កំណាព្យ « រៀន »

សព្វថ្ងៃនេះ មានអារម្មណ៍ថា ធុញម៉េចមិនដឹងទេ! រៀនក៏មិនចូល អីក៏មិនចេះ គិតអីក៏មិនចាំទៀត Y_Y តាសេបារាំងក៏ខុស តាសេអង់គ្លេសក៏ខុស បើនិយាយពីតាសេខ្មែរវិញ កាន់តែខុសទៀត។ ចំណាត់ថ្នាក់ខែនេះធ្លាក់ដល់ លេខ ២៦ 😥 ពីសិស្សពូកែ ធ្លាក់មកនៅត្រឹមសិស្សអន់ 😥 មើលទៅត្រូវធ្វើអ្វីម្យ៉ាងហើយ…មែនទេបងប្អូន? ខ្ញុំប្រហែលជាមិនសូវបានមកទីនេះទេ ព្រោះត្រូវទៅជម្រះបញ្ជី ជាមួយពួកអាស្លាប់អស់នោះ…គ្រាន់តែធ្លាក់លេខតិចតួចសោះ មើលងាយឯងដល់ក…មានអាអ្នកខ្លះថា «រៀនអន់សោះនឹង ចេះប្រឡងជាប់សិស្សពូកែដែរ! ប្រហែលជាសូកលុយគេក៏មិនដឹង!» មិនដឹងជាសូកបានការអីទេ? សូកធ្វើអី ខាតលុយអត់ប្រយោជន៍! បើដឹងថាខ្លួនមិនខ្មោច ទៅប្រឡងរកអី? ជាប់សិស្សពូកែមិនដឹងបានអីផង គ្រាន់តែដឹងសមត្ថភាពខ្លួនតិចតួចប៉ុណ្ណោះ! ចាំមើលទៅ បើរៀនមិនល្អវិញទេ សុខចិត្តទៅរៀននៅអាមេរិច ^_^

ខូចចិត្តពេក សុំបញ្ចេញកំណាព្យពីរបីឃ្លា…លេងពាក្យ៧ម្តងមើល! លើកមុខលេងពាក្យ៩ គេរិះគន់ច្រើនពេក

ឈរក្រោមទឹកភ្លៀងទាំងទទឹក                                       មេឃភ្លៀងទាំងព្រឹកស្ពឹកឱរ៉ា

ដូចសត្វទទារគ្មានមេបា                                                  កម្សត់ឯកាទទូរភួយ ។

មិនដឹងហេតុអីសព្វថ្ៃងនេះ                                              រៀនអីមិនចេះយ៉ាងគួរព្រួយ

រៀនរករៀនរាប់រៀនជំនួយ                                             រៀនតែខ្លួនមួយមិនចេះអី ។

មិនដឹងហេតុអីរៀនមិនចូល                                           រៀនដាក់រៀនដោលរៀងរាល់ថ្ងៃ

រៀនចូករៀនចាប់គ្មានសំចៃ                                           រៀនគិតឃ្មាតខ្មីរៀនរហូត ។

មិនដឹងហេតុអីពេលប្រឡង                                           ឬកម្មមកស្នងឲ្យរបូត

វិជ្ជាប៉ុន្មានមិនភរភូត                                                         រកតែ១សោតក៏មិនមាន។

មើលទៅខ្ញុំត្រូវខំឡើងវិញ                                               ខំរៀនទន្ទេញក្បួនរបៀន

រៀនមើលរៀនគិតរៀនក្លាហាន                                     រៀនកុំឲ្យខានរៀនឲ្យឈ្នះ ។

រៀនតាំងពីដូចរហូតធំ                                                     រៀនរៀបរៀនផ្គុំមានជម្នះ

មិនដូចឥឡូវសព្វថ្ងៃនេះ                                                 រៀនអ្វីមិនចេះដូចមុនសោះ ។

ខ្ញុំត្រូវតែខំប្រឹងឡើងវិញ                                                 ​ រៀនស្អប់រៀនជ្រេញរៀនឲ្យអស់

រៀនគូសរៀនវាសគ្មានចន្លោះ                                        រៀនឲ្យសមឈ្មោះសិស្សពូកែ ។

រៀនហើយរៀនទៀតរៀនជានិច្ច                                   រៀនចាំរៀនភ្លេចរៀនហូរហែ

រៀនទៅរៀនមករៀនបែកបែរ                                        រៀនរាងរឿងស្នេហ៍រៀនឲ្យដឹង ។

រៀនទៅរៀនទៅទាន់នៅក្មេង                                        រៀនក្រោករៀនគេងរៀនឲ្យប្រឹង

រៀនទាន់ពេលនៅរៀនកុំខឹង                                          រៀនឲ្យចេះដឹងគេសរសើរ ។

រៀនលើកទឹកចិត្តខ្លួនឯងផង                                          រៀនមើលរៀមច្បងគ្រប់ដំណើរ

រៀនផ្តល់កម្លាំងចិត្តបណ្តើរ                                             កុំចាំហិចហើររកអ្នកផ្សេង ។

រៀនស្អប់ស្រឡាញ់កុំបិទបាំង                                        ស្រឡាញ់ឲ្យខ្លាំងកុំចំបែង

ស្រឡាញ់ខ្លួនកុំក្រែងរអែង                                             រៀនស្នេហ៍ខ្លួនឯងជាងស្នេហ៍គេ ។

រៀនឈររៀនងើបពេលខ្លួនដួល                                   រៀនដើរឲ្យស្រួលកុំទំនេរ

ពេលដួលយើងក្រោកកុំរិះរេ                                          ​រៀនស្តីរៀនជេររៀនតទៅ ។

រៀនស្តាប់រៀនឆ្ងល់រៀនកុំខ្លាច                                      រៀនកោងរៀនកាចឲ្យចំផ្លូវ

រៀនខំរៀនខូចទាន់ខ្លួនត្រូវ                                             រៀនកែតម្រូវទាន់គេប្រាប់ ។

រៀនដើររៀនដួលរៀនដោះស្រាយ                              វិបត្តិទាំងឡាយឲ្យបានឆាប់

រៀនច្រើនចេះច្រើនយ៉ាងចំណាប់                                រៀនជួសរៀនដាប់ឲ្យគ្រប់គ្រាន់ ។

រៀនសើចរៀនយំរៀនខូចចិត្ត                                       រៀនរិះរៀនគិតរៀនភាំងភាន់

រៀនភររៀនភូតឲ្យគ្រប់គ្រាន់                                        រៀនលួចរៀនប្លន់អ្នកដទៃ ។

ដែលថាឲ្យលួចគឺលួចឈឺ                                             ភ្នែកមើលឲ្យភ្លឺឃើញប្រុសស្រី

គេល្អជាងខ្លួនគេប្រពៃ                                                    រៀនឈឺរាល់ថ្ងៃប្រជែងគេ ។

រៀនឲ្យបានខ្លាំងកុំឲ្យចាញ់                                            រៀនខឹងរៀនខ្នាញ់រៀនកុំល្ហែ

គេល្អយើងក៏ធ្វើបានដែរ                                                 មនុស្សដូចគ្នាទេកុំអន់ចិត្ត ។

ដែលឲ្យរៀនប្លន់ប្លន់ចំណេះ                                         គ្រប់សព្វតម្រេះទោះតូចល្អិត

វិជ្ជាប៉ុន្មានគ្រូជុំជិត                                                           បញ្ឈៀងបញ្ឈិតយកទាំងអស់ ។

ប្លន់យកឲ្យអស់នូវវិជ្ជា                                                    គ្រប់គ្រូនានាកុំចន្លោះ

ទោះចង់មិនចង់មិនត្រូវឈ្លោះ                                      រៀនចាក់រៀនចោះអ្វីដែលល្អ ។

ដូចពាក្យលោកថាកើតជាមនុស្ស                                 ទាំងស្រីទាំងប្រុសខ្មៅឬស

មិនដែលចេះឯងលេខអក្សរ                                          រៀនទោះខ្លួនក្រក៏ខំទៅ ។

រៀនឆ្លាតរៀនចេះរៀនធ្វើឡប់                                      រៀនឈោងរៀនឈប់រៀនល្ងង់ខ្លៅ

កុំអាងខ្លួនចេះបន្តិចទៅ                                                  មើលឃើញគេក្រៅមិនដល់ខ្លួន ។

រៀនហ៊ានរៀនហក់រៀនគ្រប់ល្បិច                              រៀនចេញរៀនគេចឲ្យត្រូវក្បួន

រៀនចងរៀនចាប់ចំណាប់ជួន                                       កុំគិតតែខ្លួនគិតគេផង ។

រៀនទៅទាន់ពេលយើងនៅមាន                                  រៀនស្រេករៀនឃ្លានរៀនចេះចង

ចាប់យកចំណេះពីអ្នកផង                                             រៀនវេញចំណងនៃចំណេះ ។

រៀនលើកទឹកចិត្តខ្លួនឯងមុន                                        រៀនរែករៀនពន់ទោះមិនចេះ

កុំចាំគេលើកក្រោកពេលនេះ                                       ចំណេះយើងមានក្រោកខ្លួនឯង ។

រៀនស្រឡាញ់ខ្លួនជាងស្នេហ៍គេ                                 រៀនស្រឡាញ់ម៉ែជាងអ្នកផ្សេង

ស្រឡាញ់ជាងស្រីឬប្រុសក្មេង                                    គុណម៉ែធំធេងលើសទាំងអស់ ។

រៀនអត់រៀនធ្មត់ពេលគាត់ជេរ                                    កុំធ្វើវៀចវេកុំតាំងឈ្លោះ

ត្រង់អ្នកដទៃក្រៅសាច់សោះ                                      គោរពគេហួសជាងមាតា ។

ខ្ញុំប្រាប់ទៅចុះណាបងប្អូន                                           ម្តាយស្រឡាញ់កូនជាងអ្នកណា

ទឹកចិត្តពេញដោយក្តីមេត្តា                                          កូនខុសប៉ុណ្ណាក៏ប្រណី ។

ខ្ញុំប្រាប់ឲ្យបងប្អូនចេះគិត                                             ឲ្យមានគំនិតវិនិច្ឆ័យ

កុំចាំហួសពេលទាន់នៅថ្ងៃ                                          វិប្បដិសារីគ្មានថ្ងៃក្រោយ….

អូយ! ហត់ណាស់!! នៅមានច្រើនទៀត តែខ្ញុំខ្ជិលផ្សាយ ខ្លាចគេដឹងស្ទីលរៀន ^_^

ជូនពរខ្លួនខ្ញុំឲ្យ រៀនពូកែជាងពីមុន….

Advertisements
 1. អូយ ឡើងរោយមាត់ហើយ”រៀន”…។ព្យាយាមកុំអោយវែងពេក វាអាចនាំអោយគេខ្ជិលអាន និងចាកប្រធាន។

  • នឹងមិនទាន់អស់ផង! នេះជាការនិយាយទូន្មាន! ថាទូន្មានក៏មិនត្រូវដែរ គឺជាយោបល់ឲ្យបងប្អូនគិតលេងៗ 😀

  • កុមារកាមទេព
  • 24 ខែ​កុម្ភៈ 2010

  វែងដូចកន្ទុយខ្លែង!!!!

  • ជា
  • 26 ខែ​កុម្ភៈ 2010

  ចាយពាក្យ ចុងចួនបានល្អមែន! សូមសរសើរ

 2. មាន​​វិចារ​បី​នាក់​ហើយ​ហ្នឹង? ចេះ​សរសេរ​កំណាព្យ​ដាស់តឿន​ខ្លួន​ឯង​ចឹង​ល្អហើយ រួច​កុំ​រវើរវាយ​ពេក អនាគត​វា​នៅ​វែង​ឆ្ងាយ…​ ខូច​ចិត្ត​ព្រោះលួច​​ស្រលាញ់​កូន​គេ​​ហ្មង បាន​រៀន​លែង​ពូកែ!
  ហាហា ក្មេង​តូច​លួច​ស្រលាញ់​កូន​គេ! 😆

 1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Advertisements
%d bloggers like this: