ស្នេហ៍ចៃដន្យ…? (ភាគទី៥)

ថ្ងៃនេះ ម្សៀរធិ បបួលខ្ញុំទៅលេងសមុទ្រ។ ខ្ញុំពិតជាសប្បាយចិត្តមែនទែន ទោះបីជាត្រូវធ្វើ ជាមនុស្សជំនួស តែខ្ញុំសប្បាយចិត្តនឹងធ្វើ មិនមែនថាខ្ញុំស្រឡាញ់គេទេណា គឺមកពីខ្ញុំចង់ទៅសមុទ្រ។ ពួកយើង ចេញដំណើរម៉ោង៧ព្រឹក។ ដំបូង ខ្ញុំគិតថានឹងបានទៅជាមួយគេតែពីរនាក់ តែបែរជាត្រូវខកចិត្ត ព្រោះមាន មនុស្សម្នាក់ទៀតរួមដំណើរ គឺសង្សារចាស់គេនោះឯង។

ម្សៀធិជាអ្នកបើកឡាន សង្សារគេអង្គុយខាងមុខ ឯខ្ញុំនៅខាងក្រោយ។ មានអារម្មណ៍ថាខ្លួនឯងដូចជាចំណែកលើសម៉េចមិនដឹង ព្រោះគេនិយាយគ្នាតែពីរនាក់ ទុកខ្ញុំចោល បែបថា អត់មាននរណានិយាយជាមួយខ្ញុំសោះ។ ហើយខ្ញុំក៏ដឹងថា គេយកខ្ញុំគ្រាន់តែបាំងមុខ កុំឲ្យអ្នកផ្សេងដឹងថា មកជាមួយសង្សារគេប៉ុណ្ណោះ។ គិតហើយដូចជាឈឺចិត្តម៉េចមិនដឹងទេ 😥

ថ្ងៃនេះ ព្រះអាទិត្យត្រូវបាំងដោយពពក ធ្វើឲ្យអាកាសធាតុនៅតាមផ្លូវ ត្រជាក់បន្តិច។ តែធម្មជាតិ មើលទៅស្រស់បំព្រងដដែល ជាពិសេសដូងប្រេងដែលត្រូវដាំជាជួរៗ ជាមួយនឹងធាងដែលត្រូវខ្យល់បក់ រវិចៗ។ រយៈពេលបីម៉ោងមកនេះ ខ្ញុំគ្មានបាននិយាយអីសោះ គឺគេពីរនាក់និយាយរហូត តាំងពីពេលនៅរៀន រហូតដល់បច្ចុប្បន្នធុញ…zzz…

« ណែ! គិតចង់ដេកដល់ពេលណាទៀត? » សម្លេងដាស់ ជាមួយនិងសម្លេងខោកលាន់លឺរង្គើក្បាលខ្ញុំ

« ដល់ហើយហ៎? » ខ្ញុំសួរ

« ហែកភ្នែកមើលទៅ? » ពេលដែលខ្ញុំបើកភ្នែកឡើង..វា៎!!! សមុទ្រ!!! ខានមកយូរហើយ ទឹកនៅតែប្រៃណ៎ (ចុះសមុទ្រណាមិនប្រៃ?) ខ្ញុំមិនបង្អង់យូរ រត់ចេញទៅឆ្នេរភ្លាម

« ចង់ទៅណា? ត្រឡប់មកយកឥវ៉ាន់ទៅទុកសិន!! » អាគាត់នេះ ចូលចិត្តរំខានអារម្មណ៍មនុស្សាណាស់

ទម្រាំតែរៀបឥវ៉ាន់ដាក់បន្ទប់រួច ដល់ពេលបាយថ្ងៃល្មម។ ភ្លេចប្រាប់ទៅថា ម្សៀរនេះមានផ្ទះនៅទីនេះ ទើបមិនបាច់ទៅរកសណ្ឋាគារ ម្យ៉ាងផ្ទះនេះនៅជាប់មាត់សមុទ្រផង ^_^ បាយថ្ងៃត្រូវបានរៀបចំដោយ មីងដែលនៅចាំមើលផ្ទះ (អត់ដឹងហៅគាត់ថាម៉េចទេ)។ នៅទីនេះ ខ្ញុំក៏មិនចាំបាច់តែងខ្លួនជាអីទៀតដែរ ធ្វើខ្លួនធម្មតាៗ ព្រោះគេមានគូហើយនោះអី។

……………………..

« ទេវីចង់ទៅផ្សារទេ ធិតគេចង់ទៅ តែគ្មានអ្នកទៅជាមួយ » ឈិស! នេះខ្ញុំនិយាយថាចង់ទៅពីពេលណា?

« ខ្ញុំក៏ចង់ទៅដែរ គិតថានឹងទៅទិញសម្លៀកបំពាក់ហែលទឹកផង » អើ! បើចឹងទៅតែពីរនាក់ទៅ

« តែខ្ញុំសុំទៅគេងវិញ ព្រោះដូចជាមិនសូវស្រួលខ្លួនសោះ »

« ចុះក្រែងថាចង់ទៅអ្ហី ធិត? » សួរខ្ញុំ

« ចង់ដែរ តែធ្វើម៉េចបើឥឡូវឈឺក្បាល ទៅអត់បានទេ 🙂 »

« តាមចិត្តចឹង តោះទេវី! » ខ្ញុំក៏ឡើងទៅបន្ទប់គេង ក្រោយពេលបាយ ដូចជាត្រូវថ្នាំសណ្តំម៉េចចឹងទេ (-_-)

ទីត!!!ៗៗ!!!

« អាឡូ! » ខ្ញុំនិយាយ

« ម្សៀរធិតមែនទេ? » សម្លេងនរណាគេ ដូចធ្លាប់ស្គាល់

« នរណាគេហ្នឹង? »

« គឺខ្ញុំ ភារក្ស » អើ! តាមពិតអាគាត់នេះសោះ

« ហើយមានការអីហាស់? »

« ដឹងថាយើងភ្លាម ប្តូរសម្លេងភ្លាមណ៎ មិញនេះឲ្យផ្អែម!! »

« បើគ្មានអីទេ យើងបិទហើយ! » ស្អប់ឯងណាស់

« ឈប់! បើឯងបិទ យើងនឹងចូលទៅរំលោភឯងដល់បន្ទប់! » ស្មានតែយើងខ្លាចហ៎ ពេលនេះយើងនៅសមុទ្រ ណាវ៉ើយ! គិតហើយ ខ្ញុំក៏បិទទូរស័ព្ទ

តុកៗ!!

« មានការអ..…? អាគ្រាក់!! (o.O) នេះឯងចូលមកយ៉ាងម៉េចបាន? »

« មានពិបាកអី ប្រាប់អ្នកយាមថា មករកឯងហ្នឹងណា! »

« ហើយឯងមកទីនេះយ៉ាងម៉េចបាន? »

« ក៏ជិះឡានមក ឯងស្មានតែមានម៉ូតូឌុបជិះមកដល់ហេស? » មើលវាឆ្លើយ!! ឈ្លើយណាស់ (អន់ជាងខ្ញុំបន្តិច)

« មករកដល់បន្ទប់ ប្រហែលនឹកយើងខ្លាំងហើយមើលទៅ » ខ្ញុំចាប់ផ្តើមសម្តែង ហើយឱបកគេ

« ឯងចង់ធ្វើអី? » ទឹកមុខរបស់វាដូចជាភ័យបន្តិចហើយ

« ក្រែងឯងថា បើខ្ញុំបិទទូរស័ព្ទនឹងរំលោភខ្ញុំនោះអី ចូលមក » ខ្ញុំនិយាយហើយ ទាញដៃវាទៅរកគ្រែ

« ហ៊ើយ! អាឆ្កួត!! មិនលេងជាមួយទេវ៉ើយ!! » វាព្យាយាមបេះដៃខ្ញុំ ដែលតោងកវាជាប់ ដូចតុកកែ

« លែងយើង! លែងវ៉ើយ!! » ហាសហា! ម៉េចមិនខ្លាំងទៀតទៅ

« មានអីមែនទេអ្នកប្រុសធិត? លឺសូរស្រែកពេញផ្ទះ ហើយលោកម្នាក់នេះម៉េចក៏មុខក្រហមម្ល៉េះ? គ្រុនឬ? ចាំអ៊ំទៅយកថ្នាំឲ្យ » អ៊ំមេផ្ទះមកទាន់ កុំអីបានខ្លួនអាគាត់រក្សហើយ..និយាយលេងទេ ^_^ កុំអីបានធ្វើបាប ទៀតហើយ ឲ្យវារាងចាលម្តង!!

« គ្មានអីទេអ៊ំ! គឺមិញនេះមានពីងពាងលើអាវខ្ញុំ ខ្ញុំក៏លោតតោងកម្សៀរនោះទៅ » កុហកបានសមណាស់ខ្ញុំ

« តោះ! ខ្ញុំគិតថាយើងគួរតែទៅដើរលេងហើយ » ខ្ញុំនិយាយហើយអូសដៃអារក្សចេញទៅ

…………………………………….

ខ្ញុំនិងអារក្ស បាននាំគ្នាទៅទិញឥវ៉ានប្រើប្រាស់មួយចំនួន។ ថ្វីត្បិតតែពួកយើងចូលចិត្តឈ្លោះគ្នា តែក៏សប្បាយម្យ៉ាងដែរ ព្រោះមានមនុស្សដើរជាមួយ។ ខ្ញុំបានសុំម្សៀធិ ដើម្បីឲ្យអារក្ស ស្នាក់នៅផ្ទះនេះដែរ។ ល្ងាចនេះ ខ្ញុំ ម្សៀធិ និង អាគាត់រក្ស បានរៀបចំពិធីជប់លៀងតូចមួយ នៅអាងហែលទឹក ដោយមានការចូលរួមពីមិត្តភក្តិរបស់ម្សៀធិជាច្រើន ដែលសុទ្ធតែជាកូនអ្នកមាន ដែលតម្រូវឲ្យស្លៀកពាក់ជារបៀបអ្នកមាន។

ម្សៀរធិគេស្លៀកឈុតពណ៌ស មើលទៅដូចកូនកម្លោះ ត្រូវគ្នាជាមួយសង្សារគេដែលស្លៀករ៉ូបពណ៌ស រំលេចទៅដោយគ្រឿងពេជ្រជាច្រើន។ ចំណែកខ្ញុំ ត្រូវចាប់ឲ្យតែងខ្លួនជាស្រីស្អាតម្នាក់ក្នុងរ៉ូបពណ៌ខ្មៅ ជាគូនឹង អាគ្រាក់ទ្រយឹង (ព្រោះតែវាបង្ខំ)។ ពេលនេះ ខ្ញុំកំពុងតែឈរក្រេបរសជាតិទឹកផ្លែឈើដែលខ្ញុំចូលចិត្ត មិនហ៊ានផឹកស្រាទេខ្លាចពេលស្រវឹង មានគេលបធ្វើផ្តេសផ្តាស (ខ្លាចទៅធ្វើអីគេ ដូចជាត្រូវជាង)។ កំពុងតែឈរ ស្រាប់តែមានមនុស្សម្នាក់ដើរមកបុកខ្ញុំយ៉ាងខ្លាំង ធ្វើឲ្យខ្ញុំដួលទៅក្នុងទឹក

ប្រូង!!

« ជួយផង! ខ្ញុំមិនចេះហែលទឹកទេ!!!! » ខ្ញុំស្រែក ទាំងខំធ្វើដៃធ្វើជើង តែគ្មានបានផលសោះ

ប្រូង!! មានមនុស្សម្នាក់លោតមកជួយខ្ញុំ ខ្ញុំមើលមិនច្បាស់ទេថាគេជានរណា តែខ្ញុំមានអារម្មណ៍ថា គេគឺសមិទ្ធិ។ មិនទាន់មកដល់ផង មានមនុស្សម្នាក់ទៀតធ្លាក់ទឹកដែរ ហើយគេក៏ហែលទៅរកមនុស្សម្នាក់នោះ ដោយទុកខ្ញុំចោល។ ខ្ញុំអស់កម្លាំងនឹងតស៊ូ ហើយក៏គ្មាននរណាម្នាក់ចុះមកជួយខ្ញុំចឹងក៏បានខ្ញុំចាប់ផ្តើមលិចបន្តិចម្តងៗ តែមុននឹងខ្ញុំលេងបាត់ទៅ មានដៃមកចាប់ត្រកងខ្ញុំ ហើយខ្ញុំក៏លែងដឹងខ្លួន….

ខ្ញុំបើកភ្នែកឡើង ឃើញបន្ទប់របស់ខ្លួនឯង..នេះខ្ញុំនៅមិនទាន់ស្លាប់ទេមែនទេ ល្អណាស់!

« ដឹងខ្លួនហើយហ៎ ធិត? »

« អឺម! »

« ខ្ញុំទៅវិញហើយចឹង! » គេនិយាយហើយក៏ដើរចេញទៅ ខ្ញុំក៏មិនឃាត់ដែរ ព្រោះមិញនេះ គេទុកខ្ញុំចោល.. ធ្វើឲ្យខ្ញុំដឹងថា គេឲ្យតម្លៃខ្ញុំត្រឹមតែជាអ្នកបម្រើប៉ុណ្ណោះ។ គិតដល់ត្រឹមនេះ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះមក ខ្ញុំមិនបានយំទេ គ្រាន់តែចង់លាងភ្នែកប៉ុណ្ណោះ។

« គ្រាន់តែប៉ុណ្ណឹងដល់ថ្នាក់យំផងហេស? សុខៃធិត ដែលមានរហស្សនាមថា បុរសបេះដូងដែក មិនរំជើបរំជួល មិនចេះទុកសោក ឥឡូវនេះចេះយំហើយហ៎? » ភារក្សដើរចូលមក

« នរណាថាខ្ញុំយំ? ខ្ញុំគ្រាន់តែលាងភ្នែកតើ! » វាដើរចូលមក ហើយជូតទឹកភ្នែកឲ្យខ្ញុំ

« តោះ! ចេញទៅដើរលេងមាត់សមុទ្រ ប្រហែលជាអាចឲ្យឯងធូរអារម្មណ៍ណា »

« តែ…. » ខ្ញុំស្ទាក់ស្ទើរ

« តោះ.. » វាទាញដៃខ្ញុំចេញទៅ..អេស៎ អ្នកណាផ្លាស់ខោអាវឲ្យខ្ញុំ? ឬមួយក៏ជាទេ!!!!!!!!

……………………………..

ខ្ញុំនិងភារក្ស កំពុងដើរលើខ្សាច់។ រលកសមុទ្រពេលយប់ធំៗណាស់ណ ហើយខ្យល់ក៏ខ្លាំងទៀត តែមានអារម្មណ៍ថា ដូចជាស្អិតៗ ^_^

« រក្ស! ខ្ញុំឈឺជើង » ខ្ញុំធ្វើជារំអួយ តែតាមពិតគ្មានឈឺអីទេ គឺខ្ជិលដើរ

« ឈឺខ្លាំងទេ? នេះច្រើនឆ្នាំហើយ នៅតែមិនបាត់ឈឺទៀតហ៎? » នៅចាំបានទៀត! គឺខ្ញុំមានជម្ងឺតាំងពីតូច គឺតែងតែឈឺសាច់ដុំកំភួនជើងជាញឹកញាប់។

« ខ្ញុំទៅទៀតលែងរួចហើយ » ហត់ណាស់ នេះដើរមកជាង១០គីឡូហើយទេដឹង

« ចឹងចាំខ្ញុំអៀវ » វានិយាយហើយ អង្គុយចុះ បានដៃហើយ! កំពុងតែខ្ជិលដើរស្រាប់ផង

១៥នាទីកន្លងផុតទៅ….

« យប់ជ្រៅហើយ គិតទៅវិញអត់? » គ្មានសម្លេងតប

« អេ៎!!! » គេអង្រួនតិចៗ

« កុំរំខាន!! មនុស្សកំពុងដេក » ខ្ញុំនិយាយតិចៗទាំងងងុយ តាមពិតទៅគ្មានដេកអីទេ គ្រាន់តែចង់សំងំ ព្រោះទឹកអប់លើខ្លួនគេក្រអូបខ្លាំងណាស់ (រោគចិត្ត)

« ដេកលក់ហើយហ៎ដេកក៏ល្អហើយ នឹងមិនបានលឺអ្វីដែលខ្ញុំនិយាយ » ខ្ញុំព្យាយាមធ្វើដូចមនុស្សដេកលក់ ហើយចាំស្តាប់គេនិយាយ

« ខ្ញុំមិនគិតថា ខ្ញុំនឹងបានជួបឯងទៀតសោះឯងឆ្ងល់ទេថា ហេតុអីខ្ញុំចូលចិត្តឈ្លោះជាមួយឯង? ព្រោះបើមិនឈ្លោះទេ គឺគ្មានអីនិយាយនោះទេ។ វាចម្លែកណាស់ ដែលខ្ញុំចូលចិត្តធ្វើឲ្យឯងខឹង ព្រោះពេលដែលឯងខឹង ហើយឈ្លោះជាមួយខ្ញុំ គឺគឺគួរឲ្យស្រឡាញ់ណាស់ » ខ្ញុំភាំងនឹងសម្តីដែលគេនិយាយ តែតាំងអារម្មណ៍ស្តាប់ទៀត

« ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនស្រឡាញ់ឯងទេ ព្រោះខ្ញុំអាចនឹងខូចចិត្តជាខ្លាំងបើសិនឯងបដិសេធ ហើយក៏កាន់តែខូចចិត្តទៀត បើឯងស្អប់ខ្ញុំខ្ញុំខ្លាច ពេលខ្ញុំប្រាប់ថាស្រឡាញ់ឯង នឹងធ្វើឲ្យឯងស្អប់ខ្ញុំ..បើសិនភាពជាមិត្ត អាចឲ្យខ្ញុំនៅក្បែរឯងដូចពេលនេះ ខ្ញុំរីករាយធ្វើជាមិត្ត តែអ្វីដែលខ្ញុំចង់ប្រាប់នោះគឺ..ខ្ញុំ ស្រឡាញ់ ឯង » ខ្ញុំនិយាយអ្វីលែងចេញ..ល្អហើយដែលខ្ញុំធ្វើពុតជាដេកលក់ មិនអញ្ចឹង ខ្ញុំមិនដឹងប្រឈមមុខនឹងគេដោយរបៀបណានោះទេ។ ខ្ញុំកំពុងច្របូលច្របល់ចិត្តខ្លួនឯង មិនដឹងថាធ្វើយ៉ាងម៉េចទេ..តើខ្ញុំគួរធ្វើយ៉ាងណាបន្ត បើចិត្តរបស់ខ្ញុំ កំពុងតែមានមនុស្សពីរនាក់ ក្នុងពេលតែមួយ?…

នៅមានត…

Advertisements
  1. មិនទាន់អានទេ!រកមើលភាគមួយអោយឃើញសិន!ហេហហេហេហេ
    😀

  2. finally i could recall some part of this story… 2 years after you post the Ch 8.. lol… thnk you anyway

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: