ផ្កាពន្លឺព្រះច័ន្ទ (វគ្គ ១)

*** រឿងនេះ មិនមែនខ្ញុំសរសេរទេ ហើយក៏មិនដឹងអ្នកណាសរសេរដែរ ព្រោះចម្លងតាមសៀវភៅមក គ្មានឈ្មោះអ្នកនិពន្ធ ^_^ ដោយសារកុំព្យូទ័រខូច ធ្វើឲ្យបាត់ឯកសារឿងខ្លះ ទើបត្រូវសរសេរឡើងវិញ ហើយក៏យករឿងនេះមកជំនួស សង្ឃឹមថាល្អមើលណា…រឿងនេះដែរ មិនមែនជារឿងហ្គេយ៍ទេណា មើលបានតាមសប្បាយ ហើយកុំភ្លេច ខំមិនផង ^_^

ភាគទីមួយ ៖ រឿងក្រឡាប់ចាក់អស់ហើយ!!

« ម៉ាក់មកវិញហើយឬ? ខ្ញុំនឹកដល់ម៉ាក់ខ្លាំងណាស់ »

ខ្ញុំម្នីម្នារត់ទៅទទួលម៉ាក់នៅមុខផ្ទះ ប៉ុន្តែ!!! ឆ្កែឡប់ផ្ទះណាហ្នឹងមកជុះអាចម៍នៅផ្លូវដើរ ផ្ទះរបស់ខ្ញុំ? អាឆ្កែគ្មានម៉ែប្រដៅ អាឆ្កែគ្មានរបៀប ចេះមកជុះបែបនេះទៅកើត។ ខ្ញុំលោតរំលងអាចម៍ឆ្កែនោះមកយ៉ាងស្រស់ស្អាត​ ហាក់ដូចជាកីឡាករអត្តពលកម្មជម្រើសជាតិ ប៉ុន្តែស្បែកជើងចង្រៃវាក៏ធ្វើឲ្យរអិល។

ព្រឺត!!! គ្រាំង!!!

« អូយ… 😥 »

« ស្លាប់ហើយ ចេ កូនម៉ែ ក្បាលរបស់កូន…ក្បាលរបស់កូន…ប្រឡាក់អាចម៍ឆ្កែហើយ » ម៉ាក់ឈរស្រឡាំងកាំងប្រហែលពីរវិនាទី ហើយក៏ប្រាប់ខ្ញុំដែលកំពុងដេកច្រង៉េងច្រង៉ាង ចាប់កង្កែបនៅដី។

« ហឺ​ុ! ហឺ​ុ! អាឆ្កែឡប់ ម៉េចក៏មកជុះត្រង់នេះទៅកើត »

ខ្ញុំរួសរាន់ក្រោកចេញពីអាចម៍ឆ្កែនោះ រលាស់ក្បាលខ្លាំងជាងអ្នកចម្រៀងរ៉ុកទៅទៀត…ដើម្បីឲ្យ អាចម៍ពណ៌លឿងនេះ ចេញពីក្បាលរបស់ខ្ញុំ ហើយខ្ញុំក៏រត់ទៅកាន់ក្បាលរ៉ូប៊ីនេទឹកដែលនៅមុខផ្ទះ ហើយក៏ច្បូតដៃយករបស់កខ្វក់ ចេញពីសក់ដ៏ស្រស់ស្អាតរបស់ខ្ញុំ។

« ម៉ាក់ថា ឯងទៅងូតទឹកវិញល្អជាង មុននឹងក្លិនស្អុយខ្លាំងជាងនេះ » ម៉ាក់និយាយបណ្តើរ យកដៃខ្ទប់ច្រមុះបណ្តើរ​ កូនស្រីគ្រាន់តែប្រឡាក់ឆ្កែបន្តិចសោះ ម៉េចក៏ចាំបាច់ធ្វើឬកពារស្អប់ខ្ពើមដល់ថ្នាក់នេះ?

ខ្ញុំរត់ចូលក្នុងផ្ទះភ្លាមៗ តែមុននឹងចូលក្នុងផ្ទះក៏ងាកមកសួរម៉ាក់ថា

« ម៉ាក់ចង់ឲ្យខ្ញុំយួររបស់ចូលផ្ទះសិនដែរទេ? »

« មិនបាច់ទេ ឯងលាងសម្អាតរបស់ដែលនៅលើក្បាលរបស់ឯងឲ្យរួចរាល់សិនទៅ ល្អជាង »

………………………

ក្រោយពីងូតទឹករួចរាល់ហើយ ខ្ញុំក៏ចុះមកពីជាន់ខាងលើ ដែលជាវិមានរបស់ខ្ញុំ ^_^

« ចេ កុំរត់អីកូន កំពុងតែរឡាក់រឡើកស្រាប់ផង ក្រែងលោ…»

ផាំង! ផាំង! ឌឹប! ប្រាវ!

ម៉ាក់និយាយមិនទាន់ចប់ប្រយោគផង ខ្ញុំក៏រមៀលដួលបះជើងមកពីកាំជណ្តើរជាន់ទីពីរ.. អូយ! ឈឺចុកចាប់ខ្ទេចខ្ទាំរាងកាយអស់ហើយខ្ញុំ Y_Y

« មើលចុះ និយាយមិនទាន់ផុតពីមាត់ផង ឈឺដែលទេកូន? » ម៉ាក់ជាទីស្រឡាញ់របស់ខ្ញុំ ចូលមកគ្រាខ្ញុំឡើង ក្នុងដៃរបស់គាត់កាន់ទូរស័ព្ទ ប្រហែលជាប្រុងតេរទៅណា

« ម៉ាក់ប្រុងទូរស័ព្ទទៅណា? »

« ម៉ាក់ប្រុងតេរទៅរកបងរបស់ឯង ក្រែងលោម៉ាក់ជួយឯងមិនទាន់ នឹងបានឲ្យបងប្រុសឯង យកទៅវត្តតែម្តង »

« អូ! ម៉ាក់និយាយបែបនេះទៀតហើយ លើកមុនម៉ាក់ហៅមកមែនទែន ខ្ញុំវីសនឹងត្រូវយកឡើងទៅលើឡាន ព្រមជាមួយនឹងសាកសពទៅហើយ » ខ្ញុំយកទូរស័ព្ទដៃ ចេញពីម៉ាក់យ៉ាងរហ័ស មុននឹងខ្ញុំត្រូវបានសែងទៅដេកជាមួយសាកសព (-.-)

« ឯណារបស់ទិញផ្ញើខ្ញុំ? »

« មានតើ ម៉ាក់ខំលួចយកពីទីបេឯណោះ…នេះនែ៎! ផ្កាពន្លឺព្រះច័ន្ទមកពីទីបេ » ម៉ាក់ធ្វើមុខ មោទនភាព ក្នុងដៃមានផើងផ្កាតូចមួយដែលជាផ្កាពណ៌ខៀវ មានតែមែកនិងផ្កា គ្មានស្លឹក សំខាន់ជាងនេះទៅទៀត គឺមានក្លិនឈ្ងុយទាក់ទាញជាខ្លាំង

« ដើមឈើទៀតហើយម៉ាក់  ផ្ទះរបស់យើងកាន់តែជិតដូចព្រៃអាម៉ាហ្សូនហើយ! ម៉ាក់នៅទិញដើមឈើមកផ្ញើខ្ញុំទៀត បន្តិចទៀត ខ្ញុំនឹងក្លាយទៅជាមនុស្សព្រៃ រស់នៅក្នុងផ្ទះព្រៃមិនខាន !

ខ្ញុំទួញថ្ងូរនឹងម៉ាក់ជាទីស្រឡាញ់ គាត់ជាព្រឹក្សសាស្រ្ត គាត់តែងយកដើមឈើចម្លែកៗ មកផ្ទះជានិច្ច។ នៅក្រាយផ្ទះ មានរោងដាំដើមឈើដែលខ្ញុំត្រូវប្រថុយស្លាប់ ចូលទៅស្រោចទឹក មើលថែរដើមឈើរាល់ថ្ងៃ។ ខ្ញុំប្រើពាក្យថាប្រថុយស្លាប់ គឺខ្ញុំប្រើមិនខុសទេ ព្រោះមានដើមឈើចម្លែកៗដែលម៉ាក់ទិញតាំងពីវានៅតូចៗ រហូតមកដល់សព្វថ្ងៃនេះ ធំណាស់ ខ្ញុំខ្លាចតែដើមឈើនោះ ខាំក្បាលខ្ញុំទេ។ ខ្ញុំមានគម្រោងថា នឹងលួចយកវាទៅលក់នៅសួនផ្កាឲ្យអ្នកដែលចូលចិត្តរបស់ប្លែកៗ គេនឹងបានទទួលកម្មជំនួសខ្ញុំ :mrgreen:

ដើមឈើគ្រោះថ្នាក់ទី២គឺវល្លិ៍ពិស ដែលម៉ាក់ខ្ញុំយកមកពិសោធបំបាត់ភាពរឡាក់រឡើក របស់ខ្ញុំ។ ខ្ញុំមិនដឹងថាម៉ាក់គិតយ៉ាងម៉េចទេ ពិសរបស់វាធ្វើឲ្យមនុស្សមមីងមមាំងមួយអាទិត្យពេញ…ម៉ាក់អើយម៉ាក់ ចង់ឲ្យខ្ញុំស្លាប់ឬ? សព្វថ្ងៃខ្ញុំដាំវា ដោយដាក់ក្នុងកន្លែងងងឹតក្នុងរោងដាំដើមឈើ  ចង់កាត់ចោលក៏ស្តាយផ្កាស្អាតៗក្រហមស្រស់របស់វា ដែលចេញផ្ការាល់ខែ។

ចំណែកដើមផ្សេងៗទៀត ខ្ញុំកំចាត់ជិតអស់ហើយ 😆 នៅសល់តែដើមឈើគ្រោះថ្នាក់ ប៉ុន្មានប្រភេទប៉ុណ្ណោះ។ នៅទីបំផុត ប៉ាទ្រាំឃើញពិបាកមិនបាន ក៏ជួលឲ្យជាងមកធ្វើជា ប្រព័ន្ធថែទាំដើមឈើក្នុងរោងដាំដើមឈើ ហេតុនេះ ខ្ញុំមានតួនាទីត្រឹមតែដាក់ជីប៉ុណ្ណោះ ហើយនឹងកាត់តុបតែងមែកម្តងម្កាល។

« ដើមឈើនេះពិសេសណាស់កូន វាជាដើមឈើក្នុងក្បួនតម្រាវេទមន្តអាថ៌កំបាំងទីបេ ចាំម៉ាក់សិក្សាស្រាវជ្រាវសិន ចាំយើងមកលេងជាមួយគ្នា » នេះគឺជាការឃោសនាបបួល ដ៏គួរឲ្យព្រឺព្រួចបំផុតក្នុងលោក ទៅលេងជាមួយម៉ាកឬ? ម៉ាក់!! ខ្ញុំចង់មានអវយវៈគ្រប់គ្រាន់ ពេញលេញ

« ម៉ាក់យកខ្ញុំទៅពិសោធទៀតហើយហ៎? ទេ!! គ្មានផ្លូវជាដាច់ខាត លើកមុនខ្ញុំឡើងកន្ទួលពេញខ្លួន ប៉ោងមាត់ដូចសត្វចម្លែក…លើកនេះ ខ្ញុំមិនក្លាយទៅជាខ្ទើយហើយទេ ឬអីម៉ាក់? »

« លើកមុនខុសបច្ចេកទេសតិចតួច លើកនេះម៉ាក់ធានាថា គ្មានគ្រោះថ្នាក់ទេ » ម៉ាក់ញញឹមពព្រាយ មិនគិតបន្តិចសោះថា ហេតុអីកូនស្រីមានជីវិតកម្សត់បែបនេះ 😥

« ទេ!! ទោះយ៉ាងណាក៏ខ្ញុំមិនលេងជាមួយដែរ ម៉ាកបញ្ឈប់គម្រោងការនេះទៅ ទោះយ៉ាងណាក៏ខ្ញុំមិនចូលរួមជាមួយដែរ  អឺ..ចុះប៉ាមិនមកជាមួយម៉ាក់ទេហ៎? ចុះក្រែងថាមកជាមួយគ្នានោះអី? »

« កុំនិយាយពីប៉ាឯងអី ប្រុសអីប​ិ​ុនតូចចិត្តដល់ហើយ ម៉ាក់ទុកចោលនៅព្រលានយន្តហោះ បន្តិចទៀត ពេលបាត់រងារនឹងមកវិញខ្លួនឯងហើយ »

ម៉ាក់និងប៉ាងរដាក់គ្នាទៀតហើយ ពួកគាត់គឺជាប្តីប្រពន្ធដែលងង៉ក់ដាក់គ្នាពេញមួយឆ្នាំ ពេញមួយជាតិ មិនលើកលែងថ្ងៃឈប់សម្រាក មិនដឹងជារស់នៅដោយរបៀបណាទេដល់ទៅ ២០ឆ្នាំ រហូតមានកូនធំប៉ុនក្របីដូចជាខ្ញុំ?

« ម៉ាក់ធ្វើបែបនេះដាក់ប៉ា ប្រយ័ត្នគាត់គេចទៅមានប្រពន្ធចុង »

« សាកមើលទៅ!! ម៉ាក់នឹងបោះឲ្យអាទីងលី សី​​ុតែម្តង »ទីងលី គឺជាដើមឈើយក្សនោះ ម៉ាក់ខ្ញុំឃោឃៅដែរទេ?

« ឯងយកដើមផ្កានេះទៅទុកក្នុងបន្ទប់ទៅ កុំឲ្យវាត្រូវពន្លឺថ្ងៃជាដាច់ខាត មិនអញ្ចឹងទេ វានឹងងាប់ ប៉ុន្តែ ឲ្យត្រូវពន្លឺព្រះច័ន្ទបាន ហើយបើត្រូវពន្លឺព្រះច័ន្ទរាល់ថ្ងៃ វានឹងចេញផ្កាកាន់តែឆាប់ »

« ចេញផ្កាឆាប់ឬ? ដើមប៉ុនឈើចាក់ធ្មេញហ្នឹងឬ? »

« មែនហើយ! តាមធម្មតាវាចេះផ្កា១០ឆ្នាំម្តង តែបើនៅកន្លែងដែលមានពន្លឺព្រះច័ន្ទញឹកញាប់ អាចនឹងបន្ថយមកនៅត្រឹម ៦-៧ឆ្នាំ »

« ទម្រាំតែចេញផ្កាដល់ទៅ៦ឆ្នាំ ទម្រាំតែបាន១០ផ្កា អ្នកដាំប្រាកដជាស្លាប់មុនហើយ »

« មិនចាំបាច់និយាយដោយសម្លេងបែបនេះក៏បានដែរ សាកដាំមើលសិនទៅ ម៉ាក់ឃើញឯងពូកែដាំដើមឈើសឹងអី កូនជាមនុស្សដៃត្រជាក់ ដាំអីក៏បានផលដែរ កូនយកទៅទុកឲ្យម៉ាក់បន្តិចផង ម៉ាក់ទៅងូតទឹកសិនហើយ ហើយចាំយើងនាំគ្នាទៅញាំ​ុ បាយនៅខាងក្រៅ »

« ចា៎ »

« ហើយកុំធ្វើឲ្យដើមឈើនេះធ្លាក់ វាជារបស់ដែលពិបាករកណាស់ » ម៉ាក់នៅងាកមកបញ្ជាខ្ញុំទៀត

« ចា៎ » ខ្ញុំមិនរឡាក់រឡើកដល់ថ្នាក់ហ្នឹងទេម៉ាក់

ម៉ាក់មកនៅផ្ទះជាមួយខ្ញុំបានត្រឹមតែមួយអាទិត្យ ក៏ជិះយន្តហោះទៅបរទេសវិញ។ ខ្ញុំចាប់ផ្តើមនៅផ្ទះម្នាក់ឯងតាំងពីរៀនថ្នាក់ទី១០ ហើយក៏ត្រូវទៅរៀននៅសាលា ដែលឲ្យសិស្សត្រូវស្នាក់នៅក្នុងសាលា ដោយបានមកផ្ទះតែម្តងក្នុងមួយអាទិត្យ ដោយមានមីងដែលនៅក្បែរផ្ទះចាំជួយឈាងមកមើលដើមឈើក្នុងផ្ទះ ហើយថ្ងៃឈប់សម្រាក ខ្ញុំក៏បានមកមើលថែវិញម្តង។ ពីរថ្ងៃទៀតដល់ថ្ងៃចូលរៀនវិញហើយ ខ្ញុំនឹងបានទៅសប្បាយរីករាយជាមួយមិត្តភក្តិ នៅផ្ទះគួរឲ្យធុញសឹងស្លាប់ ប៉ានិងម៉ាក់ក៏នៅផ្ទះខ្លះដែរ តែមិននៅច្រើនជាងនៅ។

ខ្ញុំរៀននៅសាលាដែលមានតែសិស្សស្រី ជាសាលាដែលម៉ាក់ធ្លាប់រៀន។ ខ្ញុំមានសេចក្តីសុខជាមួយមិត្តភក្តិនៅទីនោះ ទោះជាជួនកាលត្រូវពួកសិស្សច្បងជ្រេញ ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់ខ្ញុំក៏ដោយ។

សក់ពណ៌ត្នោតរួញទឹករលកស្អាត ភ្នែកពណ៌ត្នោតសី​ុនឹងទម្រង់មុខពងក្រពើ បបូរមាត់ក្រហមស្រស់ មិត្តភក្តិជាច្រើននាក់និយាយថា ខ្ញុំគួរឲ្យស្រឡាញ់ដូចតុក្កតា ឃើញទេ? ខ្ញុំអត់បានកាន់ជើងខ្លួនឯងទេ ស្អាតពិតមែន :mrgreen:

………………………

ព្រះច័ន្ទដ៏ធំកំពុងតែបញ្ចេញពន្លឺ យប់នេះដូចជាធំជាងសព្វដង ផើងផ្កាដើមពន្លឺច័ន្ទ ដាក់នៅរានហាល ទទួលយកពន្លឺព្រះច័ន្ទដែលបាចសាចចូលមក។ ផ្ការបស់វាហាក់ដូចជាកំពុងតែរីកធំឡើង ផ្កាពណ៌ខៀវចាប់ផ្តើមរីក។ មិនគួរឲ្យជឿនឹងភ្នែកសោះថា ស្រទាប់ផ្កាចាប់ផ្តើមប៉ោងក្រាស់ឡើងភ្លាមៗ នៅពេលត្រូវពន្លឺព្រះច័ន្ទ ហើយក្លិនឈ្ងុយទាក់ទាញគួរឲ្យស្រក់ទឹកមាត់ ដែលខ្ញុំធុំកាលពីថ្ងៃ កាន់តែជះក្លិនខ្លាំងឡើងៗ ហាក់ដូចជាអ្នកណាមកបើកហាង លក់នំដុតក្នុងបន្ទប់របស់ខ្ញុំ។

ព្រះជាម្ចាស់ជួយ!! អូ..ក្លិនដូចនំចឹង វាមាន៥ស្រទាប់ បើខ្ញុំក្តិចមួយស្រទាប់មកភ្លក់ ម៉ាក់នឹងដឹងដែរទេថាបាត់?​ ម៉ាក់ប្រាកដជាចាំមិនបានទេ ដើមឈើរបស់គាត់ច្រើនរហូតចាំមិនអស់ទៅហើយ។

ម្រាមដៃរបស់ខ្ញុំឈោងសន្សឹមៗ ក្តិចស្រទាប់ផ្កាពណ៌ខៀវក្រាស់ ចេញពីដើម មានជ័រហៀរចេញមកបន្តិចបន្តួចប្រឡាក់ចុងម្រាមរបស់ខ្ញុំ។ ខ្ញុំហិតក្លិនរបស់វា ក្លិនវាឈ្ងុយខ្លាំងណាស់ ហើយខ្ញុំក៏ញាំ​ុអស់ រសជាតិផ្អែមឈ្ងុយនៅជាប់នឹងចុងអណ្តាត ឆ្ងាញ់ជាងនំដែលខ្ញុំធ្លាប់ញាំ​ុទៀត។ បើញាំ​ុអស់ទាំងដើម តើម៉ាក់នឹងសំពោងក្បាលខ្ញុំដែរទេ?​ ដើមឈើនេះបង្កាត់ពូជយ៉ាងម៉េចទៅ? បើដាំវាចេញផ្កាច្រើនៗ ខ្ញុំប្រាកដជាមានមិនខាន ^o^ តែម៉ាកនិយាយថា ១០ឆ្នាំទើបវាចេញផ្កាមួយ ទម្រាំតែបានលុយ សង្ស័យចាស់កោងខ្នងមុនទៅហើយ។

ភ្នែកនិងត្របកភ្នែករបស់ខ្ញុំចាប់ផ្តើមលែងសាមគ្គីគ្នាហើយ ខ្ញុំយកដើមផ្កាពន្លឺច័ន្ទទៅទុកក្រោមគ្រែដើម្បីគេចពន្លឺថ្ងៃនៅពេលព្រឹក ហើយក៏គេងនៅលើគ្រែ ដែលពោរពេញទៅដោយតុក្កតាយ៉ាងមានសេចក្តីសុខ។

…………….

ជីប! ជីប! ជីប

សម្លេងសត្វស្រែក…អាសត្វឡប់ មកដាស់ខ្ញុំទាំងព្រលឹមទៀតហើយ ថ្ងៃឈប់សម្រាកនៅផ្ទះមិនដែលបានគេងដល់ថ្ងៃសោះ តិចចាប់ពួកឯងមកស្ងោរជ្រក់ឥឡូវហ្នឹង…កាលពីយប់មិញរវល់តែមើលផ្កាពន្លឺច័ន្ទដល់យប់ជ្រៅ  ឥឡូវងងុយគេងមិនបាត់សោះ។ ខ្ញុំគ្រវីក្បាលទៅមកពីរបីដង អីយ៉ា! សាប៊ូកក់សក់នេះក្រអូបល្អដល់ហើយ ដល់ថ្នាក់ខានកក់សក់បីថ្ងៃទៅហើយ សក់នៅតែក្រអូបទៀត (-.-)

អូយ៎ ហេតុអីក៏អាវគេងរបស់ខ្ញុំចង្អៀតម្ល៉េះ ក្នុងរយៈពេលវិស្សមកាលនេះ ខ្ញុំក្លាយជាជ្រូកដល់ថ្នាក់ហ្នឹងផងឬ? ខ្ញុំពត់ខ្លួនបន្តិច រួចក៏ចូលទៅបន្ទប់ទឹកអង្គុយនៅលើបង្គន់ អេ! ហេតុអីក៏ពេលបត់ជើងតូចប្រឡាក់បែបនេះ។ ខ្ញុំឱនមើលទៅផ្នែកខាងក្រោយដោយការឆ្ងល់

« អូ! ព្រះជាម្ចាស់ជួយ! ចេក!!! ស្រវាំងភ្នែកទេដឹង? មិនមែនទេៗ គ្មានផ្លូវទេ អាយ!! ឡប់ ឡប់ » អំបាញ់មិញខ្ញុំឃើញរូបភាពបំភាន់ភ្នែកមែនទេ? ខ្ញុំញីភ្នែកហើយឱនមើលវាម្តងទៀត

« មិនមែនទេ! ខ្ញុំប្រហែលជាកំពុងតែយល់សប្តិ » ខ្ញុំក្តិចខ្លួនឯង

« អូយ! ឈឺតើ » តែអាដៃធំបែបនេះ មិនមែនជាដៃរបស់ខ្ញុំទេ សក់ពណ៌ខៀវត្រឹមស្មានេះ ក៏មិនមែនជារបស់ខ្ញុំដែរ អ្នកណាមកលេងកំប្លែងជាមួយខ្ញុំហ្នឹង?

ខ្ញុំប្រញាប់ប្រញាល់ក្រោកពីបង្គន់រត់ទៅកាន់កញ្ចក់ដែលនៅក្នុងបន្ទប់គេង ខ្ញុំមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ពិចារណារូបភាពដែលនៅចំពោះមុខ

« អា!!! អា!!! អា!!! ទេ!!! មិនអាចទៅរួចទេ! » ខ្ញុំស្រែកខ្លាំងៗស្ទើរតែបែកផ្ទះ

ភាគទី២ ៖ បន្ទប់ប្រុសឃោឃៅ

រូបភាពមនុស្សនៅក្នុងកញ្ចក់ គឺជារូបរបស់អ្នកដែលមានមុខមាត់ដូចខ្ញុំ តែមានសក់ពណ៌ខៀវវែងដល់ត្រកៀក។ ខ្ញុំសម្លឹងមើលភ្នែកពណ៌ខៀវដោយការងឿងឆ្ងល់ ចិញ្ចើមពណ៌ស្រគាំជាងពណ៌សក់ កំពុងតែជ្រួញចូលគ្នាដោយការងឿងឆ្ងល់។ រូបរាងខ្ពស់ស្រឡះស្លៀកឈុតគេង ហើយឈុតនោះខ្លីត្រឹមជង្គង់ ហាក់ដូចជាពួកឡប់សតិដែលទៅលួចខោអាវស្រីមកពាក់ ថែមទាំងមានអាអឺៗគេនោះទៀតផង..ខ្ញុំមានអានេះ ប្អូនប្រុសរបស់ខ្ញុំ អា!!

« ខ្ញុំកំពុងយល់សប្តិមែនទេ? ភ្ញាក់ឡើង ប្រញាប់ភ្ញាក់ឡើង នេះជាយល់សប្តិអាក្រក់ ឯងគេងធ្វើអីចេ? »

ខ្ញុំប្រើទាំងដៃឆ្វេងស្តាំទះកំផ្លៀងខ្លួនឯងជាខ្លាំងឡើងស្ពឹកមុខ តែរូបភាពដែលនៅចំពោះមុខនៅតែមិនប្រែប្រួល…ប្រុសនៅក្នុងកញ្ចក់ក្រហមថ្ពាល់ទាំងសងខាង ភ្នែកបើកធំៗមើលមកខ្ញុំវិញ។​ ខ្ញុំឡើកដៃឆ្វេងឡើងគេក៏ធ្វើតាមខ្ញុំ ខ្ញុំទះគូថខ្លួនឯង គេក៏ធ្វើតាមទៀត។ ខ្ញុំរត់ចូលទៅក្នុងបន្ទប់ទឹក លៀនអណ្តាតដាក់កញ្ចក់នៅក្នុងនោះ ប៉ុន្តែ រូបភាពដែលជះត្រឡប់មកវិញមានអាកប្បកិរិយាមិនខុសគ្នាបន្តិចសោះ។

« មានរឿងអីកើតឡើងចំពោះខ្ញុំ? នេះជាកម្មវិធីបោកគ្នាលេងមែនដែរទេ?  ឬក៏ខ្ញុំឡប់សតិ រវើរវាយ វង្វេងវង្វាន់ មានបញ្ហាខួរក្បាល អាក!!! អ្នកណាក៏បានដែរ ប្រាប់ខ្ញុំផងថាមានរឿងអីកើតឡើង » ខ្ញុំជំទាលខ្លាំងៗលាន់ពេញផ្ទះ ខ្ញុំទើបតែសង្កេតឃើញថា សម្លេងដែលចេញមកមិនមែនជាសម្លេងខ្ញុំទេ

« ឡប់ហើយ ឡប់ៗៗៗៗ នេះជាសម្លេងអ្នកណា ហើយសម្លេងខ្ញុំបាត់ទៅណា? ប៉ា! ម៉ាក់! អ្នកណាលេងកំប្លែងជាមួយខ្ញុំទៅ? » បន្ទាប់ពីជាងកន្លះម៉ោងដែលខ្ញុំនិយាយរអ៊ូ ប៉ប៉ាច់ប៉ប៉ោចនៅក្នុងបន្ទប់ ដើរទៅដើរមកដូចឆ្កួតជ្រូក ខ្ញុំក៏ចាប់ផ្តើមឃ្លាន សតិស្មារតីចាប់ផ្តើមវិលមកវិញយឺតៗ ចាប់ផ្តើមពិនិត្យមើលបម្រែបម្រួលរបស់ខ្លួនឯង។

ខ្ញុំក្លាយទៅជាមនុស្សប្រុសដែលមានរបស់រយីងរយោងនៅខាងក្រោម មានសក់ពណ៌ខៀវវែង ហើយមានក្លិនក្រអូបតិចៗ បើខ្ញុំចាំមិនខុសទេ គឺធ្លាប់ធុំក្លិននេះមកពីណាមក…ដៃរបស់ខ្ញុំធំជាងមុន ហើយមានអារម្មណ៍ថា ខ្លួនឯងខ្ពស់ជាងមុនជិត ១០សង់ទីម៉ែត មុខស្រដៀងនឹងកាលពីខ្ញុំនៅជាមនុស្សស្រីជាខ្លាំង ហាក់ដូចជាបងប្អូនភ្លោះនឹងគ្នា តែអ្នកដែលនៅក្នុងកញ្ចក់គឺជាមនុស្សប្រុស ដោយមានផ្នែកសំខាន់បញ្ជាក់អះអាង យ៉ាងច្បាស់។

ខ្ញុំដើរទៅបន្ទប់របស់ប៉ានិងម៉ាក់ រើខោអាវរបស់ប៉ាដែលអាចស្លៀកបានមួយសម្រាប់ ហើយរឿងខោក្នុងធ្វើយ៉ាងម៉េចទៅ ខោតាមបែបមនុស្សស្រីដែលខ្ញុំកំពុងតែស្លៀកពេលនេះ បិតបាំងមិនជាប់ទេ។ ខ្ញុំសាកល្បងចាប់ប្អូនតូចនោះមើល ដូចជាយ៉ាងម៉េចមិនដឹង។

ហើ​ុយ! មិននឹកស្មានសោះថា កើតមកជាតិនេះនឹងមានប្អូនប្រុសជារបស់ខ្លួនឯង។ រំពេចនោះ ភ្នែកខ្ញុំប្រទះឃើញខោខ្លីរបស់ប៉ា យកមកស្លៀកសិន 😀

នៅមានត…

    • Polen
    • 23 ខែមិថុនា 2010

    អស្ជារ្យតែម្តងហ្ន៎ ចង់អោយក្លាយជាការពិតដល់ហើយ

    • កុមារកាមទេព
    • 24 ខែមិថុនា 2010

    ដល់ក ប្រឌិតទាំងភ្នែកស្រស់ហើយនៀក!!!! 🙂

    • ប្រឌិតអី? សាលាខ្ញុំគេវ៉ាកងតាំងពីដើមខែ ៦ មកម្ល៉េះ

    • កុមារកាមទេព
    • 24 ខែមិថុនា 2010

    រូបភាពមនុស្សក្នុង mirror ប្រុសស្រីអីទៅ? ប្តូរភេទមែនទេ?

  1. ចម្លែក! អ្នក​សរសេរ​ក៏​អស្ចារ្យ​ទៀត…

    • maren
    • 23 ខែកញ្ញា 2010

    កាលណាបានមើលភាគបន្ត

  1. No trackbacks yet.

ទំលាក់ មួយចំលើយតប ទៅ ក្មេងទំនើង បោះ​បង់​ការ​ឆ្លើយ​តប