ទៅ BBQ Chicken..
ព្រះសូរិយារៀបនឹងអស្តង្គត ឯព្រះចន្ទក៏រៀបនឹងរះឡើង តែ…ភ្លៀងហើយ…ធ្វើឲ្យខ្ញុំនឹកឃើញពាក្យស្លោក «ក្រោយភ្លៀង ស្ទះលូ» សំណាងល្អដែរ ពេលនោះខ្ញុំកំពុងនៅក្នុងផ្សារទំនើប សូរិយា ក្នុងគោលដៅឆ្ពោះទៅរក BBQ Chicken
ចូលដល់ក្នុងភ្លាម ជួបប្រុសស្អាតភ្លែត ដែលធ្វើការក្នុងហ្នឹង ជាអ្នកទទួលភ្ញៀវ? (មិនដឹងគេហៅអីទេ) U.U
ខ្ញុំដើរមើលរកកន្លែងអង្គុយ ដែលនៅជិតកញ្ចក់ ព្រោះនឹងបានមើលទេសភាពខាងក្រៅដែលកំពុងធ្លាក់ភ្លៀង តែមិនអាច ព្រោះតុជាប់កញ្ចក់សុទ្ធតែមានកៅអ៊ីច្រើន ម្យ៉ាងខ្ញុំមកតែម្នាក់ឯងផង…ហិហិហិ
ដើរចុះដើរឡើងក៏ជួបនឹងប្រុសស្អាតម្នាក់នោះ គេសួរខ្ញុំថាមកប៉ុន្មាននាក់? ខ្ញុំប្រាប់ថាមកម្នាក់ឯង តែក្នុងចិត្តចង់ប្រាប់ថា មកម្នាក់ក៏នឹងបានពីរនាក់ជាមួយបងប្រុសស្អាតឯងហ្នឹងណា (ចរិកឃើញប្រុសស្អាតមិនបានចេញមកហើយ) ហុហុហុហុ…បន្ទាប់ពីចូលអង្គុយ បងប្រុសស្អាតសំណប់ចិត្តខ្ញុំ (សំណប់ពីពេលណាក៏មិនដឹង) ដើរមកជិត ហុចមឺនុយ ហើយសួរថា «បងអញ្ចើញពិសាអីដែរ?» ខ្ញុំក៏តបថា «មិនបាច់ហៅបងទេ ហៅអូនៗពីរោះជាង…ហុហុហុ» តែតបក្នុងចិត្តទេ ហាហាហា…ខ្ញុំក៏ហៅម្ហូបតាមការគួរ ក៏មិនភ្លេចលួចមើលឈ្មោះដែលគេខ្ទាស់លើអាវ។ គាត់ឈ្មោះ ស្អី តារាទេ មើលអត់ច្បាស់ (អត់បានពាក់វែនតា) តែក៏ដឹងថាឈ្មោះតារា ព្រោះក្នុងក្រដាស រីសីបឃើញសរសេរឈ្មោះ តារា…ហុហុហុ…គេឈរទល់មុខខ្ញុំ កាន់កូនសៀវភៅតូចមួយចាំកត់អ្វីដែលខ្ញុំនិយាយ។ ចង់និយាយប្រាប់ថា «អូនស្រឡាញ់បង!!» ហាហាហា តែមិនហ៊ាន។ និយាយកុំម្មង់ម្ហូបបណ្តើរ មើលមុខគេបណ្តើរ។ មនុស្សស្អីស្អាតម្ល៉េះ មើលពីក្បាលដល់ចុងជើង មិនឃើញកន្លែងទាស់សោះហើយ ភក្ត្រាញញឹមមានមន្តស្នេហ៍ ល្អអ្វីម្ល៉េះទេគួរបេតី ចង់បានរូបបងថ្នាក់ថ្នមបី បំពេរហរទ័យថ្លៃម្ចាស់ស្នេហ៍…ហុហុ។ បន្ទាប់ពីកុំម្មង់រួចហើយ គេក៏ដើរចេញទៅ ចំណែកខ្ញុំមិនភ្លេចសោះក្នុងការញញឹម (ញញឹមឡើងស្ងួតជើងធ្មេញ)
មុខស្រស់ ចិញ្ចើមក្រាស់ល្មម បបូរមាត់មិនស្តើងមិនក្រាស់ ទម្រង់មុខក៏គួរឲ្យស្រឡាញ់ ផ្ទៃមុខសង្ហារបែបសុភាព…បើដឹងថាមានសង្សារណា៎ នឹងចាប់សង្សារនោះទៅសម្លាប់ចោល ហើយនឹងយក បងតារា មកឲ្យបាន…ហុហុហុ
ក្នុងកំឡុងពេលអង្គុយចាំសាច់មាន់ ខ្ញុំបានសម្លឹងមើលគេបណ្តើរ។ ដំបូងឆ្ងល់ ហេតុអីក៏គេឈរត្រង់ហ្នឹងមិនទៅណា ឬទុកភក្ត្រាឲ្យខ្ញុំមើល? មួយសន្ទុះក៏យល់ ប្រហែលជាគេមានប្លុក ការងាររបស់គេទេដឹង? តែខ្ជិលឆ្ងល់ច្រើន បានគេឈរឲ្យមើលហើយ សប្បាយចិត្តណាស់ ប្រុសស្អាត…ហុហុ
ញ៉ាំសាច់មាន់បណ្តើរ គយគន់មុខបងតារា ប្រុសស្នេហ៍កំពូលដួងចិត្ត (អូហូ!! ម្ចាស់គេមិនទាន់យល់ព្រមទេវើយ)។ មាន់ក៏ឆ្ងាញ់ ឯមនុស្សចំពោះមុខក៏សង្ហារ…
ពេលញ៉ាំរួចហើយ ដើរចេញទៅចង់ធ្វើជាខ្យល់គ ក្រែងបានគេជួយធ្វើចលនាដង្ហើម (និយាយឲ្យចំ គឺផ្លុំខ្យល់តាមមាត់ ឬ ថើបនោះឯង) ហុហុហុ…តែខ្លាចខ្មាសគេ ផ្អើលគេចុះកាសែតទំព័រមុខដាក់ចំណងជើងធំៗថា «ក្មេងតូច អ្នកនិពន្ធកំពូលអន់ ចាញ់សម្រស់ប្រុសសង្ហារ រហូតសន្លប់នៅនឹងកន្លែង» ឬក៏ «ក្មេងតូច អ្នកសរសេរអត់បានការ ធ្វើជាសន្លប់ទាក់ទាញប្រុសស្អាត» បើចឹងមែន ខ្មាសគេងាប់ហើយ (តែញុមមិនមែនអ្នកល្បីផង គេម៉េចចុះកាសែតទៅ)…ហាហាហាហា
និយាយទៅនិយាយមក ស្រមៃខ្លួនឯងទាំងអស់។ ស្តាយដែរ ពេលចេញមកភ្លេចសុំលេខទូរសព្ទ កុំអីនឹងតេរទៅញ៉ែ ២៤ម៉ោងម៉ង…តែមិនអីទេ ចាំថ្ងៃក្រោយទៅម្តងទៀត ហើយក៏នឹងមិនឲ្យឱកាសល្អរំលងផុតដែរ ត្រូវតែចាប់បងតារាសំណប់ចិត្ត មកធ្វើជាសង្សារឲ្យបាន «ល្បិចដាក់ថ្នាំសន្លប់ យកទៅផ្ទះ»…
ក្មេងតូច
១៦ កក្កដា ២០១១
ទិកន្លែងពិតតែតួដូចជាប្រឌិត! តែល្អមើលតើ!
តួក៏ពិតដែរ…
ប្រហែលជាខ្ទើយហើយ!!! បើជាស្រីវិញ គឺជាមនុស្សចិត្តរាយមាយ ឃើញគេមិនបាន!!!
ស្អប់ពាក្យថា «ខ្ទើយ» បំផុត
ឯងឡប់សតិមែនទែ!
ត្រូវ! ខ្ញុំឡប់..អរគុណ!