ស្នេហាមួយនេះដល់ទីបញ្ចប់…! (តពីលើកមុន)

១៣ កុម្ភៈ ២០១០

ថ្ងៃនេះ​ ពួកម៉ាកខ្ញុំម្នាក់បាន ខលមកលេង។ ខ្ញុំក៏ជ្រុលមាត់ប្រាប់វាថា ខ្ញុំទៅប៉ៃលិន មិនដឹងថា វានឹងយកទៅប្រាប់គេ ឬអត់ទេ។ និយាយចឹងភ្លេចប្រាប់ឈ្មោះ គេឈ្មោះ ភារក្ស (សុំទោសបើប៉ះពាល់ដល់អ្នកដទៃ ព្រោះគេឈ្មោះចឹងមែន)។​ ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយ នៅថ្ងៃដែលពួកម៉ាកខ្ញុំ ខលមក ភារក្សក៏នៅជិតនោះដែរ គេបានសុំនិយាយជាមួយខ្ញុំ

« អាឡូ! កាន គឺឯងមែនទេ? » សម្លេងគេនៅដូចដើមមិនប្រែប្រួល ធ្វើឲ្យខ្ញុំនឹកគេ មិនបានទេ មិនបានទេ! ត្រូវតែកាត់ចិត្ត

« មែនហើយគឺខ្ញុំ » ខ្ញុំនិយាយមួយៗ តាមទម្លាប់

« ពិតជាឯងមែន! ខ្ញុំ…ខ្ញុំនឹកឯងខ្លាំងណាស់​ »

« តែខ្ញុំមិនបាននឹកឯងទេ »

« ឯងកុំធ្វើបែបនោះអីបានទេ? ឬមួយឯងនៅមិនយល់ទេ ថាខ្ញុំស្រឡាញ់ឯង? »

« ខ្ញុំយល់បានប្រយោជន៍អី បើម្តាយរបស់ឯងមិនយល់ផងនោះ » ខ្ញុំនិយាយតែប៉ុណ្ណឹង ទឹកភ្នែក ចាប់ផ្តើមហូរចុះបន្តិចម្តងៗ មិនយំទេ ខ្ញុំមិនបានយំទេណាបងប្អូន គឺសម្រាម វាចូលភ្នែកទេ

« ឯងដឹងទេ ជាងមួយឆ្នាំមកនេះ ខ្ញុំតាមរកឯងរាល់ថ្ងៃ ខ្ញុំសុខចិត្តព្យួរការសិក្សាចោល ដើម្បីតាមរកឯង ឯងមិនអាណិតខ្ញុំខ្លះទេអី? ឯងដឹងទេ ពេលដែលខ្ញុំរៀបគេង ខ្ញុំតែងនឹកឃើញឯងរាល់យប់ នឹកដល់ពេលដែលយើងនៅជាមួយគ្នា ឯងតែងថើបខ្ញុំមុនពេលគេង ហើយគេងនៅក្នុងរង្វង់ដៃខ្ញុំ…ឯងដឹងទេថា ខ្ញុំឈឺចាប់! នឹកឯង បារម្ភពីឯង! តែឯងបែរជាគេចមុខពីខ្ញុំ…»

« ឯងគិតថា មានតែឯងម្នាក់ទេឬដែលចេះឈឺចាប់? ចុះខ្ញុំ? ឯងមានគិតដល់ខ្ញុំទេ? បើមិនឲ្យខ្ញុំគេចពីឯង ខ្ញុំមានវិធីផ្សេងទេ? ឬមួយក៏ឯងចង់ឲ្យខ្ញុំនៅឲ្យម្តាយឯងមើលងាយទៀត? ​»

« មិនមែនចឹងទេ! ខ្ញុំមិនដឹងថា តើម្តាយខ្ញុំបាននិយាយអីជាមួយឯងនោះទេ រហូតទាល់តែ តារា (ពួកម៉ាកខ្ញុំ) បានឃើញអត្ថបទរបស់ឯង ទើបខ្ញុំដឹង។ ខ្ញុំខឹងអ្នកម៉ាក់ណាស់ ហើយខ្ញុំក៏រត់ចេញពីផ្ទះ តាំងពីពេលនោះមក » ដូចគេជះទឹកចំកណ្តាលមុខខ្ញុំ គេរត់ចេញពីផ្ទះ???

« ឯងមិនគួរធ្វើបែបនោះទេ! ថ្វីត្បិតតែខ្ញុំស្រឡាញ់ឯង ចង់នៅជាមួយឯង តែខ្ញុំមិនចង់ឲ្យឯងបាត់បង់អនាគត មិនចង់ឲ្យឯងក្លាយជាកូនអកតញ្ញូនោះទេ ឯងគួរតែយល់។ បើឯងពិតជាស្រឡាញ់ខ្ញុំមែន ត្រូវទៅផ្ទះវិញ »

« ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងបាន ដើម្បីឯង តែខ្ញុំចង់ជួបឯងបន្តិច បានទេ? » ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ ចិត្តមួយនឹកចង់ជួបគេ ចិត្តមួយទៀតមិនចង់ជួប

« ថ្ងៃអាទិត្យនេះ (ចំថ្ងៃ១៤ កុម្ភៈ) ខ្ញុំនឹងទៅប៉ៃលិន »

« ចឹងចាំខ្ញុំទៅជួបឯង នៅទីនោះ! ខ្ញុំអង្វរណា កាន! កុំគេចពីខ្ញុំទៀតអី ខ្ញុំពិតជានឹកឯងខ្លាំងណាស់! តើយើងនឹងជួបគ្នានៅទីណា? ម៉ោងប៉ុន្មាន? »

« បើខ្ញុំ និង​ ឯងពិតជាគូនឹងគ្នា គង់តែជួបគ្នាទេ ដូចពាក្យគេថា គូព្រេងមិនព្រាត់ បើសិនព្រាត់ហើយ ទោះឯងយកគូសាំងមក ក៏មិនជួបដែរ។ បើយើងទាំងពីរពិតជាគូនឹងគ្នា មិនថាខ្ញុំនៅទីណា ឯងនឹងបានជួបខ្ញុំ។ បានហើយ!​ ខ្ញុំអស់អីនិយាយហើយ! ផ្តាំលា តារា ផង។ បាយ​ បាយ! » ខ្ញុំបិទទូរស័ព្ទ មិនចង់និយាយអ្វីទេ……

១៤ កុម្ភៈ ២០១០

ថ្ងៃនេះ ខ្ញុំ យាយខ្ញុំ និង អ៊ំខ្ញុំ ព្រមទាំងមិត្តភក្តិអ៊ំ ខ្ញុំមួយចំនួនទៀត ត្រូវធ្វើដំណើរទៅកំសាន្ត នៅប៉ៃលិន តាមគម្រោង។ ពួកយើងគិតថា ចេញដំណើរម៉ោង ៥ ព្រឹក តែ ខ្ញុំក្រោកម៉ោង ៥ៈ១៥ នាទី ^_^ ទម្រាំតែចាំជុំគ្នា ម៉ោង ជិត៧ ទើបយើងចេញដំណើរទៅ។ នៅតាមផ្លូវពួកយើងជជែកគ្នាយ៉ាងសប្បាយរីករាយ តែខ្ញុំញាក់ភ្នែកយ៉ាងចម្លែក។ ពួកយើងបានចូលបរិភោគអាហារពេលព្រឹក នៅភោជនីយដ្ឋាន «ដើមប្ញស្សី» ដែលនៅត្រង់ផ្លូវបំបែក ក្បាលខ្មោច។ នៅតាមផ្លូវ ខ្ញុំបានឃើញមនុស្សម្នាក់ មុខប្រហែល ប្រហែលនឹង ភារក្ស តែខ្ញុំមើលពុំច្បាស់ ព្រោះ មិនបានពាក់វែនតា (ខ្ញុំម៉្ញូប) ទម្រាំតែខ្ញុំយកវ៉ែនតាមកពាក់បាន ឡានខ្ញុំបានហួសឡាននោះទៅហើយ។ ប្រហែលជាម៉ោង ១០ៈ៣០ ទើបយើងទៅដល់ប៉ៃលិន ព្រោះផ្លូវរលាក់ (មិនមែនផ្លូវរលាក់ទេ គឺ រលាក់ឡាន :D)។ កន្លែងដែលយើងទស្សនាមុនគេ គឺភ្នំយ៉ាត។ ខ្ញុំរត់ឡើងទៅមុនគេ ^_^ ពេលជិតដល់ ចេតិយមួយ (ខ្ញុំមិនដឹងជាចេតិយអ្នកណាទេ ប្រហែលជាចេតិយ ចៅចិត្រ) ខ្ញុំមានអារម្មណ៍ថា ហត់យ៉ាងខ្លាំង ដង្ហើមចាប់ផ្តើមដកមិនដល់គ្នា ហើយពិភពលោកទាំងមូលដូចជាវិលៗ យ៉ាងម៉េចមិនដឹងទេ ជើងរបស់ខ្ញុំក៏កាន់តែទន់ទៅៗ អ្វីគ្រប់យ៉ាងចាប់ផ្តើមងងឹត…ខ្ញុំមានអារម្មណ៍ថា មានដៃមួយគូត្រកងខ្លួនខ្ញុំកុំឲ្យដួល

« កាន! កាន! ឯងមិនអីទេអ្ហេស? » ខ្ញុំស្តាប់បានតែប៉ុណ្ណឹង ខ្ញុំក៏លែងដឹងអ្វីទាំងអស់

ខ្ញុំសន្សឹមៗបើកភ្នែកឡើង

« ឯងដឹងខ្លួនហើយហ៎ កាន? » ភារក្ស?!?! ពិតជាគេមែន គេត្រកងខ្ញុំ លាបប្រេងខ្យល់ឲ្យខ្ញុំ

« ខ្ញុំមិនមែនយល់សប្តិទេមែនទេ? » ខ្ញុំស្រវាគេមកឱបយ៉ាងណែន

« មែនហើយ! ឯងមិនមែនយល់សប្តិទេ » ខ្ញុំស្រាប់តែនឹកឃើញថាទីនេះមានមនុស្ស ខ្ញុំរលាដៃវិញ

« ដូចឯងនិយាយមែន! គូព្រេង មិនព្រាត់ » គេញញឹមដាក់ខ្ញុំយ៉ាងកក់ក្តៅ គេស្គមច្រើនណាស់

« ឯងស្គមច្រើនណាស់ » ខ្ញុំអង្អែលមុខគេថ្មមៗ គេចាប់ដៃខ្ញុំហើយនិយាយ

« ឯងនឹងហើយដែលធ្វើឲ្យខ្ញុំស្គម » គេទាញក្បាលខ្ញុំឲ្យកើយស្មាគេ

« ឯងដឹងទេ? តាំងពីពេលដែលឯងចេញពីខ្ញុំទៅ ជីវិតរបស់ខ្ញុំហេងហាងណាស់ ដូចជាទូកកណ្តាលទន្លេ គ្មានកោះត្រើយ។ ខ្ញុំស្ទើរតែក្លាយទៅជាមនុស្សឆ្កួត។ ខ្ញុំចាប់ផ្តើមចេះផឹកស្រា តែ តារា បានប្រាប់ខ្ញុំថា ឯងមិនចូលចិត្តមនុស្សស្រវឹងស្រានោះទេ ខ្ញុំក៏សម្រេចចិត្តឈប់ផឹកដើម្បីឯង។ បន្ទាប់មក តារា បានលួចប្រាប់ខ្ញុំថា ឯងនៅបន្ទាយមានជ័យ…»

« ហើយឯងក៏ឈប់រៀប មកតាមរកខ្ញុំ មែនទេ? »

« ឆ្លាតមែនសង្សារខ្ញុំ! ខ្ញុំស្រឡាញ់ឯងមិនខុសទេ » គេផ្ងើយខ្ញុំឡើង ហើយថើបខ្ញុំ១ខ្សើត

« ឆ្កួត!​ មិនចេះខ្មាសគេ » ខ្ញុំអៀនមុខក្រហមដូចប៉េងប៉ោះ

« មានអ្នកណាឃើញ? ធ្វើមើលតែមិនធ្លាប់ » ខ្ញុំក្នាញ់គេពេក បូតច្រមុះគេលេង

« ហឺ​ុម! » ខ្ញុំដកដង្ហើមមួយយ៉ាងវែង

« មានរឿងអីហ្អេ? » ខ្ញុំក្រោកចេញពីរង្វង់ដៃគេ ហើយឈរសម្លឹងមើលទៅក្រោម

« បើសិនជាខ្ញុំអាចឃាត់ពេលវេលាបាន ខ្ញុំនឹងឃាត់ទុក មិនឲ្យពេលនេះកន្លងទៅទេ »

គេក្រោកដែរ ហើយឱបខ្ញុំពីក្រោយ ដោយទីនេះស្ងាត់ និង គ្មានមនុស្ស ខ្ញុំក៏បណ្តោយគេ

« តែខ្ញុំមិនអាចធ្វើបាន…»

« ពេលនេះយើងជួបគ្នា យើងកុំនិយាយពីរឿងមិនសប្បាយចិត្តអី »

ឃើញមេឃស្រទុំ បងថាចាញ់សម្រស់អូន ឃើញភ័ក្ត្រស្រពោន បងលួងដោយទិញ kitty

សម្លេងទូរស័ព្ទខ្ញុំរោទិ៍

« អាឡូយាយ? »

« ណែចុះមក គេទៅហើយណា »

« បាទ! ខ្ញុំទៅហើយ »

« យាយឲ្យខ្ញុំទៅវិញហើយ »

« ខ្ញុំមិនចង់ឲ្យឯងទៅទេ »គេឱបខ្ញុំកាន់តែណែន

« មិនបាច់តាមខ្ញុំទៅទេណា បើសិនជាឯងចង់ជួបខ្ញុំទៀត » ខ្ញុំឃើញគេចង់ប្រកែក តែមិនហ៊ាន ព្រោះមនុស្សខ្ញុំ មាត់ណា មាត់ហ្នឹង! ហ៊ានថា ហ៊ានធ្វើ

ខ្ញុំជំទើតជើង ថើបមាត់គេយ៉ាងយូរ (ព្រោះគេខ្ពស់ជាងខ្ញុំ)។ ហើយក៏ដើរចេញទៅ………..

« ឲ្យលេខទូរស័ព្ទឯងមកខ្ញុំបានទេ? » គេសួរ

« ០៧៧ ៣៣០ xxx តែកុំខលមកញឹកញាប់ពេក ប្រយ័ត្នទាក់ទងលែងបាន! លាហើយ! » ខ្ញុំបាយ​បាយ ដាក់គេហើយគេដើរចេញទៅ ខ្ញុំឈរមើលគេដើរទៅឡាន ហើយបើកចេញទៅ េហូតផុតកន្ទុយភ្នែក

មួយជំហានៗ ដូចជាធ្ងន់ណាស់! បានជួបមនុស្សដែលខ្លួនស្រឡាញ់ស្មើជីវិត តែនៅជាមួយគ្នា មិនដល់ ២ ម៉ោងផង…ជំហាននីមួយៗប្រកបដោយក្តីឈឺចាប់…

ចុះទៅដល់ក្រោម ជួបចិន ពីរបីអ្នកកំពុងនិយាយជាមួយយាយខ្ញុំ (យាយខ្ញុំជនជាតិចិនដែរ) ពេលគាត់ឃើញមុខខ្ញុំស្លេកៗ គាត់ស្ទុះមកមើលខ្ញុំ ព្រមទាំងណែនាំខ្ញុំឲ្យពួកគេស្គាល់។ ខ្ញុំបានត្រឹមតែញញឹមដាក់គេ ថ្វីត្បិតតែខ្ញុំចេះនិយាយ តែខ្ញុំមិនចង់និយាយ មិនចង់និយាយជាមួយអ្នកណាទាំងអស់…

យើងបានបន្តដំណើរទៅដល់ភ្នំខៀវ…ភ្នំខៀវ…ខ្ញុំធ្លាប់បានមកទីនេះជាមួយ ភារក្ស។ ពួកយើងបានមកទីនេះជាមួយគ្នា បីដង ហើយ។ ខ្ញុំចូលចិត្តចុះតាមថ្មទៅក្រោម ព្រោះស្ងាត់ និង គ្មានមនុស្ស។ ថ្ងៃនេះក៏ចឹងដែរ បន្ទាប់ពីញាំ​ុបាយរួច ក្មេងៗនាំគ្នាចុះងូតទឹកអស់

« wo qu kan ta men le  (ភាសាចិន តែកុំព្យូទ័រខ្ញុំអត់មាន font ចិន) » ខ្ញុំប្រាប់យាយខ្ញុំ ហើយក៏ចុះទៅក្រោមតម្រង់ទៅកន្លែងចាស់ គ្មានបានទៅមើលអ្នកណាទេ។ ដល់ហើយ! ទីនេះគ្មានគេទេ ខ្ញុំខកចិត្តណាស់! ហេតុអីក៏ខ្ញុំខកចិត្ត ខ្ញុំទេតើជាអ្នកដេញគេទៅ។ ខ្ញុំទម្រេតខ្លួនលើថ្មធំមួយ ជាកន្លែងដែលខ្ញុំ និង រក្សធ្លាប់គេងលេង និង ងូតទឹកជាមួយគ្នា។ ពេលនេះគ្មានគេទេ……..

ទីត!! ទីត!ៗ! សម្លេង message

« បងមិនដឹងថាអូនកំពុងនៅទីណាទេ តែបងដឹងថា បងស្រឡាញ់អូន! តាំងពីថ្ងៃមុន ថ្ងៃនេះ និង ថ្ងៃក្រោយ…បងនៅតែស្រឡាញ់អូនជារៀងរហូត ម្ចាស់ជីវិតបង! »

ស្នាមញញឹមមួយលេចឡើងលើផ្ទៃមុខរបស់ខ្ញុំ….ខ្ញុំទម្រេតខ្លួនរហូតលង់លក់ទៅ…….

Advertisements
  1. ហេហេ អាលេខ ៩៧៧ ៣៣០ ៣XX ហ្នឹង ខ្ញុំ​មាន​តើ! ភារក្ស ក៏​ខ្ញុំ​ស្គាល់​ដែរ តែ​គេ​មិន​ដឹង​ថា ខ្ញុំ​ស្គាល់​កាន​ឯង ហើយ​… ខ្ជិល​និយាយ​ច្រើន! ក្មេង​តូច​ប៉ុណ្ណឹង​សោះ​មាន​ស្នេហា​ផ្អែម​ល្ហែម​ដល់​ហើយ! ប្រញាប់​មក​ភ្នំពេញ​មក ចាំ​ខ្ញុំ​ប៉ាវ​ការ៉េម ព្រោះខ្ញុំ​ភ្នាល់​ចាញ់​ហើយ!

  2. កុំភ្លេចណាពូ! អាទិត្យក្រោយនេះហើយ ^_^

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: