បើការ tag នេះ រំខានអ្នក…sorry if this tag disturbs u…

«មិនថាអ្នកមានរឿងមិនល្អបែបណានៅក្នុងចិត្ត មិនថាអ្នកឈឺចាប់បែបណានៅក្នុងចិត្ត មិនថាអ្នកជួបទុក្ខបែបណានៅក្នុងចិត្ត…គ្រាន់តែនិយាយចេញមក អ្នកនឹងបានធូរមួយកម្រិត…» ជឿខ្ញុំទេ?? ^_^

    • ឌីយ៉ា
    • 24 ខែមិថុនា 2011

    រឿងនេះ​អានយូរហើយ!

    • ផ្កាយ​ដុះ​​កន្ទុយ​
    • 25 ខែមិថុនា 2011

    កុំ​គិត​ច្រើន… ​ក្មេង​តូច… ដូច​ដែល​ក្មេង​តូច​និយាយ​ចឹង… ​ស្រឡាញ់​មនុស្ស​ម្នាក់ គ្មាន​រំពឹង​ចង់​បាន​ហេតុ​ផល ទោះ​បី​ជា​ម្នាក់​នោះ មិន​ស្រឡាញ់​យើង​ក៏​ដោយ… ហើយ​ម៉្យាង​ការ​ដែល​យើង​​ចង់​ផ្លាស់​ប្តូរ​ខ្លួន​ឯង ក៏​​មិន​ប្រាកដ​ថា​ គេ​ស្រឡាញ់​យើង ព្រោះ​​​ការ​ដែល​ស្រឡាញ់​មនុស្ស​ម្នាក់​ពិត​ប្រាកដ មិន​មែន​សំដៅ​ទៅ​លើ​រូប​រាង​ខាង​ក្រៅ​នោះ​ទេ គឺ​សំខាន់​នៅ​ត្រង់​បេះដូង និង​ចិត្ត​… រឹង​មាំ​ឡើង!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: