ជម្លោះនៃម្រាមដៃ

សួស្តី! ថ្ងៃនេះសូមលើកយកនូវកំណាព្យមួយទៀត ភ្លេចទៅហើយថា យកមកពីណា តែសូមបញ្ជាក់ថា មិនមែនស្នាដៃខ្ញុំទេ គឺខ្ញុំ លួច គេមកដាក់ទេ….នេះជាការសន្ទនារបស់ម្រាមដៃទាំង៥….

ម្រាមដៃសន្ទនាទារគុណសម្បត្តិ                           មុតមាំមធ្យ័តអារកាត់រៀងខ្លួន

មេដៃ ថាខ្ញុំអស្ចារ្យមាំមួន                                         ឯងម្រាមទាំងបួនមិនធួនស្មើឡើយ ។

ព្រោះខ្ញុំមេធំពុំមានអ្វីព្រួយ                                      បើបានលេខមួយគឺខ្ញុំនេះហើយ

ធ្វើជាសញ្ញាជំនួសចម្លើយ                                       មេដៃខ្ញុំហើយអំណាចជាងគេ ។

ម្រាមចង្អុល នឹកខ្វល់ចិន្តា                                    ទើបតបវិញថាឯងគ្រាន់តែមេ

អ្នកដែលពូកែខ្ញុំឯណេះទេ                                      ចង់បញ្ជាគេចង្អុលតាមចិត្ត ។

ម្រាមកណ្តាលក៏ឈឺឆ្អាលដែរ                             ថាឯងពូកែតែនៅតូចល្អិត

ខ្ញុំខ្ពស់មាឌធំមើលឃើញជុំជិត                               មិនពិបាកគិតដូចអ្នកតូចទាប ។

រីឯនាងដៃនិស្ស័យស្នេហា                                       ទន់ភ្លន់សង្ហារស្លូតបូតសុភាព

មិនព្រួយរងកម្មចាំទទួលលាភ                               មាសពេជ្រតម្រៀបត្រៀមទុកឲ្យស្រេច ។

កែងកងផងច្នៃតម្លៃយ៉ាងណា                                 គ្រឿងអលង្ការរចនាគ្រប់ក្បាច់

គេតែងលម្អបំពាក់រំលេច                                          ចាំបាច់ត្រូវពាក់ឲ្យនាងដៃមុន ។

កូនដៃនៅខ្ចីខំស្តីតវ៉ា                                                  ថាខ្ញុំនេះណាជាអ្នកមានបុណ្យ

ក្រចកមុតស្រួចរាងតូចស្រទន់                                មិនធ្វើអ្វីធ្ងន់ព្រោះខ្ញុំកូនពៅ ។

មើលចុះម្រាមដៃកែខៃគំនិត                                    ខំបញ្ចេញឬទ្ធិមិនគិតរាក់ជ្រៅ

បើបង់អាសារម្រាមណាមួយទៅ                            ប្រអប់ដៃនៅខ្វះលក្ខណៈហើយ ។

ចង់កាន់ចង់ទ្រយកអ្វីមិនស្រួល                              រអាក់រអួលដួលមុខដួលក្រោយ

បើម្រាមទាំងប្រាំប្រេះស្រាំគ្នាហើយ                       នោះដៃនឹងខ្សោយៗលែងសូវខ្លាំង ។

បើម្រាមទាំងអស់ស្រុះស្រួលគ្នាវិញ                      ​ រួបរួមបំពេញជួយជាកម្លាំង

ពុះពារប្រយុទ្ធមិនស្លុតតតាំង                                   នោះច្បាស់នឹងខ្លាំងៗគ្រប់កិច្ចការ ។

ន័យធៀប

តែបើនឹងគិតគំនិតប្រៀបធៀប                                ប្រអប់ដៃប្រៀបដូចជាតិសាសនា

ឯម្រាមទាំងប្រាំដូចកុលធិតា                                   ដោះស្រាយបញ្ហារដ្ឋាបុរី ។

មេដៃប្រៀបដូចជាអ្នកដឹកនាំ                                   ពុះពារមុតមាំជូនជាតិប្រុសស្រី

ឲ្យរាស្រ្តបានរស់មានសិទ្ធិសេរី                                ចាកផុតទុក្ខភ័យពីក្តីអន្តរាយ ។

រីចង្អុលដៃបីដូចសាសនា                                          ជួយជាប្រាជ្ញាផ្លូវចិត្តផ្លូវកាយ

ឲ្យស្គាល់បាបបុណ្យទោសគុណទាំងឡាយ         ប្រជាសុខកាយសប្បាយផ្លូវធម៌ ។

ម្រាមកណ្តាលតំណាងអ្នកចេះ                            ពេញដោយតម្រេះត្រិះរិះបានល្អ

អាចជួយដោះទុក្ខអ្នកស្រុកក្រីក្រ                            រស់ទាំងត្រដរព្រោះអវិជ្ជា ។

នាងដៃ កូនដៃដូចប្រជាជន                                      វណ្ណៈអធនចិត្តធ្ងន់គ្រប់គ្រា

កម្មករកសិករមានក្ររួមគ្នា                                       បំពេញការងារតាមមុខនាទី ។

ដូច្នេះម្រាមដៃបីដូចជនជាតិ                                    មិនគួរវិវាទឲ្យឃ្លាតសាមគ្គី

គ្រប់ជាន់គ្រប់ថ្នាក់គួរស្ម័គ្រពលី                              កុំបែកជាពីរវេញជាធ្លុងមួយ ។

Advertisements
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: