រឿងពិតរបស់សម្លាញ់បីនាក់…

កាលពីព្រេងនាយ យូរលង់ណាស់មកហើយ មានមិត្តភក្តិសម្លាញ់ បីនាក់ គឺ ធីតា បុត្រា តុលា។ ពួកគេទាំងបីនាក់ គឺជាមិត្តភក្តិតាំងពីមត្តេយ្យសិក្សា រហូតដល់បច្ចុប្បន្ន។ ពួកគេមិនដែលខ្វល់ពីអ្វីឡើយ លេងជាមួយគ្នារបៀបជាក្មេង។ រឿងរ៉ាវដែលស្មុកស្មាញក៏ចាប់ផ្តើម នៅពេលដែលគេគ្រប់អាយុ ១៨ឆ្នាំ…

« តុលា! គ្នាស្រឡាញ់បុត្រាណា៎!! »

ប្រាវ!!!

កែវដែលតុលាកំពុងកាន់ បានធ្លាក់ចុះមក

« កើតអីហ្នឹងតុលា? » ធីតាស្លន់ស្លោពេលឃើញកែវបែក

« គឺ..គឺខ្ញុំមិនស្រួលខ្លួន ឯងជួយយកប្រអប់ថ្នាំឲ្យខ្ញុំបន្តិចបានទេ? » និយាយចប់ ធីតាក៏ប្រែខ្លួនចេញទៅយកថ្នាំ

« ហេតុអី…ហេតុអីក៏ឯង និង ខ្ញុំ ស្រឡាញ់មនុស្សតែម្នាក់? » តុលានិយាយតិចៗ ល្មមលឺតែខ្លួនគេ

…………………………

ខ្ញុំដើរចូលថ្នាក់បណ្តើរ គិតអ្វីដែលធីតានិយាយពីម្សិលមិញបណ្តើរ

« តូច! នេះទៅធ្វើអីមក បានជាមុខដូចខ្លាឃ្មុំផេនដាចឹង? » ឈ្មោះនេះ គឺមានតែ បុត្រាម្នាក់ទេដែលហៅខ្ញុំ

« គឺយប់មិញជាប់ភ្ញៀវពេញមួយយប់ » តាមពិតខ្ញុំរវល់គិតរឿងម្សិលមិញទេ

« ត្រា! តុលា! នៅនេះសោះ! ខំដើររកពេញមួយថ្ងៃ »

« តែខ្ញុំឃើញឯងទើបមកដល់សាលា មិនទាន់បាន៣០នាទីផង ^_^ » ត្រានិយាយចប់ យើងទាំងអស់គ្នា ក៏សើចគិលឡើង នេះហើយជាជីវិតក្មេងៗ សើចសប្បាយគ្រប់ពេល

« ពួកឯងនិយាយគ្នាចុះ ខ្ញុំទៅរកអីញ៉ាំសិន ឃ្លានណាស់ » ខ្ញុំព្យាយាមទុកពេលឲ្យគេទាំងពីរ នៅជាមួយគ្នា

« កើតអីហ្នឹងតូច? ធម្មតាឯងមិនមែនបែបនេះទេ » ក៏ព្រោះនេះមិនធម្មតាហ្នឹងណា

« គ្រាន់តែមានអារម្មណ៍ថាឃ្លានប៉ុណ្ណោះ » និយាយហើយ ខ្ញុំក៏ដើរចេញ

« ឈប់សិនតូច… » ត្រាចាប់ដៃខ្ញុំ « និយាយគ្នាឲ្យដឹងរឿងសិនមើល! » សុំទោសណាត្រា! ខ្ញុំបេះដៃគេចេញថ្នមៗ ហើយដើរចេញ។ គេមិនតាមខ្ញុំមកទេ ព្រោះមានធីតានៅទីនោះ។

ធីតាបានត្រឹមតែសប្បាយចិត្ត ព្រោះនាងក៏ចង់បានពេលវេលាតែពីរនាក់ ជាមួយបុរសដែលនាងស្រឡាញ់ដែរ តែនាងមិនបានដឹងទេថា បុរសដែលនាងស្រឡាញ់ កំពុងមានចិត្តបែបណា ចំពោះមិត្តសម្លាញ់របស់នាង។

ខ្ញុំដើរមកដល់មាត់ស្រៈរបស់សាលា។ ដោយសារម៉ោងនេះជាម៉ោងរៀនគួរ ទើបខ្ញុំអាចមិនចូលរៀនបាន។ ខ្ញុំស្រាប់តែនឹកឃើញភ្លាមនូវរឿងរ៉ាវដែលបានកើតឡើងនៅទីនេះ ដូចជាដាក់ទូរទស្សន៍ឲ្យមើលចឹង។ ថ្ងៃនោះ….

« តូច! ខ្ញុំស្រឡាញ់ឯង! » ត្រាចាប់ដៃខ្ញុំឲ្យស្ទាបបេះដូងរបស់គេ ដែលកំពុងលោតយ៉ាងញាប់

« ម៉េចនឹងអាចទៅរួចទៅ? យើងជាមិត្តនឹងគ្នាណា៎ »

« តែវាកើតរួចទៅហើយ។ ខ្ញុំដឹងថាឯងប្រាកដជាបដិសេធ តែសូមម្យ៉ាងបានទេ? កុំស្អប់ខ្ញុំអី » គេឱនមុខចុះ ដូចមនុស្សដឹងកំហុស។ ខ្ញុំលើកមុខគេឡើង ហើយអង្អែលថ្នមៗ

« ជាមិត្ត គឺល្អជាងណា » ខ្ញុំនិយាយហើយ ដើរចេញទៅដោយមិនខ្វល់ពីអារម្មណ៍គេ។ តាមពិតទៅ ខ្ញុំក៏ស្រឡាញ់ឯងដែរ តែខ្ញុំមិនចង់ឲ្យឯងខុសព្រោះតែខ្ញុំ។ ខ្ញុំមិនចង់ឲ្យឯងត្រូវអ្នកដទៃស្អប់ខ្ពើម មាក់ងាយរាល់ថ្ងៃនោះទេ ហើយខ្ញុំក៏មិនចង់បំផ្លាញអនាគតរបស់ឯងដោយដៃខ្ញុំផ្ទាល់ដែរ។ ឯងជាបុរសល្អម្នាក់ គឺសមនឹងនារីល្អម្នាក់ មិនមែនខ្ញុំទេ……

…………………………….

« ស្អែកជាថ្ងៃកំណើតត្រាហើយ។ តើខ្ញុំគួរទិញអីឲ្យគេហ្ន៎ តុក្កតាល្អទេ? ឬក៏ ខោអាវ? » ធីតាសួរខ្ញុំ

« ស្អីក៏បាន ឲ្យតែឯងពេញចិត្ត គេក៏ពេញចិត្តដែរ » ខ្ញុំឆ្លើយ

« ខ្ញុំគិតថា ខ្ញុំនឹងសារភាពស្នេហ៍គេនៅថ្ងៃនោះ ឯងគិតថាល្អដែរទេ? » នាងញញឹម ហាក់ដូចជាកំពុងស្រមៃទៅដល់ហេតុការថ្ងៃនោះ

« ល្អ..ល្អតើ! » ខ្ញុំសង្ឃឹមថាគេនឹងស្រឡាញ់ឯងវិញណា

…………………….

ថ្ងៃកំណើតរបស់បុត្រា គឺសាមញ្ញធម្មតាដូចឆ្នាំមុនៗដែរ គឺមានតែ ខ្ញុំ គេ និង ធីតាប៉ុណ្ណោះ។

« រីករាយថ្ងៃកំណើតត្រា! អឺម…ខ្ញុំស្រឡាញ់ត្រាណា៎! ធ្វើជាសង្សារខ្ញុំទៅ » ធីតាសារភាពទាំងអៀនៗ ពេលដែលហុចកាដូឲ្យត្រា

« …..O_O…… » ត្រាងាកមកខ្ញុំ ចង់ឲ្យខ្ញុំនិយាយអីទៅ មិនទេ ទោះជាខ្ញុំត្រូវឈឺ តែឲ្យខ្ញុំឈឺម្នាក់ឯង បានហើយ! មិនបាច់មកឈឺជាមួយខ្ញុំទេ

« ព្រមទៅត្រា! មិនបាច់ហត់ទៅរកឯណាឆ្ងាយផង ^_^ » ខ្ញុំប្រឹងញញឹម ទាំងដែលក្នុងចិត្ត ក្រៀមស្រពោន ដូចផ្កាគ្មានទឹក

« ខ្ញុំសុំពេលគិតសិនណា ធីតា »

« មិនបាច់គិតទេ! យើងស្គាល់គ្នា ជាង១០ឆ្នាំហើយ នេះឯងនៅមិនទាន់ស្គាល់ធីតាទៀតហេស? »

ខ្ញុំធ្វើជាលើកទូរស័ព្ទឡើង ទាំងដែលគ្មាននរណាតេរមកសោះ

« អាឡូ!! អូឃេ! ខ្ញុំទៅឥឡូវហើយ!! » ខ្ញុំផ្តាច់ទូរសព្ទហើយ និយាយទៅកាន់ពួកគេទាំងពីរ

« ខ្ញុំមានការ ត្រូវទៅផ្ទះមុនហើយណា។ រីករាយថ្ងៃកំណើតណាត្រា! ហើយក៏ជូនពរពួកឯងទាំងពីរ ឲ្យស្រឡាញ់គ្នារហូត »

« តូច…. 😦 »

ខ្ញុំក៏ដើរចេញទៅ ព្យយាមមិនឲ្យទឹកភ្នែកស្រក់មក តែធ្វើមិនបាន…សុំទោសណាត្រា យើងមិនអាចស្រឡាញ់គ្នាបានទេ ហើយខ្ញុំក៏មិនចង់ឲ្យធីតាត្រូវខូចចិត្តដែរ។ ខ្ញុំដឹង ឯងក៏ឈឺមិនចាញ់ខ្ញុំប៉ុន្មានដែរ តែខ្ញុំសង្ឃឹមថា ធីតាអាចព្យាបាលឯងបានណា។ ឈប់គិតពីខ្ញុំទៅ ហើយមើលឲ្យបានឆ្ងាយ អ្នកដែលសមនឹងឯង គឺធីតា មិនមែនខ្ញុំទេ….

ចប់ដោយសង្ខេប

មង្គលបូរី ថ្ងៃអង្គារ ទី ០៧ ខែកញ្ញា ឆ្នាំ ២០១០

ម៉ោង ១២ និង ៣០នាទី

ក្មេងតូច

ដោយសារតែមានបញ្ហាបច្ចេកទេស ទើបមិនអាចយករឿង «te quiero, ខ្ញុំស្រឡាញ់អ្នក» មកដាក់ជូនបាន។ ហេតុនេះហើយ ទើបខ្ញុំសរសេររឿងថ្មីនេះ ទាំងកណ្តាលយប់ យកមកឲ្យមើល។ កុំប្រកាន់អីណា…

Advertisements
    • Boy
    • 7 ខែកញ្ញា 2010

    នេះជារឿងពិតរបស់ តូចមែនទេ?

  1. ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
    -សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
    -ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
    http://www.childhelpline.org.kh/Defaultkh.aspx

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: