ខ្លុយស្នេហ៍ពីអតីត (១)

ខ្ញុំ ស៊ូគិ ហ៊ីរ៉ូ

«ឯងគិតថា អាចរត់រួចពីទីនេះមែនទេ? » ប្រុសក្នុងឈុតខ្មៅម្នាក់និយាយមកខ្ញុំ ខណៈពេលដែលខ្ញុំកំពុងឆ្ងល់ថា ទីនេះជាកន្លែងណា
«ខ្ញុំនិងលោកមិនដែលស្គាល់គ្នាទេ ហេតុអ្វីក៏ចង់សម្លាប់ខ្ញុំ? » គេមិនឆ្លើយ តែកណ្តាប់ដៃរបស់គេហោះមកត្រូវទ្រូងខ្ញុំពេញទំហឹង
«អូយ!» ខ្ញុំខ្ទាតចេញមកប្រហែលជា ១០ម៉ែត្រ
«ប្រើខ្លុយរបស់ឯងទៅ ស៊ូគិ!! ខ្លុយដែលឯងកំពុងកាន់នោះណាស៊ូគិ!! ផ្លុំវាទៅ!!» សម្លេងអនាមិកខ្សឹបដាក់ត្រចៀកខ្ញុំតិចៗ
«តែខ្ញុំមិនចេះផ្លុំទេ!!» សម្លេងនោះប្រាប់ឲ្យខ្ញុំផ្លុំ ចំណែកឯងប្រុសដែលវាយខ្ញុំអំបាញ់មិញ កំពុងសម្លឹងមក។ ជុំវិញខ្លួនរបស់គេមានពន្លឺពណ៌ខ្មៅដែលអាចសម្លាប់ខ្ញុំគ្រប់ពេល
ហ៊ូ..ហ៊ូ ហ៊ូៗៗ…
ខ្ញុំចាប់ផ្តើមផ្លុំ ទាំងដែលខ្ញុំមិនចេះផ្លុំ តែក៏ចេញជាបទយ៉ាងពិរោះ
«បទ បំបែកបេះដូង» គ្រាន់តែប្រុសនោះនិយាយបានប៉ុណ្ណឹង ជុំវិញខ្លួនខ្ញុំចាប់ផ្តើមចេញពន្លឺពណ៌ខៀវ ហើយខ្លុយដែលខ្ញុំកំពុងផ្លុំនោះ ក៏មានពន្លឺដែរ។ សម្លេងខ្លុយ ធ្វើឲ្យគេបាត់ម្ចាស់ការ វិលវល់ៗ ហាក់ដូចជាត្រូវសម្លេងខ្លុយគ្រប់គ្រងសតិ…
ផាំង..ប៊ឹម…
ពន្លឺពណ៌ខៀវ(ភាគច្រើនគេហៅថាយុទ្ធសិល្ប៍) ដែលចេញពីខ្លុយ ហោះលឿនដូចជាព្រួញទៅរកប្រុសម្នាក់នោះ ហើយទម្លុះខ្លួនគេទៅ…

រ៉ឺងៗៗ…រ៉ឺងៗៗ…(សម្លេងនាឡិការោទិ៍)

ខ្ញុំពត់ខ្លួនទៅមកដោយភាពខ្ជិលច្រអូស។ នេះមិនមែនជាលើកទីមួយទេដែលខ្ញុំយល់សប្តិរបៀបនេះ តែជាលើកទី..ទីប៉ុន្មាន គឺ ភ្លេចបាត់ហើយ ^_^ ក៏ព្រោះវាច្រើនពេកហ្នឹងណា៎។ ខ្ញុំប្រញាប់ប្រញាល់ក្រោកទៅបន្ទប់ទឹក ដើម្បីធ្វើធុរៈផ្ទាល់ខ្លួន..ហិហិ..ម្យ៉ាងថ្ងៃនេះជាថ្ងៃប្រឡងចុងក្រោយផង ខ្ញុំមិនចង់យឺតនោះទេ។ អូ៎ភ្លេចណែនាំខ្លួន!!! សួស្តី! ខ្ញុំគឺ ស៊ូគិ សិស្សថ្នាក់ទី ១២ នៃ No Kokusai High School។ បានហើយណា៎​ ទៅស្លៀកពាក់សិន បើរៀបរាប់ច្រើនពេក ខ្លាចទៅប្រឡងមិនទាន់ ព័ត៌មានលម្អិតពីខ្ញុំ ចាំតាមដានបន្តទៅណា..ហិហិ..

៤ម៉ោងកន្លងផុតទៅយ៉ាងឆាប់រហ័ស (រហ័សជាងយកដៃបង្វិលទ្រនិចនាឡិកាទៅទៀត)..

«ម៉េចហើយ ស៊ូគិ? គណិតអំបាញ់មិញនេះ ធ្វើត្រូវឬអត់?» កូមុ ជាមិត្តប្រុសខ្ញុំតាំងពីបឋមសិក្សា ហើយដែលថាមិត្តប្រុសនេះ មិនមែនជាសង្សារទេណា កុំអាលយល់ផ្តេសផ្តាស (-.-) គឺចង់មានន័យថា មិត្តភក្តិ ដែលជាប្រុស (ប្រើពាក្យមិត្តប្រុសខ្លីជាង)

«គឺយើងធ្វើបានតិចតួចតាមទម្លាប់។ ចុះឯង?»

«ក៏ច្រើនតាមទម្លាប់ដែរហ្នឹងណា!! តិចតួចរាល់តែដងហើយឯង ឲ្យតែចេញលទ្ធផលពេលណា ពិន្ទុពេញរហូត តិចតួចរបស់ឯងនោះ (-.,-) »

«មិនបាច់មកធ្វើមុខមិនពេញចិត្តទេណា! ធ្វើម៉េចបើប៉ាម៉ាក់យើងបង្កើតយើងមក ជាមួយខួរក្បាលដ៏អស្ចារ្យ និង មុខមាត់ដ៏គួរឲ្យស្រឡាញ់បែបនេះ…កុំច្រណែនអីណាសម្លាញ់..ហិហិ ^_^» ខ្ញុំនិយាយទាំងធ្វើមុខស្រទន់ បែបរាយស្នេហ៍

«គួរឲ្យស្រឡាញ់ទាល់តែក្អួតបាយល្ងាចហើយឯងនោះ (-_-) »

«កុំអីណា..ស្តាយអង្គរដែលយាយរបស់ឯងខំស្ពាយពីស្រុកមកឲ្យ ហាហាហ» មិនបាច់ឲ្យវាដេញទាត់ទាន់ទេ គឺខ្ញុំរត់បាត់តាំងពីមិនទាន់សើច។ អ្នកផ្សេងប្រហែលជាមិនដឹង តែខ្ញុំដឹងច្បាស់ ព្រោះខ្ញុំនិងវាម្នាក់នោះ ជួលផ្ទះនៅជាមួយគ្នា។ រៀងរាល់ចុងខែ យាយរបស់វាតែងតែមកជាប្រចាំ ដោយមានអង្ករ គ្រឿងទេស (អ្វីដែលសំខាន់គឺ លុយ) និងរបស់របរជាច្រើន សំពីងសំពោងមកជាមួយផង។ ហើយតែងតែ ខល ហៅកូមុ ឲ្យទៅទទួលរបស់ខាងក្រោម (ពួកខ្ញុំជួលផ្ទះនៅជាន់ទី៥)។ តែកូមុមិនពេញចិត្តនូវទង្វើទាំងនោះទេ គឺវានិយាយថា វាខ្មាសគេ។ និយាយទៅ កូមុរស់នៅជាមួយយាយតាំងពីតូច ព្រោះថាប៉ាម៉ាក់របស់គេបានស្លាប់តាំងពីគេទើបនឹងកើតម្ល៉េះ…។

ខ្ញុំដើរមកផ្ទះម្នាក់ឯងទាំងសប្បាយចិត្ត។ ថ្ងៃចុងក្រោយនៃជីវិតសិស្សវិទ្យាល័យត្រូវបានបញ្ចប់ ទោះបីជាមិនដឹងថាលទ្ធផលប្រឡងជាប់ឬធ្លាក់ តែខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ (អួត) ហិហិហិ…ខ្ញុំដើរបណ្តើរច្រៀងបណ្តើរ…តែក៏ទាក់ជើងនឹងប្រអប់មួយ

«យីស!!​ នរណាគេយករបស់មកដាក់លើផ្លូវគេដើរ កុំឲ្យដឹងណា៎ថាអ្នកណា បើដឹងនឹងវាយរហូតដេកពេទ្យ (ខ្លួនឯង) តាម៉ង» ខ្ញុំរអ៊ូតិចៗ ដើរទៅរកប្រអប់នោះ។ ប្រអប់ដែលនិយាយនោះប្រឡាក់ដីពេញ តែបើបោសដីចេញគឺនៅថ្មី ដែលធ្វើអំពីឈើប្រណីត ស្ទើរតែគ្មានក្នុងសម័យនេះ។ ខ្ញុំសន្សឹមៗបើកវាមើល…

«ខ្លុយ??» ខ្ញុំឧទានតិចៗ

ខួរក្បាលខ្ញុំចាប់ផ្តើមដំណើរការទៅរកអ្វីដែលខ្ញុំបានសុបិនឃើញ…មែនហើយ! គឺខ្លុយមួយនេះហើយ ដែលខ្ញុំប្រើជាអាវុធទប់ទល់នឹងពពួកបិសាចនៅក្នុងសុបិន ហើយហេតុអីបានជាវាមកនៅទីនេះ? វា…វាមានរូបរាងពិតដែរ? របស់ក្នុងសុបិនសោះហ្នឹង??

«ខ្លុយ! ខ្លុ..យ..របស់ខ្ញុំ! ជ្រុះ..នៅ..ឯណា..ចេះ? » ដូនចាស់ម្នាក់កំពុងដើរឈ្ងោករកមើលខ្លុយរបស់គាត់

« អ្នកកម្លោះ! មានឃើញប្រអប់មួយឬអត់? » គាត់សួរមកកាន់ខ្ញុំ

« បាទឃើញ។ មួយនេះមែនទេលោកយាយ? » ខ្ញុំបែរទៅរកគាត់ បង្ហាញប្រអប់ដែលគាត់កំពុងស្វែងរក

«មែនហើយ! តែខ្ញុំគិតថា ខ្ញុំមិនយកវិញទេ ចៅទុកប្រើចុះ»

«តែវាជារបស់លោកយាយ ហើយមើលទៅជារបស់បុរាណមានតម្លៃផង ម្យ៉ាងខ្ញុំក៏មិនចេះលេងទៀត មិនដឹងយកទៅធ្វើអីផង»

«តែខ្លុយនេះជារបស់ចៅ។ ចៅមិនចាំវា តែវាចាំចៅ…» ខ្ញុំធ្វើមុខឆ្ងល់នឹងសម្តីរបស់គាត់

«ណ្ហើយ! ទុកថា យាយជូនចៅទៅចុះណា៎។ ថែរក្សាវាឲ្យស្រួលបួលផង ព្រោះថ្ងៃណាមួយ ចៅនឹងត្រូវការវា..យាយលាសិនហើយ» គាត់និយាយព្រមទាំងដើរចេញទៅញ័រៗតាមបែបមនុស្សចាស់។ ខ្ញុំសម្លឹងមើលរបស់នៅក្នុងដៃទាំងងឿងឆ្ងល់..របស់ខ្ញុំ? ខ្ញុំទិញវាពីអង្កាល់? ហើយម៉េចក៏លោកយាយម្នាក់នោះនិយាយស្តីប្លែកៗ?…

នៅផ្នែកម្ខាងទៀត ស្រ្តីចំណាស់អំបាញ់មិញដើរចេញទាំងញញឹម…

«លោកម្ចាស់..ខ្ញុំបានសម្រេចកិច្ចការនោះហើយ។ ជិត ៦០ឆ្នាំដែលខ្ញុំរងចាំ ឥឡូវនេះម្ចាស់គេ មកយករបស់គេវិញហើយ..ខ្ញុំក៏អស់ភារកិច្ចដែរ..»

……………………….

បន្ទាប់ពីចូលដល់ក្នុងផ្ទះ​ ខ្ញុំចូលទៅបន្ទប់ទឹក លាងប្រអប់នោះចេញ។ ក្រោយពីលាងរូច ខ្ញុំក៏យកវាទៅដាក់លើគ្រែ ហើយទៅបន្តបើកកុំព្យូទ័រលេងធ្វើការងាររបស់ខ្ញុំ (គឺលេងហ្គេម)។

គ្រឺតៗ..

ខ្ញុំមានអារម្មណ៍ថាប្រអប់នោះញ័រ តែពេលខ្ញុំងាកទៅមើល គឺគ្មានអីសោះ ប្រអប់នៅស្ញៀមធម្មតា សង្ស័យតែខ្ញុំមើលកុនច្រើនពេកក៏មិនដឹង

គ្រឺតៗ..

នេះមិនមែនមកពីខ្ញុំមើលកុនច្រើនទេណា គឺប្រអប់នោះចេញសម្លេងញ័រពិតមែន តែគ្រប់ពេលដែលខ្ញុំសម្លឹងទៅវា វាបែរជាឈប់ស្ងៀម។ ខ្ញុំមិនអស់ចិត្ត ដើរទៅកាន់ប្រអប់នោះបើកមើល ខ្លុយដែលនៅខាងក្នុងបានបញ្ចេញពន្លឺពណ៌ខៀវមួយឆ្វាច ហើយក៏បាត់ទៅ…

«ន..នេះ..វាជាស្អីឲ្យប្រាកដទៅ? ឬមួយក៏… » ខ្ញុំយកវាចេញពីក្នុងប្រអប់ ហើយផ្លុំ

ពន្លឺពណ៌ខៀវភ្លឺចិញ្ខាចលេចចេញមកពីខ្លួនខ្ញុំ ប្រៀបដូចជាសំណាញ់សិល្ប៍ថ្លាៗហ៊ុំព័ទ្ធខ្លួនខ្ញុំ…ខ្ញុំមានអារម្មណ៍ថា គ្រប់យ៉ាងនៅទីនេះត្រូវបានរលុបបាត់អស់ សល់តែខ្ញុំម្នាក់ឯង កំពុងផ្លុំខ្លុយនៅកន្លែងសស្អាតមួយ គឺប្រៀបដូចក្នុងស្ទូឌីយោ ដែលពេញដោយផ្ទាំងសំពត់ស…ពន្លឺពណ៌ខៀវនៅតែបន្តចេញមកឥតដាច់ ខ្ញុំគិតថា ខ្ញុំមិនដែលរៀនផ្លុំខ្លុយទេ តែហេតុអីបានជាខ្ញុំចេះ? អ្វីដែលកាន់តែចម្លែកទៀតនោះ បទនេះគឺជាបទដែលខ្ញុំតែងផ្លុំក្នុងសុបិន…ពេលនេះជាសុបិនឬអត់? ហេតុអីក៏ខ្ញុំឈរផ្លុំខ្លុយក្នុងពិភពពណ៌សម្នាក់ឯង?…

«ស៊ូគិ! ដឹងខ្លួនហើយអេ៎? » កូមុ ងាកមកមើលពេលឃើញខ្ញុំប្រឹងក្រោកអង្គុយលើគ្រែ

« ខ្ញុំកើតអីហ៎? »

«គឺពេលដែលខ្ញុំមកវិញ ឃើញឯងសន្លប់នៅក្បែរគ្រែ ទាំងមានកាន់របស់នោះផង» វាចង្អុលទៅកាន់ខ្លុយដែលនៅក្នុងដៃខ្ញុំ

«ឯងបានពីណាមក? មើលទៅស្អាតហើយថ្លៃណាស់។ ទៅលួចគេមែនទេ? » វាធ្វើមុខដូចចង់ចាប់កំហុសដាក់ខ្ញុំ

« យើងមិនដល់ថ្នាក់នោះទេវ៉ើយ! អឺ និយាយទៅ ពេលឯងមកដល់ ឃើញយើងសន្លប់មែនទេ? មានឃើញអីមុនហ្នឹងឬអត់? »

«គ្មានទេ។ ពេលមកដល់ឃើញឯងដេកផ្កាប់មុខវាស់ការ៉ូនៅហ្នឹង ក៏លើកឯងដាក់លើគ្រែទៅ»

«អ..ល្អហើយចឹង🙂 តែយើងឆ្ងល់…»

« ឆ្ងល់អី? »

«គ្មានអីទេ…» ខ្ញុំសម្រេចចិត្តមិននិយាយប្រាប់វា ព្រោះមិនទាន់ច្បាស់ក្នុងចិត្តថា មិញនេះជារឿងពិត ឬក៏ជាសុបិនពេលដែលខ្ញុំសន្លប់នោះ…

[សូមរង់ចាំទស្សនាភាគបន្ត…សូមអរគុណ…lolz…hhehehe ^_^]

    • ឌីយ៉ា
    • 23 ខែមិថុនា 2011

    ពីលេខ​មួយ​ដល់​លេខ​ ១០ ខ្ញុំ​ឲ្យ​ពិន្ទុ៖ ៦ ចុះ! អាគិគិគិ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: